បើអ្នកចង់ទទួលបានជោគជ័យ គួរត្រៀមផែនការបង្ការភាពបរាជ័យរបស់អ្នកជាមុនសិន​



គេនិយាយថា «ចង់បានអ្វីដែលល្អបំផុត តែត្រៀមសំរាប់អ្វីដែលអាក្រក់បំផុត» ក្នុងនាមជាសហគ្រិនម្នាក់នោះជាវិធីដែលអ្នកគួរតែគិត និងត្រៀមខ្លួន។

គ្មាននរណាម្នាក់រំពឹងចង់បានភាពបរាជ័យនោះទេ ប៉ុន្តែប្រសិនបើអ្នកមិនបានត្រៀមខ្លួនរួចរាល់សម្រាប់វាទេនោះ អ្នកអាចនឹងផុងខ្លួនមិនខាន។ ហើយប្រសិន​បើ​អ្នកទទួលបានជោគជ័យ អ្នកនឹងអាចគ្រប់គ្រងហានិភ័យអាជីវកម្មបានកាន់តែរឹងមាំជាងមុន។

ខាងក្រោមនេះគឺជាវិធីមួយចំនួនក្នុងការត្រៀមខ្លួនតទល់នឹងភាពបរាជ័យដែលអ្នកគួរយល់ដឹង៖

១. ត្រៀមគណនីសន្សំសុវត្ថិភាព

ការមានការសន្សំសុវត្ថិភាព ការពារអ្នកមិនឲ្យគិតភិតភ័យពីអ្វីដែលអាចកើតឡើងចំពោះអាជីវកម្មរបស់អ្នក។ កន្លែងដែលល្អបំផុតដើម្បីចាប់ផ្តើមគឺ គណនីសន្សំបន្ទាន់របស់អ្នក។

យោបល់ដែលល្អ គឺត្រូវគិតអំពីចំនួនសាច់ប្រាក់ដែលអ្នកនឹងត្រូវការនៅក្នុងពេលដែលសេណារីយ៉ូដ៏អាក្រក់បំផុតរបស់អ្នកអាចកើតឡើង។ ឧទាហរណ៍ តើមានអ្វីកើតឡើងប្រសិនបើផ្ទះរបស់អ្នកឆេះ? ចុះប្រសិនបើអ្នកត្រូវបានគេប្តឹង?

សូមចាំថាគណនីសន្សំបន្ទាន់របស់អ្នក គឺសម្រាប់តែភាពអាសន្នប៉ុណ្ណោះ។ កុំយកវាមកវិនិយោគ ឬចំណាយទៅលើតម្រូវការអាជីវកម្មភ្លាមៗ។

២. ធានារ៉ាប់រងអ្វីៗគ្រប់យ៉ាង

គោលនយោបាយធានារ៉ាប់រងដែលល្អ អាចជួយសង្គ្រោះអ្នកពេលមានគ្រោះមហន្តរាយកើតឡើង។ ការធានារ៉ាប់រង ការទទួលខុសត្រូវទូទៅ អាចរក្សាអ្វីៗគ្រប់យ៉ាងតាំងពីបណ្តឹងរហូតដល់គ្រោះមហន្តរាយធម្មជាតិពីការក្ស័យធនអាជីវកម្មរបស់អ្នក។

កុំធ្វើឱ្យមានកំហុសក្នុងការគិតថា វាមិនអាចកើតឡើងទេចំពោះអាជីវកម្មអ្នក។ រាល់មុខជំនួញទាំងអស់តែងតែរងការប៉ះទង្គិចតិចឬច្រើន។

៣. ប្រើគោលជំហរណាមួយ ដើម្បីកាត់បន្ថយការខាតបង់របស់អ្នក

សហគ្រិន គឺជាមនុស្សដែលមានឥទ្ធិពល​កម្លាំងជំរុញបំផុតនៅក្នុងសង្គម​ ប៉ុន្តែការរកស៊ីដែលរកប្រាក់ចំណេញត្រូវការចំណាយច្រើនជាងក្រមសីលធម៌ការងារ។ អ្នកគួរសម្រេចចិត្តលើគោលដៅចំណេញសម្រាប់ផលិតផលរបស់អ្នកមុនពេលអ្នកចាប់ផ្តើមបង្កើតវា។ តាមវិធីនេះអ្នកដឹងច្បាស់ថាអ្នកអាចចំណាយប៉ុន្មានមុនពេលដែលគម្រោងលែងទទួលបានផលចំណេញ។

