សសរស្ដម្ភចំនួន ៤ សម្រាប់បង្រៀនកូនៗរបស់អ្នកឲ្យក្លាយជាអ្នកជំនួញនៅពេលអនាគត
តើអ្នកធ្លាប់ស្រមៃចង់ឲ្យកូនៗរបស់អ្នកក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅពេលអនាគតដែរឬទេ? ប្រសិនបើនេះជាក្តីសុបិន្តមួយរបស់អ្នក តើអ្នកមានធ្លាប់គិតថា ត្រូវធ្វើអ្វីខ្លះដើម្បីឲ្យពួកគេធំឡើងសម្រេចក្តីសុបិនមួយនេះ? ការពិតគ្រាន់តែគិតដល់រឿងនេះ មានមធ្យោបាយជាច្រើនរាប់មិនអស់ដែលអ្នកត្រូវបំពេញក្នុងនាមជាឪពុកម្ដាយ។ ក៏ប៉ុន្តែមានសសរស្ដម្ភចំនួន៤ ខាងក្រោមនេះក្នុងចំណោមវិធីសាស្ត្រទាំងនោះ ដែលអ្នកត្រូវយកចិត្តទុកដាក់ដើម្បីបង្រៀនកូនៗរបស់អ្នកឲ្យក្លាយជាអ្នកជំនួញពេលពួកគេធំឡើង។
១.អភិវឌ្ឍផ្នត់គំនិតជាអ្នកជំនួញ
អ្នកត្រូវចាប់ផ្ដើមបណ្ដុះផ្នត់គំនិត ជំនឿ និងគុណតម្លៃភាពជាអ្នកជំនួញតាំងពីពួកគេនៅក្មេងៗទៅ។ ផ្នត់គំនិត ឬជំនឿទាំងនេះដូចជា ប្រាប់ពួកគេថា កំហុសគឺជាផ្នែកមួយនៃភាពជោគជ័យ ឬថា មានលុយជាច្រើនបង្កប់នៅក្នុងបញ្ហាទាំងនោះប្រសិនបើពួកគេចេះឆក់យកឱកាស។ ផ្នត់គំនិតជាអ្នកជំនួញ នឹងធ្វើឲ្យពួកគេស្គាល់ពីឱកាសជាច្រើនហើយបង្កើតអ្វីមួយដែលមានតម្លៃ បង្អាក់ស្ថានភាពអវិជ្ជមាន សហការដើម្បីឆ្ពោះទៅរកការសម្រេចបានលទ្ធផលមួយ ឬចេះទាញលុយពីអ្នកដទៃដោយសមត្ថភាពរបស់ខ្លួន។ ជាជាងធ្វើឲ្យពួកគេមើលឃើញត្រឹមតែថា ពួកគេត្រូវតស៊ូ និងអត់ធ្មត់នឹងការងារ អ្នកគួរធ្វើឲ្យពួកគេយល់ថា ការងារគឺជារឿងសប្បាយធ្វើ មានភាពច្នៃប្រឌិត ហើយនឹងទទួលបានរង្វាន់ត្រឡប់មកវិញ។
២.បង្ហាញពួកគេពីជំនាញផ្សេងៗដែលចាំបាច់សម្រាប់ធ្វើជំនួញ
នេះជាអ្វីដែលមិនអាចបំភ្លេចបានក្នុងនាមអ្នកជាអ្នកជំនួញ។ អ្នកត្រូវផ្តល់ឱកាសឲ្យពួកគេបានសិក្សារៀនសូត្រពីជំនាញជាច្រើនដែលពួកគេនឹងត្រូវអនុវត្តពេលធ្វើជំនួញរួមមានដូចជា ជំនាញលក់ ការធ្វើទីផ្សារ ការបង្កើតផលិតផល គណនេយ្យ ការប្រើអតិថិជន ការចរចា និងការទំនាក់ទំនងជាដើម។ ទោះបីជាពួកគេប្រកបកិច្ចការអ្វីក៏ដោយ ជំនាញទាំងនេះនឹងមានឥទ្ធិពលក្នុងឆាកជីវិតរបស់ពួកគេ។ អ្នកមិនត្រូវផ្តោតតែទៅលើជំនាញដែលពួកគេរៀននៅមហាវិទ្យាល័យដើម្បីទទួលបានពិន្ទុខ្ពស់មួយមុខប៉ុណ្ណោះទេ។ អ្នកក៏ត្រូវឲ្យកូនៗរបស់អ្នកអភិវឌ្ឍជំនាញទន់ (Soft Skill) ជាច្រើនដែលពាក់ព័ន្ធក្នុងអាជីពការងាររបស់ពួកគេផងដែរ។
