មូលហេតុ​៤​យ៉ាង​ធ្វើ​អោយ​អ្នក​បាក់​​ទឹក​ចិត្ត​លែង​​ចង់​ធ្វើ​ការ​



ចំនួនប្រជាជនអាមេរិកដែលស្រលាញ់ការងាររបស់ខ្លួនគឺមានការថយចុះគួរអោយកត់សម្គាល់។ គេបានរកឃើញថានៅសហរដ្ឋអាមេរិកគឺមានតែ៣០ភាគរយប៉ុណ្ណោះដែលស្រលាញ់នឹងគោរពការងាររបស់ខ្លួននេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយ។  ទាំងនេះគឺជាហេតុផលដែលធ្វើអោយអ្នកបាក់ទឹកចិត្តក្នុងការបន្តធ្វើការងារ៖

១) មានអារម្មណ៍ថាការងារនោះមិនឋិតថេរសម្រាប់អ្នក

នៅពេលដែលអ្នកទៅធ្វើការហើយអ្នកគ្រប់គ្រង ក៏ដូចជាមិត្តរួមការងារមិនសូវជាយកចិត្តទុកដាក់ជាមួយអ្នកនោះ វាធ្វើឲ្យអ្នកនឹងកើតមានអារម្មណ៍មួយថាការងារនេះនឹងមិនអាចឋិតថេរបានយូរអង្វែងឡើយ។ ការខ្វះភាពជិតស្និទ្ធនេះនឹងធ្វើអោយអ្នកមានគម្លាតពីការងារ ហើយរឿងរ៉ាវពាក់ព័ន្ធនឹងក្រុមហ៊ុនក៏អ្នកមិនអាចនឹងដឹងផងដែរ។

២) ការងារនោះមិនអាចសម្រេចអ្វីដែលអ្នកចង់បាន

ជាការពិតណាស់ វាអាចបង្ហាញថាមនុស្សម្នាក់ៗធ្វើកិច្ចការងារ គឺមិនមែនចង់បានតែលុយនោះទេ។ នៅពេលពួកគេដឹងថាការងារនោះហាក់ដូចជាមិនផ្ដល់អ្វីសោះសម្រាប់អនាគតរបស់ពួកគេនោះ ទឹកចិត្តដែលមានក៏វាអាចបាត់បង់ទៅតាមនោះដែរ។

៣) អ្នកគ្រប់គ្រងហាក់ដូចជាគ្មានទិសដៅច្បាស់លាស់

នៅពេលអ្នកធ្វើការនៅក្រុមហ៊ុនណាមួយច្បាស់ណាស់ថាអ្នកគឺពិតជាចង់រៀននិងចង់ដើរតាមថ្នាក់ដឹកនាំរបស់អ្នកដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីពួកគាត់។ តែនៅពេលដែលអ្នកដឹងថាមនុស្សដែលអ្នកចង់ដើរតាមនោះគឺគ្មានទិសដៅច្បាស់លាស់និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអ្នកនោះ អ្នកនឹងបាត់បង់ការទុកចិត្តរបស់អ្នក។ អ្នកនឹងគិតថាការងារដែលអ្នកកំពុងធ្វើរាល់ថ្ងៃនេះគឺជាការងារដែលគ្មានប្រយោជន៍ហើយវាមិនសាកសមអោយអ្នកបន្តធ្វើវាទៀតទេ។

៤) មិត្តរួមការងារមិនពេញចិត្តអ្នក

ពេលខ្លះការបន្តនៅ និងការចាកចេញពីការងារ របស់អ្នកក៏អាស្រ័យទៅលើមិត្តរួមការងាររបស់អ្នកដែរ។ បើពួកគេល្អ អ្នកក៏មិនអាចដាច់ចិត្តទៅណាចោលពួកគេដែរ។ តែបើពួកគេមិនពេញចិត្តអ្នកហើយទោះចាំបាច់ឬមិនចាំបាច់ការចាកចេញក៏នូវតែជាជម្រើសល្អ៕  

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ addicted2success

X
5s