ការក្រឡេកមើលផលិតផលដែលអ្នកកំពុងមានស្រាប់ ក៏ធ្វើតាមរបៀបដូចគ្នា។ ឧទាហរណ៍ប្រសិនបើផលិតផលរបស់អ្នកមិនច្បាស់ពីគោលការលក់ជាក់លាក់ណាមួយនៅចុងត្រីមាសនេះ តើអ្នកគួរបញ្ឈប់វាដែរឬទេ?

៤. កសាងទំនុកចិត្តជាមួយនឹងការព្យាករណ៍ហិរញ្ញវត្ថុ

ដំណើរការអាជីវកម្មមួយដែលជោគជ័យ ត្រូវការច្រើនជាងដៃមួយគូដែលអ្នកមាន។ វិនិយោគិន និយោជិក ដៃគូ និងសហសេវិកផ្សេងៗទៀត គឺជាគន្លឹះនៃភាពជោគជ័យរបស់អ្នក។

ទោះយ៉ាងណាក៏ដោយ ការពិតគឺថា អ្នកត្រូវតែធ្វើឲ្យមនុស្សទាំងនេះជឿជាក់លើអ្នក។ ប្រសិនបើពួកគេនឹងវិនិយោគ ឬធ្វើការឱ្យអ្នក ពួកគេត្រូវដឹងថាជីវភាពរបស់ពួកគេ នឹងមានសុវត្ថិភាព។ ជាក់ស្តែង ការប៉ាន់ប្រមាណហិរញ្ញវត្ថុទៀងទាត់បង្ហាញថា អ្នកបានគិតគូ ពីការបង្កើតការជឿទុកចិត្តរបស់អ្នក។

ការជឿទុកចិត្ត គឺពិបាកក្នុងការកសាងប៉ុន្តែងាយនឹងបាត់បង់។ អ្នកគួរធ្វើបច្ចុប្បន្នភាព ការព្យាករប្រចាំត្រីមាស។ ការបង្ហាញពីតម្លាភាពហិរញ្ញវត្ថុ លើកទឹកចិត្តភាគីពាក់ព័ន្ធ ឱ្យរក្សាទំនុកចិត្តរបស់ពួកគេលើអ្នក។

៥. វិវត្តខ្លួនជាមួយនឹងនិន្នាការថ្មីៗ

អាជីវកម្មមួយ អាចទទួលបានជោគជ័យអាស្រ័យលើសង្គមជុំវិញខ្លួនដែរ។ សូម្បីតែផលិតផលដែលមានគំនិតច្នៃប្រឌិតបំផុត ក៏មិនអាចលក់ដាច់ នៅក្នុងវិបត្តិសេដ្ឋកិច្ចដែរ។

កុំរង់ចាំការផ្លាស់ប្តូរសង្គម ឲ្យរត់មកដល់មាត់ទ្វារកន្លែងការងារអ្នក។ អ្នកគួរតាមដានមើលទិន្នន័យ និងស្ថានការណ៍ ដើម្បីរៀនពីវិធីដែលអ្នកអាចត្រៀមយុទ្ធសាស្រ្ត​ សម្រាប់ពេលអនាគត។

ការត្រៀមផែនការសម្រាប់ការបរាជ័យ គឺការធ្វើផែនការសម្រាប់ភាពនឹងនរបានយូរ។ ទីក្រុងរ៉ូមមិនបានសាងសង់ក្នុងពេលតែមួយថ្ងៃទេ។ អាជីវកម្មរបស់អ្នកក៏ដូចគ្នា។ សហគ្រិនភាព គឺជាការដើរលើផ្លូវវែងឆ្ងាយមួយដែលអាចពោរពេញទៅដោយហានិភ័យ។

 

ដោយ៖ សុធារ៉ា

 

ប្រភព៖ Entrepreneur

 

 

 

 

X
5s