​​អនុវត្ត​មូលដ្ឋាន​គ្រឹះ​ទាំង​៦​​នេះ​ ​ដើម្បី​​ក្លាយ​ជា​មនុស្ស​​​មាន​សិល្បៈ​ក្នុង​ការ​ចរចា​​ដ៏ជោគជ័យ​​



​ការ​ចរចា​ជា ​​ចំណុច​សំខាន់​មួយ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​គ្នា​។ ​​មនុស្ស​ដែល​ពូកែ​ចរចា​ ជា​មនុស្ស​ដែល​ឆាប់​ជោគជ័យ​​ ​​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ការ​អ្វី​មួយ​ពី​នរណា​ម្នាក់​។ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចរចា​​អ្វី​មួយ ​គួរ​មាន​ចំណុច​សំខាន់ៗ​ទាំង​នេះ​៖​

១) ​​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​៖ ​​មុន​ពេល​ចាប់​ផ្ដើម​និយាយ​ ​ឬ​​ចរចា​អ្វី​មួយ​ជា​មួយ​នរណា​ម្នាក់ ​អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​វត្ថុបំណង​របស់​ខ្លួន​ជា​មុន​សិន ​​ព្រោះ​បើ​សូម្បី​តែ​ខ្លួន​ឯង​មិន​ច្បាស់​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ផង ​នោះ​​ធ្វើ​ឲ្យ​ដំណើរ​ការ​ជជែក ​និង ចរចា​នោះ​មិន​អាច​​ទៅ​មុខ​បាន​យ៉ាង​រលូន​នោះ​ទេ​។

២) ​​​ដឹង​ច្បាស់​ពី​អ្វី​ដែល​​ភាគី​ម្ខាង​ទៀត​ចង់​បាន​៖ ​​​នៅ​ពេល​ដឹង​ថា ​ខ្លួន​អ្នក​ត្រូវ​ការ​អ្វី​ហើយ ​​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ​ភាគី​ម្ខាង​ទៀត​គេ​ចង់​បាន​អ្វី​។ ​ការ​ដឹង​ច្បាស់​អំពី​បំណង​របស់​ភាគី​ម្ខាង​ទៀត​នេះ ​នាំ​ឲ្យ​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ចរចា​ និង សម្រុះសម្រួល​គ្នា​ ​និង ​ទាញ​ចូល​ចំណុច​រួម​បាន​យ៉ាង​រហ័ស​។

៣) ​ស្ដាប់​ឲ្យ​បាន​ច្រើន​​ក្នុង​ពេល​និយាយ​៖ ​​ក្នុង​ពេល​និយាយ​ និង ចរចា​ទល់​មុខ​គ្នា​នោះ ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ពេល​ភាគី​ម្ខាង​ទៀត​និយាយ ​ ​​ព្រោះ​ការ​ធ្វើ​បែបនេះ ​វា​ជួយ​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ពី​អ្វី​ដែល​​គេ​ចង់​បាន​ ​​​ហើយ​ម្យ៉ាង​វិញ​ទៀត​វា​ជា​ការ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​សីលធម៌​ និង ចេះ​គោរព​អ្នក​ដទៃ​ផង​ដែរ​។

៤) ​និយាយ​ភាសា​​ខ្លី​​តែ​ខ្លឹម​៖​ ​​​ត្រូវ​ចាំ​ថា ​រាល់​ពេល​សម្ដី​​ដែល​អ្នក​និយាយ ​មិន​គួរ​ប្រើ​ភាសា​ឡេះឡោះ​ច្រើន​ពេក​នោះ​ទេ​ ​ពោល​គឺ​គ្រប់​ពាក្យ​ត្រូវ​តែ​​មាន​ខ្លឹមសារ​ ​ដើម្បី​បង្ហាញ​ថា​ ​អ្នក​ជា​មនុស្ស​ដែល​ម៉ត់ចត់។

៥) ​ត្រូវ​បង្ហាញ​ពី​ភាព​ជឿជាក់​ និង ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖ ​រាល់​សកម្មភាព​ដែល​សម្ដែង​ចេញ​ក្នុង​ពេល​ ចរចា​គ្នា​នោះ ​គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​​រូប​ភាព​ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា ​អ្នក​​មាន​ភាព​ជឿជាក់​ ​និង មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង​។ ​បើ​មិន​ដូច្នោះ​ទេ​ ​នោះ​អ្នក​នឹង​បរាជ័យ​ក្នុង​ការ​ចរចា​មិន​ខាន​។

​៦​) ​មាន​ព័ត៌មាន​​​ឬ ​ទិន្នន័យ​ជុំវិញ​ប្រធាន​បទ​ឲ្យ​បាន​ច្រើន​៖ ​​ដើម្បី​​ឲ្យ​គេ​ពិបាក​ប្រកែក​ជាមួយ​អ្នក ​​គឺ​ទាល់​តែ​ការ​និយាយ​នោះ​អម​ជាមួយ​ដោយ​ឯកសារ​ និង ភស្តុតាង​ច្បាស់​លាស់​។ ដូច្នេះ​ហើយ ​មុន​ពេល​ទៅ​ចរចា​ អ្នក​ត្រូវ​តែ​ចំណាយ​ពេល​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់ ​និង ​ប្រមូល​រាល់​ព័ត៌មាន និង ទិន្នន័យ​ពាក់ព័ន្ធ​ទៅ​ជាមួយ​ ដើម្បី​ជា​សំអាង​៕

ដោយ​៖ ​អ៊ុន​ ​ភក្តី​​​

X
5s