សម្រាប់​អ្នក​មាន​បញ្ហា​ដំណេក ​គួរ​អនុវត្ត​វិធីសាស្រ្តទាំង១០នេះ​ ​​នឹង​ជួយ​ឲ្យ​ឆាប់​គេង​លក់​​



មនុស្ស​ជា​ច្រើន​តែងតែ​ចង់​គេង​ឲ្យ​បាន​ស្កប់​ស្កល់ ​​​ប៉ុន្តែ​ភាគច្រើន​យើង​ពិបាក​ក្នុងការ​គេង។ មនុស្ស​គ្រប់​រូប​គួរ​តែគេង​ឲ្យ​បាន​ស្កប់​ស្កល់​។ហេតុដូច្នេះ​ហើយ​យើង​បាន​ពាំនាំ​នូវវិធីសាស្រ្ត​ដែល​មាន ប្រយោជន៍​ដែល​អាច​ជួយ​អ្នក​អាច​ទទួល​ដំណេក​គ្រប់គ្រាន់។ ១) ​អាន​សៀវភៅ​មុន​ចូលគេង៖ វិធី​ដ៏​ល្អ​នោះគឺ អ្នក​គ្រាន់​ទម្រេត​ខ្លួន​លើគ្រែ​ហើយ​ចាប់​កាន់​សៀវភៅ​យក​មកអាន​តែប៉ុណ្ណោះ។ ការ​អាន​អាច​ជំនួយ​ដល់​ការគេង​របស់អ្នក ព្រោះវា​ធ្វើឲ្យ​អ្នក​មិន​អាច​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ ហើយ​មួយវិញទៀត​ការអាន​សៀវភៅ​អាច​​ធ្វើ​ឲ្យ​អ្នក​​គេង​លង់លក់​ដោយ​មិនដឹងខ្លួន។ ដូច្នេះលើក​ក្រោយពេល​ដែលអ្នក​ពិបាកគេង អ្នកគ្រាន់​តែចាប់​​កាន់​សៀវភៅ​យក​មក​អាន​តែ​ប៉ុណ្ណោះ។ ២) កំណត់​ពេល​វេលា​ចូល​គេង​មួយ​ឲ្យ​ជាក់លាក់៖ ​អ្នក​គួរតែ​កំណត់ពេលចូល​គេងមួយ​ឲ្យជាក់លាក់​។ ​ការ​កំណត់​ពេល​វេលា​ចូល​គេង​អាច​ជួយ​ឲ្យ​ខួរក្បាល​ចងចាំ​ពេលវេលា​ចូលគេង។ ៣) ​ទទួល​ទាន​អាហារ​​សម្រាប់​សុខភាព​៖ គ្រាន់​តែ​ទទួលទាន​អាហារ​​សម្រាប់​សុខភាព​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គេង​ស្កប់​ស្កល់​បាន​ដែរ។ យោងទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយបាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​ផ្លែឈើ​ បន្លែ​និងគ្រាំធុញ្ញជាតិ​អាច​ជួយ​អ្នក​គេង​បាន​យ៉ាង​ស្រណុក​ស្រួល​ ព្រោះ​វា​ជួយ​បង្កើន​នូវ​កម្រិត​ ​ម៉ាញេសូម​​ ​ប៉ូតាស្យូម​ដែល​រាងកាយ​ត្រូវការ។​ ​​ ៤) រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​ត្រជាក់​ល្មម៖ ប្រសិន​បើ​អ្នក​ចង់​ចូ​លគេង​ឆាប់​ អ្នក​គួរ​តែ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​ត្រជាក់​ល្មម។ ​យោង​ទៅ​តាម​ការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ​មួយ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​សីតុណ្ហភាព​ក្នុង​រាងកាយ​ធា្លក់​ចុះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ងងុយ​គេង​។ ៥) ហាត់​យ៉ូហ្គា​មុន​ពេល​ចូល​គេង៖ ​ការ​ហាត់​យ៉ូហ្គា​មុន​ចូល​អាច​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​សម្រាក​និង​ជួយ​ឲ្យ​អ្នក​ចូល​គេង​ទៅ​តាម​ពេល​កំណត់​។ការ​ហាត់​យ៉ូហ្គា​ជួយ​កាត់​បន្ថយ​ការឈឺ​ចាប់​នៃ​រាងកាយ​ដែល​កើត​មាន​ឡើងនៅ​ពេលយប់។ប្រសិនបើ​អ្នកគេង​មិន​គ្រប់គ្រាន់​ អ្នក​អាច​សាកល្បង​ហាត់​យ៉ូហ្គា​មុន​ចូល​គេង​នោះ​អ្នកនឹង​មានអារម្មណ៍​ថា​គេង​​លក់ស្រួល។ ៦)​ ​ការ​សមាធិ៖ ​ប្រសិនបើ​អ្នក​មាន​ភាពពិបាក​ក្នុង​ការគេង ការសម្មាធិ​អាចធ្វើ​ឲ្យអ្នក​មានអារម្មណ៍​ស្ងប់​និង​ដក​ដង្ហើម​ចេញចូល​បាន​ស្រួល​ដែល​ជួយ​សម្រួល​ដល់ការគេង​របស់អ្នក។ ៧) ​ទទួលទាន​​ទឹកដោះគោ​ក្ដៅ៖ ការផឹក​ទឹកដោះគោក្តៅ​មិន​ត្រឹម​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប៉ុណ្ណោះទេ វា​ថែមទាំង​អាចជួយឲ្យ​អ្នក​ឆាប់គេង​លឿន​ទៀត​ផង។ ​៨) កាត់បន្ថយ​សារធាតុ​កាហ្វេ​អ៊ីន៖ វិធីសាស្រ្ត​ដ៏​ល្អបំផុត​ក្នុងការគេង​លក់ស្រួល​នោះ​គឺ​អ្នក​ត្រូវ​កាត់​​បន្ថយសារធាតុ​កាហេ្វអ៊ីន​ដែល​ភាគច្រើន​មាននៅក្នុង​ទឹកតែ​ កាហ្វេ​ និងសូកូឡា។ យោងទៅតាម​ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​​ការ​មិន​​ទទួល​ទាន​​របស់​ដែល​មាន​ផ្ទុក​សារធាតុ​កាហេ្វ​អ៊ីន​ក្រោយម៉ោង៣ អាចជំនួយ​ដល់​ដំណេក​បាន។ ៩) បិទ​ឧបករណ៍​អេឡិចត្រូនិច៖ អ្នកគួរតែទុកឧបករណ៍​អេឡិចត្រូនិច​ឲ្យនៅ​ឆ្ងាយពី​គ្រែ​គេង​របស់​អ្នក​ នោះអ្នកនឹង​មាន​ពេលគេងច្រើន។ យោងទៅតាម​ការសិក្សា​មួយ​បាន​ឲ្យ​បង្ហាញ​ថា​ពន្លឺ​ពណ៌​​ខៀវ​ដែល​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក​អាច​បង្អាក់​ដល់​ការ​ទទួល​ដំណេក។ដូច្នេះហើយ​មុនពេល​ចូលគេង​អ្នក​គួរ​តែបិទ​កំព្យូទ័រ​ ទូរស័ព្ទ​ដៃ​ប្រហែល​ជាមួយ​ម៉ោង​មុន​ពេល​ចូល​គេង។ ១០) ​ដាក់​វាំងនន​ការពារ​ពន្លឺ​ពី​ខាងក្រៅ៖ ការដាក់​វាំងនន​ការពារ​ពន្លឺ​ពី​ខាងក្រៅអាចទប់ស្កាត់​ពន្លឺ​ជះចូល​មកក្នុង​បន្ទប់​ ដែល​រំខាន​ដល់​ការ​ទទួល​ទាន​ដំណេក​របស់​អ្នក៕ ប្រែសម្រួល៖ កង លីដា​ ​​ប្រភព៖ www.lifehack.org
X
5s