​ជ្រើសរើស​ដៃគូ​ជីវិតត្រូវ រួម​ចំណែក​យ៉ាង​សំខាន់​ដល់​​ភាព​ជោគជ័យ​ក្នុង​ជីវិត និង​អាជីវកម្ម​របស់​អ្នក​



ទំនាក់ទំនង​អាច​មាន​ច្រើន​ប្រភេទ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ វា​អាច​ជា​ទំនាក់ទំនង​បែប​ដៃគូ​ជីវិត ​ដៃគូ​អាជីវកម្ម មិត្តភាព ទំនាក់ទំនង​ធម្មតា អ្នក​ដើរ​តាម គ្រូបង្គោល​ជាដើម។ នៅ​ក្នុង​ចំណោម ទំនាក់ទំនង​ទាំង​នេះ ទំនាក់ទំនង​ដៃគូ​ជីវិត គឺ​ជា​ទំនាក់ទំនង​មួយ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​​ជាងគេ​សម្រាប់​អ្នក។ វា​មាន​ឥទ្ធិពល​សម្រាប់​ជម្រើស​​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ទំនាក់ទំនង​គូស្នេហ៍​ដែល​ល្អ អាច​ជួយ​គាំទ្រ និង​ធ្វើ​ឲ្យ​អ្នក​សម្រេច​កិច្ចការ​ជា​ច្រើន​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ជីវិត​។

ទំនាក់ទំនង​ជីវិត​គូ​មាន ២​ប្រភេទ
គូ​​ស្នេហ៍​​ជោគជ័យ៖ គឺ​ជា​ទំនាក់ទំនង​មួយ​ដែល​មនុស្ស​ពីរ​នាក់​ត្រូវ​​ចាប់ដៃ​កសាង​អនាគត​​រួមគ្នា​ដែល​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ ពោរពេញ​ទៅ​ដោយ​ការ​​​យល់​ចិត្ត​គ្នា​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ប្រភេទ​នេះ អ្នក​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​​​ដើម្បី​កសាង​អាណាចក្រ​មួយ​សម្រាប់​អាជីវកម្ម និង​ជីវិត​របស់​អ្នក។ ​​​​បើ​ទោះបី​ជា​ដៃគូ​ជីវិត​របស់​អ្នក​មិនមែន​ជា​អ្នក​​ជំនួញ ឬ​អ្នក​រកស៊ី​ក៏ដោយ គាត់​គួរ​តែ​យល់​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ អ្វី​ដែល​អ្នក​កំពុង​​កសាង និង​អាជីវកម្ម​​មានន័យ​ដូចម្ដេច​សម្រាប់​អ្នក។ ដៃគូ​ជីវិត​របស់​អ្នក គួរ​តែ​ជា​អ្នក​ដែល​​រក​ឃើញ​វិធី​ជា​ច្រើន​សម្រាប់ ជួយ​គាំទ្រ​អ្នក​គ្រប់​ជំហាន។ គាត់​ចូលរួម​កិច្ចការ​នេះ​ជាមួយ​អ្នក ហើយ​ចែករំលែក​នូវ​គំនិត​ មតិយោបល់ និង​ផ្តល់​ដំបូន្មាន​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​ដោយ​បើកចំហ និង​ប្រកប​ដោយ​ភាព​ស្មោះត្រង់។

​គូស្នេហ៍​បរាជ័យ៖ ងាក​មក​មើល​ទំនាក់ទំនង​​គូស្នេហ៍​ដែល​បរាជ័យ​វិញ គឺ​មនុស្ស​ពីរ​នាក់​បាន​ចាប់​ដៃ​គ្នា មិនមែន​ដើម្បី​មក​កសាង​អនាគត​រួមគ្នា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ជីវិត​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​​យក​ឈ្នះ​តែ​ម្នាក់​ឯង ខ្វះ​ការ​​​​យល់ចិត្ត​គ្នា ខ្វះ​ការ​លើកទឹកចិត្ត​គាំទ្រ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក ​ប្រៀបធៀប​គូស្នេហ៍​ទៅ​នឹង​អ្នក​ផ្សេង​ទៀត​ដែល​ល្អ​ជាង​​នេះ និង​សម្លឹង​មើល​នរណា​ផ្សេង​​ទៀត​ដែល​ស័ក្ដិសម​​នឹង​ខ្លួន ។ 