៣.ផ្តល់ឲ្យពួកគេរៀនសូត្រពីបទពិសោធន៍ជីវិតជាក់ស្ដែង
នៅក្នុងជីវិតជាក់ស្តែង មនុស្សម្នាក់ៗរៀនអ្វីៗសព្វគ្រប់បែបយ៉ាងដោយការអនុវត្តជាក់ស្តែង។ មនុស្សម្នាក់ៗរៀនសូត្រតាមរយៈការពិសោធន៍ ការសាកល្បង និងការបង្កើតកំហុសជាដើម។ នៅពេលពួកគេបានភ្លក់រសជាតិជីវិតជាក់ស្ដែង ពួកគេនឹងទទួលបានមេរៀនជីវិតដ៏មានតម្លៃជាច្រើនដែលមេរៀនទាំងនេះ នឹងជួយតម្រែតម្រង់ផ្លូវពួកគេ។ ហេតុដូច្នេះហើយ អ្នកមិនគួររាំងខ្ទប់បិទសេរីភាពពួកគេច្រើនពេកពីពិភពលោកនេះទេ។ អ្នកគួរអនុញ្ញាតឲ្យកូនៗរបស់អ្នកនិយាយទៅកាន់អ្នកជិតខាងពីអ្វីដែលពួកគេចង់ធ្វើ ជំរុញឲ្យពួកគេចេះលក់ផលិតផលលើ Facebook និងនៅលើទីផ្សារ ឬលើកទឹកចិត្តឲ្យពួកគេនិយាយទៅកាន់ភ្នាក់ងារទីផ្សារជាច្រើនទៀតពីគំនិតជំនួញរបស់ពួកគេ។
៤.ធ្វើជាអ្នកបង្ហាញផ្លូវពួកគេ
ធ្វើជាអ្នកជំនួញ គួរមានអ្នកបង្ហាញផ្លូវគ្រប់ជំហានទាំងអស់នៃអាជីវកម្ម។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកចង់ឲ្យកូនៗរបស់អ្នកក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ អ្នកត្រូវបង្ហាញផ្លូវពួកគេឲ្យបានគ្រប់គ្រាន់ថា តើពួកគេត្រូវ ធ្វើអ្វីខ្លះ? ការធ្វើជាអ្នកបង្ហាញផ្លូវ អ្នកអាចបង្ហាញផ្លូវកូនៗរបស់ឲ្យទទួលបានគំនិតដ៏មានប្រយោជន៍ជាច្រើន និងរៀបចំខ្លួនជាស្រេចដើម្បីត្រៀមខ្លួនពួកគេបែបណាឲ្យស័ក្ដិសមក្លាយជាអ្នកជំនួញពិតប្រាកដនៅពេលអនាគត។
អ្នកក៏អាចលើកទឹកចិត្តកូនៗរបស់អ្នកឲ្យជួប និងរៀនពីសហគ្រិនដែលអាចបង្កើតការងារដល់អ្នកដទៃជាជាងត្រឹមតែជាអ្នកធ្វើការឲ្យគេ ជាអ្នកបង្កើតអ្វីមួយថ្មី បង្កើតកិច្ចព្រមព្រៀង ឬរៀនគ្រប់គ្រងអាជីវកម្មឲ្យបានជោគជ័យ។ បង្ហាញផ្លូវកូន ៗ របស់អ្នកឲ្យធ្វើជាអ្នកជំនួញគំរូនៅក្នុងសង្គម និងជាទីពឹងពាក់របស់អតិថិជន៕
ដោយ៖ ខេវិន
ប្រភព៖ Entrepreneur