លក្ខណៈពិសេសមួយទៀតដែលអ្នកមានមាន តែអ្នកក្រមិនមាន!
ជាទូទៅអ្នកមានត្រូវបានគេទទួលស្គាល់ថា មានជីវិតរស់នៅស៊ីវិល័យ មានអ្វីៗគ្រប់យ៉ាងដែលអ្នកក្រគ្មានទៅណាមកណាមានគេរាប់អានច្រើន និងមានមុខមាត់ក្នុងសង្គមជាដើម។ ប៉ុន្តែជាទូទៅក្រៅពីអ្វីៗទាំងនេះ មានរឿងមួយទៀតដែលអ្នកមានមាននោះគឺថា ការទទួលទានដំណេករបស់ពួកគេល្អប្រសើរជាងអ្នកក្រច្រើនណាស់។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) បានឲ្យដឹងថា អ្នកមានទទួលទានដំណេកបានល្អប្រសើរបើប្រៀបធៀបជាមួយអ្នកក្រ ឬអ្នកដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ទីភ្នាក់ងារនេះបានស្រាវជ្រាវលើយុវជនអាមេរិក ១៤០ ០០០ នាក់ដែលធ្វើឡើងនៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ ហើយបានរកឃើញថា អ្នកដែលរកលុយបានកាន់តែច្រើន ការទទួលទានដំណេករបស់ពួកគេកាន់តែល្អប្រសើរឡើង។
ការស្រាវជ្រាវខាងលើនេះមិនបានបញ្ជាក់ពីផលប៉ះពាល់នៃការទទួលទានដំណេកមិនបាន គ្រប់គ្រាន់នោះទេ។ ប៉ុន្តែមានការស្រាវជ្រាវផ្សេងទៀតបានបង្ហាញពីផលប៉ះពាល់មួយចំនួនដែលបណ្ដាលមកពីការទទួលទានដំណេកមិនគ្រប់គ្រាន់នេះរួមមានដូចជាបង្កឲ្យមានឱកាសកាន់តែច្រើនឡើងនៃការកើតមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង បញ្ហាផ្លូវចិត្តដូចជា ការបាក់ទឹកចិត្ត និងស្ត្រេសជាដើម។
ការសិក្សាខាងលើមិនបានព្យាយាមស្វែងរកមូលហេតុថា ហេតុអ្វីបានជាអ្នកមានគេងលក់ស្រួលជាងអ្នកក្រនោះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិត Neil Kline មកពីសមាគមទទួលទានដំណេកអាមេរិក (American Sleep Association) និយាយថា មានហេតុផលជាច្រើនធ្វើឲ្យ អ្នកមានគេងលក់ស្រួល ជាងអ្នកក្រ។
«អ្នកដែលមានធនធានច្រើនមានលទ្ធភាពរស់នៅក្នុងផ្ទះសមរម្យ មានទីតាំងធំទូលាយ ស្ងាត់មានផាសុខភាពល្អ ហើយឆ្ងាយពីកន្លែងមនុស្សកកកុញ។ ជាងនេះទៅទៀតគឺអ្នកមាន មានលទ្ធភាពលើថ្លៃថែទាំ ឬព្យាបាលសុខភាពនានាដែលធ្វើឲ្យជីវិតរបស់ពួកគេកាន់តែស្រស់ថ្លាឡើងជាងអ្នកក្រទូទៅ»។ លោកវេជ្ជបណ្ឌិត Neil Kline បញ្ជាក់។
សមាគម ASA ខាងលើបានផ្ដល់ដំបូន្មានថា យុវជនគួរទទួលទានដំណេកពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។ ការទទួលទានដំណេកមិនគ្រប់គ្រាន់នឹងធ្វើឲ្យសុខភាពរបស់អ្នកមានបញ្ហា។ វិធីដ៏ល្អបំផុតដើម្បីឲ្យអ្នកទទួលទានដំណេកបានគ្រប់គ្រាន់គឺត្រូវដាក់កាលវិភាគគេង និងក្រោកឲ្យបានទៀងទាត់។ ក្រៅពីនេះ ការហាត់ប្រាណគឺជាវិធីល្អបំផុតមួយទៀតដែលធ្វើឲ្យការទទួលទានដំណេករបស់អ្នកល្អប្រសើរពីព្រោះវាជួយឲ្យអ្នករឹងមាំ និងមានសុខភាពល្អ៕
ដោយ៖ ខេវិន
ប្រភព៖ cnn