យុទ្ធសាស្ត្រ៦យ៉ាង ដើម្បីក្លាយជាបុគ្គលិកឆ្នើម និង ឆាប់ឡើងបុណ្យសក្តិ
ក្រុមហ៊ុនមួយអាចទទួលជោគជ័យបាន គឺអាស្រ័យលើការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដែលជាចំណុចខ្វះបាន ព្រោះបើទោះបីជាមានយុទ្ធសាស្ត្រល្អប៉ុណ្ណាក៏ដោយ តែបើខ្វះមនុស្សធ្វើក៏ទៅមិនរួចដែរ។ ដូច្នេះហើយការខិតខំប្រឹងប្រែងរបស់បុគ្គលិក គឺពិតជាដើរតួយ៉ាងសំខាន់។ ក្នុងស្ថានភាពនេះ ប្រសិនបើ បុគ្គលិកណាដែលខិតខំប្រឹងប្រែង និង ធ្វើការខ្លាំង នោះពួកគេនឹងទទួលបានផលតបស្នងមកវិញផងដែរ តាមរយៈការសរសើរពីថ្នាក់លើ ការឡើងឋានៈ និង ប្រាក់ខែជាដើម។ ដូច្នេះ ដើម្បីក្លាយជាបុគ្គលិកឆ្នើម គួរតែធ្វើរឿងទាំងប៉ុន្មានយ៉ាងខ្លាំងក្រោមនេះ៖
១) ភាពរួសរាយរាក់ទាក់៖ ភាពរួសរាយគឺជាចំណុចសំខាន់មួយ ក្នុងពេលធ្វើការងារជាក្រុម ព្រោះវាជាចំណុចចាប់ផ្តើមនៃការសហការគ្នាយ៉ាងល្អ។ គ្មាននរណាម្នាក់ចង់ ធ្វើការជាមួយនឹងមនុស្សដែលមុខក្រញូវនោះទេ ដូច្នេះគួរបង្កើតស្នាមញញឹមឲ្យបានច្រើន ដើម្បីសាងទំនាក់ទំនងល្អក្នុងក្រុមហ៊ុន ព្រោះថា បើអ្នកអាចធ្វើបាន នោះអ្នកនៅជុំវិញខ្លួន ប្រាកដជាពេញចិត្តមិនខាន។
២) គោរពពេលវេលា៖ ពេលវេលាគឺមានតម្លៃបំផុត សម្រាប់មនុស្សគ្រប់គ្នា ហើយក្រុមហ៊ុននីមួយៗក៏ត្រូវការមនុស្សដែលមកធ្វើការទៀងពេលដែរ។ ត្រូវព្យាយាមកាត់បន្ថយភាពយឺតយ៉ាវ ឬ កុំឲ្យមានតែម្តងកាន់តែប្រសើរ ដើម្បីបង្ហាញប្រាប់ថ្នាក់លើ និងបុគ្គលិកផ្សេងទៀតថា អ្នកគឺជាមនុស្សម្នាក់ដែលផ្តល់តម្លៃលើពេលវេលា។
៣) ជួយអ្នកដទៃ៖ វាជារឿងជៀសមិនផុត ក្នុងការជួយគ្នាទៅវិញទៅមក ព្រោះគ្មាននរណាម្នាក់អាចធ្វើ អ្វីៗគ្រប់យ៉ាងតែម្នាក់ឯងនោះឡើយ។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមជួយអ្នកដទៃឲ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះវាជាទម្លាប់ល្អមួយនៅក្នុងសង្គម។ នៅពេលអ្នកតែងតែជួយ បុគ្គលិកផ្សេងទៀតបែបនោះ អ្នកនឹងក្លាយជាមនុស្សសំខាន់ម្នាក់ដែលពួកគេមិនអាចមើលរំលងបាន។
៤) ផ្តល់តម្លៃទៅមនុស្សជុំវិញខ្លួន៖ ជាធម្មតា នៅកន្លែងធ្វើការគឺតែងតែមាន អ្នកដែលពូកែ និង មិនសូវពូកែជារឿងធម្មតា។ បើទោះបីជា អ្នកដឹងខ្លួនច្បាស់ថា ពូកែជាងពួកគេជាងគេក្តី សូមកុំគិតថា ខ្លួនមានតម្លៃអស្ចារ្យ ហើយមិនសូវផ្តល់តម្លៃ និង ការគោរពដល់អ្នកផ្សេងទៀត។ កាលណាអ្នកព្យាយាមលើកខ្លួនឯងខ្ពស់ហួសហេតុពេក នឹងបង្កភាពរកាំរកូសជាមួយអ្នកផ្សេងមិនខាន។ ដូច្នេះហើយ គួរដាក់ខ្លួនឲ្យទាម និង ផ្តល់តម្លៃ ក៏ដូចជាការគោរពទៅកាន់អ្នកដទៃ ដើម្បីអាចធ្វើការរួមគ្នាបានយ៉ាងល្អ។
៥) មានទំនួលខុសត្រូវខ្ពស់លើការងារ៖ ទំនួលខុសត្រូវ គឺជាចំណុចសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ មិនថា ធ្វើការងារតូច ឬ ធំនោះទេ បើគ្មានទំនួលខុសត្រូវ នោះវានឹងនាំឲ្យការងារដែលកំពុងធ្វើមិនងាយនឹងសម្រេចទៅបានឡើយ។ ការទទួលខុសត្រូវ គឺមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយបានជា មនុស្សមួយចំនួនទទួលតែ «ត្រូវ» តែមិនព្រមទទួល«ខុស»នោះឡើយ។ ប៉ុន្តែ សម្រាប់បុគ្គលិកឆ្នើម គឺត្រូវតែជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់បំផុត ព្រោះវាជាតម្លៃមួយដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះហើយ រាល់ការងារអ្វីក៏ដោយដែលអ្នកធ្វើ គឺត្រូវតែមានទំនួលខុសត្រូវជាដាច់ខាត់ ទោះបីជាខុសក្តី ឬត្រូវក្តី។ ការទទួលខុសត្រូវនេះគឺជាផ្លូវមួយ ដែលនាំឲ្យអ្នកអាចកែប្រែបញ្ហាដែលកើតមានបាន។
៦) ធ្វើការប្រៀបដូចក្រុមហ៊ុននោះជារបស់ខ្លួន៖ មានបុគ្គលិកមួយចំនួន តែងធ្វើការឲ្យតែរួចពីដៃ ឬ ធ្វើឲ្យតែផុតមួយថ្ងៃៗប៉ុណ្ណោះទម្រាំដល់ពេលបើកប្រាក់ខែ។ បុគ្គលិកប្រភេទនេះ មិនងាយនឹងមានការរីកចម្រើននោះឡើយ ព្រោះពួកគេមិនដែលខិតខំធ្វើការឲ្យអស់ពីសមត្ថភាពដែលមាននោះទេ។ ដូច្នេះហើយ អ្នកគួរតែខិតខំធ្វើការឲ្យខ្លាំង និងអស់ពីសមត្ថភាព ពោលគឺធ្វើឲ្យខ្លាំងប្រៀបដូចជា ក្រុមហ៊ុននោះជារបស់អ្នក៕
ដោយ៖ អ៊ុន ភក្តី ប្រភព៖ www.inc.com & www.nevermindthemanager.com