គន្លឹះសំខាន់ៗទាំង៤ សម្រាប់បង្កើនទំនុកចិត្តក្នុងការទំនាក់ទំនងយ៉ាងជោគជ័យក្នុងសង្គម
តើអ្នកជាមនុស្សដែលមានការខ្មាសអៀនច្រើន ស្ងាត់ស្ងៀម ឬមិនសូវពូកែនិយាយមែនទេ? បើសិនជាអ្នកមានបញ្ហាជាមួយរឿងទាំងអស់នេះហើយគិតថាមានការពិបាក ពេលដែលចាប់ផ្ដើមនិយាយជាមួយអ្នកដទៃម្ដងៗ ដោយសារអ្នកខ្លាចអ្វីដែលនិយាយទៅមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ឬមិនកំប្លែងជាដើម ឥឡូវនេះអ្នកមិនបាច់ព្រួយបារម្ភទៀតទេព្រោះថាអ្នកអាចអនុវត្តតាមវិធី៤ខាងក្រោមនេះបាន៖
១) អភិវឌ្ឍខ្លួនឯង៖ អ្នកត្រូវតែចេះអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុនមិនថាការយល់ដឹង ជំនាញ ការស្លៀកពាក់តុបតែងខ្លួននោះទេ ព្រោះថាចំណុចទាំងអស់នេះហើយជាអាវុធជំនួយមុននឹងអ្នកអាចបង្កើនភាពទុកចិត្តនៅពេលនិយាយបាន ហើយធ្វើយ៉ាងណាអ្នកគួរតែធ្វើឲ្យអ្នកដទៃស្គាល់ក៏ដូចជាមើលឃើញពីគុណតម្លៃរបស់អ្នកផងដែរ។
២) កុំធ្វើរឿងតូចឲ្យក្លាយជារឿងធំ៖ តើអ្នកឆាបខឹងឬអន់ចិត្តឬទេនៅពេលដែលអ្នកដទៃបង្អាប់អ្នកឬនិយាយលេង មិនល្អពីអ្នក? ពេលខ្លះមិត្តភ័ក្ដិរបស់អ្នកគ្រាន់តែនិយាយលេង ដើម្បីបង្កើតភាពសប្បាយទាំងអស់គ្នាតែអ្នកហាក់បីដូចគិតថាវាជារឿងធំដុំទៅវិញ។ មិនថាអ្នកណាចង់អ្វីពីអ្នកនោះទេ អ្នកមិនអាចទៅទប់មាត់របស់ពួកគេមិនឲ្យនិយាយនោះទេ។ ផ្ទុយទៅវិញវាសំខាន់ត្រង់ថាតើអ្នកគិតយ៉ាងណាចំពោះវាតែប៉ុណ្ណឹងទេ ហើយបើអ្នកមិនពេញចិត្តអ្វីដែលគេនិយាយមិនល្អពីអ្នក អ្នកគួរតែផ្លាស់ប្ដូរវាចេញទៅល្អជាជាង។
៣) និយាយដោយបើកចិត្តឲ្យទូលាយ៖ អ្នកមិនគួរមានភាពអៀនខ្មាសក្នុងប្រាប់ពីមតិរបស់ខ្លួនឬចំពោះអារម្មណ៍ដែលខ្លួនឯងកំពុងមាននោះទេ។ តែយ៉ាងណាមិញមុននឹងសម្រេចនិយាយអ្វីចេញទៅម្ដងៗអ្នកគួរតែពិនិត្យមើលទៅលើកាលៈទេសៈថាតើវាសាកសមឬមួយក៏យ៉ាងណា។ មនុស្សជាទូទៅចូលចិត្តនៅពេលដែលអ្នកបើកចិត្តទូលាយនិយាយគ្នាហើយព្រមទទួលយកអ្វីដែលកំពុងកើតឡើង ព្រោះថាគ្មាននរណាម្នាក់ចូលចិត្តប៉ាន់ស្មានឬទស្សន៍ទាយអារម្មណ៍ និង គំនិតរបស់អ្នកនោះទេ។
៤) ហ្វឹកហាត់និងអនុវត្ត៖ ការរៀនពីទ្រឹស្ដីជាផ្នែកមួយដ៏សំខាន់ រីឯការអនុវត្តនិងទទួលយកបទពិសោធន៍ថ្មីៗក៏ជារឿងមួយដែលមិនអាចខ្វះបាននោះដែរ។ ព្យាយាមជួបជាមួយមនុស្សថ្មីឲ្យបានច្រើនហើយព្យាយាមពាក់ព័ន្ធជាមួយបរិបទមនុស្សខុសៗគ្នាមិនថាចាស់ឬក្មេងនោះទេ។ វាប្រហែលជាត្រូវប្រើរយៈពេល១ខែ ១ឆ្នាំ ឬរាប់ឆ្នាំក៏ថាបានហើយវាប្រាកដជាមានការពិបាកសម្រាប់អ្នកពេលដំបូងតែអ្នកត្រូវតែអត់ធន់និងព្យាយាម៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org