លោក ហុំ ហាក់ បង្ហាញពីគន្លះ ៥ ចំណុច ដែលអ្នកចេញរកសុីហើយពិបាកថយក្រោយទៅធ្វើការងារឱ្យគេវិញបាន
មួយឆ្នាំ២០២០ ដែលទើបតែផុតទៅថ្មីៗនេះ មានវិបត្ដិដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល គឺការរុករានទន្ទ្រានពី កូវីដ១៩ ដែលក្នុងនោះក៏មានប្រទេសកម្ពុជារងផលប៉ះពាល់ខ្លាំងដែរ តែប្រទេសយើងអាចគ្រប់គ្រងស្ថានការបានល្អជាបណ្ដាប្រទេសជាច្រើន បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួននៅ អាស៊ី និង អឺរ៉ុប។ យើងសង្កេតឃើញថា អ្វីដែលប៉ះពាល់ខ្លាំងបំផុតនោះ គឺទៅលើអ្នកទើបចេញរកស៊ីថ្មីថ្មោង ចំពេលដែលវិបត្តិនេះផ្ទុះឡើយតែម្ដង។
នៅក្នុងនោះក៏មានអ្នកជំនួញវ័យក្មេងមួយរូបគឺ លោក ហុំ ហាក់ ដែលគេស្គាល់ថាជាស្ថាបនិក ក្រុមហ៊ុនអេចអេចលែនឌីវេឡុបម៉ិន ឯ.ក និង ជាម្ចាស់គម្រោងភូមិឦសាន្ដធម្មជាតិ ដែលផ្តោតលើការទិញ-លក់- ជួល អចលនទ្រព្យ និង អភិវឌ្ឍន៌លើវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៌នៅភូមិភាគឦសាន្ដខេត្ដក្រចេះ ហើយរូបលោកក៏ជាម្ចាស់ហាងកាហ្វេ ភូមិឦសាន្ដ នៅភ្នំពេញ ផងដែរ។
ថ្ងៃនេះរូបលោកបាន ផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Bizkhmer ស្ដីពី «គន្លឹះ ៥ ចំណុចដែលអ្នកចេញរកស៊ី ហើយពិបាកថយក្រោយទៅធ្វើការងារស៊ីប្រាក់ខែឱ្យគេវិញ»។ ហេតុផលនោះរួមមានដូចខាងក្រោមនេះ៖
១) ហ៊ានបង្ហាញពីសកម្មភាព និង មហិច្ឆតារបស់ខ្លួនជាសារធារណៈ និង ប្រាប់អ្វីដែលខ្លួនបានធ្វើទៅគ្រួសារ ដោយការសន្យាលើអាជីវកម្មនោះ ថាអ្នកអាចធ្វើបាន យ៉ាងមុតមាំ។
២) ច្បាស់លាស់លើអាជីវកម្មដែលខ្លួនចង់ធ្វើពិតប្រាកដ មិនមែនគ្រាន់តែនឹកឃើញគេធ្វើ ហើយធ្វើតាមគេនោះទេ ព្រោះខ្ញុំមានហេតុផលសរសេរពីក្រោយខ្នងមិនក្រោមពី ១៥ ប្រយោគមុនចេញប្រកបមុខរបរនីមួយៗ ដើម្បីពង្រឹងស្មារតីពេលជួបការបាក់ទឹកចិត្ដ គឺអានប្រយោគនោះឡើងវិញ។
៣) ឧស្សាហ៍យកសំឡេងតូចៗពីអ្នកដែលតែងតែនិយាយមិនល្អលើខ្លួន ដែលតែងបង្អាក់អ្នកថា «អ្នកមិនអាចធ្វើបាន វាទៅមិនរួចទេ» យកមករំលឹកពេលធ្វើការងាររាងទំលាក់ដៃម្ដងៗ។
៤) ត្រៀមចិត្ដ ត្រៀមកាយ ធ្វើខ្លួនឱ្យក្លាហានក្នុងការដោះស្រាយបញ្ហាជាមួយដៃគូសហការផ្នែកដីធ្លី ជាមួយអតិថិជន និង ក្រុមការងារដែលចូលរួមជាមួយខ្លួន ជាពិសេសហ៊ានប្រឈមដោះស្រាយបំណុលជាមួយម្ចាស់បំណុល។
៥, បង្កើតក្ដីស្រឡាញ់ និង ផ្ដល់ភាពកក់ក្ដៅពិតប្រាកដក្នុងនាមជាម្ចាស់អាជីវកម្មទៅលើក្រុមការងារ ព្រោះថាបើខ្ញុំត្រឡប់ទៅធ្វើការយកប្រាក់ខែវិញ តើពួកគាត់នរណាអ្នកទទូលខុសត្រូវ (ស្រឡាញ់ក្រុមការងារដូចស្រឡាញ់គ្រួសារខ្លួន) ព្រោះបើខ្ញុំទៅធ្វើការងារវិញខ្ញុំរស់តែក្រពះខ្ញុំស្រួល តែខ្ញុំនឹងក្លាយជាមេដឹកនាំដែលមិនមានការទទួលខុសត្រូវក្នុងខ្សែភ្នែកពួកគាត់៕