គូស្នេហ៍​ប្រភេទ​នេះ​ មាន​ភាព​ព្រងើយកន្តើយ​ ឬ​បង្ហាញ​កាយវិការ​មិន​សមរម្យ​ និង​​មិន​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​។ នៅ​ពេល​អ្នក​ចំណាយ​ពេល​ដើម្បី​​ធ្វើ​ឲ្យ​គោលដៅ​របស់​អ្នក​បាន​សម្រេច​ ទំនាក់ទំនង​ដ៏​រកាំរកូស​នេះ នឹង​មាន​សម្ពាធ​ដល់​​គ្រប់​ទិដ្ឋភាព​ទាំងអស់​ក្នុង​ជីវិត​​របស់​អ្នក ហើយ​ធ្វើ​​​អ្វី​តាម​តែ​ការ​​ចង់​បាន​របស់​ដៃគូ​របស់​អ្នក​តែប៉ុណ្ណោះ​។ ដៃគូ​របស់​អ្នក​នឹង​ប្រតិកម្ម​មក​លើ​អ្នក និង​ ​ព្យាយាម​គ្រប់គ្រង​ដំណើរ​ជីវិត​​របស់​អ្នក​​។ ហេតុដូច្នេះ​ហើយ នៅ​ពេល​អ្នក​ធ្វើ​ជំនួញ ដៃគូ​របស់​អ្នក​មិន​ពេញចិត្ត គាំទ្រ ឬ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នក​​ទាំងស្រុង​នោះ​ឡើយ ពីព្រោះ​គាត់​​យល់​ថា អ្វី​ដែល​អ្នក​ធ្វើ​វា​មិនមែន​ជា​កិច្ចការ​​សំខាន់​សម្រាប់​​គាត់​ឡើយ។ ដៃគូ​របស់​អ្នក​យល់​ថា ​ភាព​ជោគជ័យ​របស់​អ្នក គឺ​ជា​អ្វី​​ដែល​អ្នក​​អាច​បំពេញ​​តាម​បំណង​ប្រាថ្នា​របស់​គាត់​ទៅ​វិញ​ទេ។ 

យ៉ាងណាក៏ដោយ អ្នក​​ត្រូវ​ចាំ​ថា ការ​កសាង​អាជីវកម្ម​មួយ​ឲ្យ​មាន​ជីវិត​ឡើង វា​ត្រូវ​ការ​ពេល​វេលា និង​​ថាមពល​ច្រើន​ណាស់។ តាម​ពិត​ទៅ វា​ពិត​ជា​​លំបាក​ស្រាប់​ទៅ​ហើយ​​​សម្រាប់​អ្នក​បើ​ទោះបី​ជា​អ្នក​មាន​អ្នក​ជួយ​គាំទ្រ លើកទឹកចិត្ត​ពី​ក្រោយ​ដូច​ជា​ដៃគូ​ជីវិត​របស់​អ្នក​ក៏ដោយ​។ ដូចនេះ​ហើយ ការ​ជ្រើសរើស​ដៃគូ​ជីវិត​មិន​ត្រឹមត្រូវ​មានន័យ​ថា ប្រៀប​បាន​ដូច​ជា​​ដៃ​ទាំងពីរ​របស់​អ្នក​ត្រូវ​ជាប់​ច្រវាក់​រើ​មិន​រួច​ធ្វើ​អ្វី​មិនកើត​ឡើយ។

ជ្រើសរើស​ខ្លួនឯង
មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​ថា តើ​ទំនាក់ទំនង​ជីវិត​គូ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ប្រភេទ​ណាមួយ? វិធី​ដែល​​នឹង​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​​ការ​សម្រេច​បាន​សមិទ្ធផល​ធំៗ​នៅ​ក្នុង​ជីវិត និង​​អាជីវកម្ម​គឺ​កើត​ចេញ​ពី​ការ​សម្រេចចិត្ត​ដ៏​ស្មោះត្រង់ និង​ត្រឹមត្រូវ​​បំផុត​មួយ​សម្រាប់​អ្នក។  វា​គឺ​ជា​ជម្រើស​ដែល​អ្នក​បាន​​ជ្រើសរើស​សម្រាប់​ខ្លួនឯង​​ជា​អាទិភាព​មុន​នរណាៗ​ទាំងអស់។

ជីវិត​របស់​អ្នក​ប្រហែល​ជា​បាន​​​ឆ្លងកាត់​ព្យុះ​ភ្លៀង​ធំៗ​រាប់​មិន​អស់។ សម្រាប់​គូស្នេហ៍​ដែល​ជោគជ័យ ឧបសគ្គ​ទាំង​នោះ​ មែន​ជា​រឿង​គួរ​ឲ្យ​ខ្លាច​សម្រាប់​អ្នក​ទេ។ ឆ្លងកាត់​ពេលវេលា​ជា​ច្រើន ដៃគូ​ជីវិត​ប្រភេទ​នេះ​អាច​​ហែល​ឆ្លងកាត់​បញ្ហា​លំបាកៗ​ទាំង​នោះ​បាន។ ប្រសិន​បើ​អ្នក​ចង់​ស្វែងរក​ជំនួយ​ពី​គូស្នេហ៍​របស់​អ្នក សូម​ដាក់​ខ្លួន​ឲ្យ​ទាប​សឹង​ថា នៅ​ក្រោម​បាទ​ជើង​របស់​​ពួកគេ​ក៏​បាន ហើយ​ព្យាយាម​និយាយ​ពន្យល់​ឲ្យ​អស់ ពី​សមត្ថភាព។ ប្រសិន​បើ​ពួកគេ​យល់​ពី​អ្នក និង​ចង់​ដឹង​ពី​មូលហេតុ​នៅ​ពី​ក្រោយ​មុខ​ជំនួញ​របស់​អ្នក​​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់​មិន​ចង់​សម្រាក អ្នក​ត្រូវ​បង្ហាញ​ឲ្យ​​ពួកគេ​បាន​ឃើញ​ដោយ​បើកចំហ​។ ទន្ទឹម​នឹង​នេះ ប្រសិន​បើ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ផ្សេង​ទៀត ទោះបី​ជា​​ជា​សម្រេចចិត្ត​ដ៏​លំបាក​បំផុត​ជាង​នេះ​ក៏ដោយ អ្នក​ត្រូវ​តែ​ហ៊ាន​​ធ្វើ​ការ​សម្រេចចិត្ត​ផង​ដែរ។ 

