ជាអ្នកដឹកនាំមិនថាអ្នកខ្លាំងប៉ុណ្ណ បើអ្នកធ្វើរឿងទាំង ៩នេះ គឺអ្នកកំពុងចងខ្លួនឯងជាមួយភាពបរាជ័យ
វាមិនមែនជារឿងងាយស្រួលនោះឡើយអ្នកអាចធ្វើខ្លួនជាអ្នកដឹកនាំដ៏ល្អម្នាក់។ ក្នុងដំណើរការអាជីវកម្មមួយ ឬនៅក្នុងអង្គភាពមួយអាចទទួលបានជោគជ័យគឺអាស្រ័យដោយសារមានធនធានមនុស្ស ដែលពួកគេអាចជម្រុញឲ្យអង្គភាពមានដំណើរការទៅមុខយ៉ាងរលូន។
ផ្ទុយមកវិញ បុគ្គលិកដែលល្អរមែងរំពឹងចង់បានថ្នាក់ដឹកនាំល្អដូចគ្នា ដើម្បីដឹកនាំត្រួសត្រាយផ្លូវរបស់ពួកគេឲ្យមានឱកាសអភិវឌ្ឍន៍ខ្លួនទៅមុខ ក៏ដូចជាដើម្បីភាពរីកចម្រើននៃអង្គភាពទាំងមូល។
ដោយឡែកបុគ្គលិក ឬអ្នកនៅក្រោមបង្គាប់ទាំងអស់ អាចក្លាយទៅជាអ្នកដែលធ្វើឱ្យអ្នកដឹកនាំ ឬម្ចាស់អាជីវកម្មដែលបរាជ័យ បើអ្នកដឹកនាំប្រព្រឹត្តចំណុចទាំង ៩ ខាងក្រោម៖
១) តែងតែរៀបចំកិច្ចប្រជុំដែលឥតបានការ
ការរៀបចំកិច្ចប្រជុំគឺជារឿងមួយដ៏សំខាន់ក្នុងការដឹកនាំការងារ ដើម្បីស្វែងរកនូវវិធីសាស្ត្រដ៏ល្អក្នុងការរុញច្រានដំណើរការអាជីវកម្មឲ្យដើរទៅមុខ។ ការរៀបចំកិច្ចប្រជុំក៏ជាប្រការមួយជួយលើកកម្ពស់សមត្ថភាពបុគ្គលិកឲ្យមានការចូលរួមចែករំលែកមតិយោបល់ ដើម្បីធ្វើឲ្យការងាររីកចម្រើនទៅមុខបានល្អផងដែរ។ ប៉ុន្តែខណៈដែលថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងរៀបចំកិច្ចប្រជុំមួយដោយអត់បានការបំផុត មានន័យថាកិច្ចប្រជុំនោះមិនបានបង្ហាញនូវលទ្ធផលការងារ ឬការដាក់ចេញនូវផែនការបន្ទាប់សម្រាប់បុគ្គលិក វាគឺជាភាពអន់ខ្សោយបំផុតរបស់ថ្នាក់ដឹកនាំ។
២) មិនដែលផ្ដល់នូវទំនាក់ទំនង ឬការជជែកវែកញែកច្បាស់លាស់ជាមួយបុគ្គលិក
ទោះបីជាថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងជាមនុស្សពូកែប៉ុណ្ណា រៀបចំយុទ្ធសាស្ត្របានល្អកម្រិតណា ប៉ុន្តែបើខ្វះចន្លោះនូវការប្រើទំនាក់ទំនងយ៉ាងល្អជាមួយនឹងបុគ្គលិក នោះគេក៏នៅតែជាអ្នកដឹកនាំបរាជ័យដដែល។
៣) និយាយច្រើនពេក
វាជាការល្អបំផុតដែលអ្នកគ្រប់គ្រងបានផ្ដល់ព័ត៌មានទៅដល់បុគ្គលិក ប៉ុន្តែការផ្ដល់ព័ត៌មាននោះមិនមែនធ្វើដើរច្រើនពេកនោះទេ។ មានន័យថាអ្នកអាចប្រាប់ពីព័ត៌មានគោល សំខាន់ៗដើម្បីអោយបុគ្គលិកយកទៅស្រាវជ្រាវបន្ត និងធ្វើការសិក្សាដោយខ្លួនឯងបន្ថែមទៀត។
៤) ប្រាប់ការឆ្លើយតបទៅដល់បុគ្គលិកតិចតួច និងយឺតយ៉ាវបំផុត
នៅពេលមានបញ្ហា បុគ្គលិកត្រូវតែការការណែនាំ ឬការឆ្លើយតបសំណួរផ្សេងៗពីថ្នាក់ដឹកនាំ រឿងក្នុងករណីបន្ទាន់ណាមួយ ពួកគេត្រូវការការឆ្លើយតបតាមរយៈការយល់ព្រមលើសំណើអ្វីមួយបន្ទាន់បំផុតពីថ្នាក់ដឹកនាំ។ តែក្នុងករណីដែលអ្នកដឹកនាំធ្វើការឆ្លើយតបយឺតយ៉ាវ វានឹងបង្កទៅជាផលប៉ះពាល់ទៅលើការងារអាទិភាពមួយចំនួន ជាលទ្ធផលវានឹងបាត់បង់ផលប្រយោជន៍ធំសម្រាប់គោលដៅអាជីវកម្ម។