ចំពោះ​​គូស្នេហ៍​​ដែល​មាន​ទំនាក់ទំនង​មិន​ល្អ នឹង​អាច​ទាញ​ទម្លាក់​អ្នក​ឲ្យ​ធ្លាក់​ចូល​ជ្រោះ​តាម​គ្រប់​​រូបភាព​ទាំងអស់។  ដូច​នេះ ការ​បញ្ចប់​ទំនាក់ទំនង​ប្រភេទ​នេះ​ចោល វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​នោះ​ឡើយ ហើយ​មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​​​​រឿង​របស់​អ្នក​ច្រើន​​ជាងគេ។ ថ្វីត្បិត​តែ​វា​អាច​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​បំផុត​មួយ​សម្រាប់​អ្នក​នៅ​ពេល​នេះ ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​សេរីភាព​​រស់​នៅ​ក្នុង​​ក្តី​សុបិន​​មួយ​ដែល​អ្នក​ចង់​បាន​នៅ​ពេល​អនាគត។ 

វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ធ្វើ​ការ​​​សម្រេចចិត្ត​នៅ​ក្នុង​កាលៈទេសៈ​នេះ គឺ​ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ និង​​ដឹង​ច្បាស់​ពី​តម្លៃ​របស់​អ្នក។ ទំនាក់ទំនង​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក គឺ​ទំនាក់ទំនង​ជាមួយ​នឹង​ខ្លួនឯង។ ទំនាក់ទំនង​ដ៏​អស្ចារ្យ ​មួយ​កើត​ចេញ​ពី​​ការ​ចេះ​រៀន​ឲ្យ​តម្លៃ គោរព​និង​​ស្រលាញ់​ខ្លួនឯង​​ជា​​មុន​សិន​។  

នៅ​ពេល​អ្នក​ចេះ​ស្រលាញ់​ខ្លួនឯង អ្នក​នឹង​ទាត់ចោល​អ្វី​មួយ​ដែល​​​រារាំង​មិន​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក។ យុទ្ធសាស្ត្រ​មួយ​នៅ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ល្អ​បំផុត​ដែល​អ្នក​អាច​​ច្របាច់​បញ្ចូល​នៅ​ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​អ្នក គឺ​​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជីវិត​គូ​របស់​អ្នក​មាន​ភាព​រស់រវើក។ អ្នក​មិន​ចាំបាច់​ស្រវា​ឈោង​តោង​ចាប់​ស្រលាញ់​នរណា​ម្នាក់​ដែល​ជា​អ្នក​រកស៊ី​មាន​ជំនួញ​សព្វមុខ​នៅ​​ក្នុង​ដៃ​ស្រាប់​នោះ​ទេ។ អ្នក​គ្រាន់​តែ​​ស្រលាញ់​នរណា​ម្នាក់​ដែល​ព្រម​​​​ដឹកដៃ​អម​ដំណើរ​ជីវិត​ជាមួយ​អ្នក​ដោយ​មិន​ស្ទាក់ស្ទើរ​ និង​គាំទ្រ​អ្នក​​ដោយ​ពេញចិត្ត​បំផុត​​ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ 

ប្រសិនបើ​​ភាព​រីកចម្រើន​អាជីវកម្ម​របស់​អ្នក​បាន​ជាប់​គាំង សូម​ពិនិត្យមើល​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​អ្នក។  ជ្រើសរើស​ក្តី​ស្រឡាញ់ និង​គោរព​ខ្លួនឯង។ សូម​ចាំ​ថា ក្នុង​មួយ​ជីវិត​នេះ អ្នក​មាន​ជីវិត​តែមួយ​ប៉ុណ្ណោះ​​​ដើម្បី​រស់​ ហេតុដូច្នេះ​ហើយ​វិធី​តែ​មួយ​គត់​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​តម្លៃ គឺ​​​ធ្វើ​អ្វីៗ​ដែល​អាច​ជួយ​ឲ្យ​ខ្លួនឯង​កាន់តែ​មាន​ការ​អភិវឌ្ឍ។  អ្នក​អាច​កសាង​អាជីវកម្ម​ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​សេរីភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ។ អ្នក​ត្រូវ​កសាង​វា​ឡើង​​ជាមួយ​​នរណា​ម្នាក់​ដែល​ស័ក្ដិសម​នឹង​វា​ និង​ចង់​បាន​វា​ពិតប្រាកដ​មែន៕

ដោយ៖ ខេវិន
ប្រភព៖ Addicted2success 

 

 

 

X
5s