៥) ព្យាយាមគ្រប់គ្រង ត្រួតត្រាគ្រប់រឿងរ៉ាវទាំងអស់
ពិតណាស់ថាថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងគឺត្រូវដឹងលទ្ធផលនៃដំណើរការនៅក្នុងអង្គភាព ឬនៅក្នុងគ្រប់ផ្នែកដែលខ្លួនគ្រប់គ្រងផ្ទាល់។ ស្របពេលជាមួយគ្នានេះដែរវាមិនមែនមានន័យថាគ្រប់រឿងរ៉ាវទាំងអស់រាប់ចាប់តាំងពីរឿងកំប៉ិកកំប៉ុក ក៏ជាតួនាទីត្រារបស់ថ្នាក់ដឹកនាំត្រូវចាត់ចែងគ្រប់រៀងណាដែរ។ ទុកពេលវេលាបែងចែកតួនាទីនៅធ្វើការផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមខ្លះ ដើម្បីឲ្យពួកគេមានទឹកចិត្តធ្វើការងារ។
៦) ដឹកនាំដោយប្រើអារម្មណ៍ ឬប្រកាន់យកតែភាពតឹងតែងជានិច្ច
អ្នកដឹកនាំដែលជោគជ័យ គឺជាមនុស្សដែលជាបែងចែកអារម្មណ៍បានច្បាស់លាស់។ ក្រុមការងារទាំងអស់នឹងព្យាយាមគេចវេះពីការជួបជាមួយនឹងថ្នាក់ដឹកនាំរបស់គេ នៅពេលដែលគេមានអ្នកដឹកនាំជាមនុស្សដែលចូលចិត្តនិយាយស្ដី និងការដឹកនាំតាមអារម្មណ៍ម្ដងល្អម្តងអាក្រក់។
៧) ម៉ឺងម៉ាត់ជ្រុល
ភាពម៉ឺងរបស់អ្នកដឹកនាំគឺជាចំណុចមួយល្អ ប៉ុន្តែភាពម៉ឺងម៉ាត់ជ្រុលរបស់ថ្នាក់ដឹកនាំវាបានក្លាយទៅជារនាំងមួយរារាំងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំជាមួយនឹងបុគ្គលិក ហើយវាក៏ក្លាយទៅជារនាំងមួយរារាំងភាពរីកចម្រើនរបស់អង្គភាពផងដែរ។
៨) ផ្លាស់ប្ដូរផែនការនៃការអនុវត្តការងារជាញឹកញាប់ពេក
ការបត់បែនទៅលើផែនការការងារគឺជារឿងមួយដែលអ្នកដឹកនាំឆ្លាតវៃតែងធ្វើ ព្រោះដើម្បីធ្វើការបត់បែនឲ្យទាន់ទៅនឹងបរិបទសង្គម។ ប៉ុន្តែវាបានប្រែទៅជាបរាជ័យទៅវិញប្រសិនបើអ្នកដឹកនាំធ្វើការបត់បែនលឿនហួសហេតុពេកទៅលើការអនុវត្តផែនការរបស់ខ្លួន វានឹងបង្កអោយមានភាពស្មុគស្មាញទៅការងាររបស់បុគ្គលិក ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាពួកគេត្រូវរងសម្ពាធច្រើនលើការអនុវត្តការងារ។ នៅពេលដែលផែនការត្រូវបានផ្លាស់ប្ដូរ វិធីសាស្រ្តដែលពួកគេបានដាក់ចេញដើម្បីអនុវត្តនូវផែនការនោះក៏ត្រូវបានផ្លាស់ប្តូរដូចគ្នា។
៩) តែងតែធ្វើការរិះគន់ដោយមិនបានពិចារណា និងមិនបានផ្ដល់ពាក្យសរសើរ
គ្មានអ្នកណាដែលមិនដែលមានកំហុសទេ តែក៏មិនមានន័យថារាល់កំហុសសុទ្ធតែមិនអាចកែប្រែឬធ្វើការកែខៃបានដែរ។ ភាពបរាជ័យរបស់ថ្នាក់ដឹកនាំគឺតែងព្យាយាមចាប់កំហុសនៅពេលបុគ្គលិកធ្វើខុស គេមិនបានព្យាយាមអប់រំ ណែនាំ កែតម្រូវ ដើម្បីបុគ្គលិកមានឱកាសអភិវឌ្ឍខ្លួននោះទេ។ ដោយឡែក នៅពេលដែលបុគ្គលិកអាចធ្វើការងារមួយបានដោយជោគជ័យប្រកបដោយលទ្ធផលល្អ អ្នកដឹកនាំមិនដែលប្រើពាក្យសរសើរ ឬបង្ហាញពីទឹកចិត្តក្នុងការកោតសរសើរដល់បុគ្គលិកឡើយ។
អ្នកដឹកនាំទាំងឡាយណាដែលធ្វើរឿងទាំងនេះ ទោះបីជាជាគេជាមនុស្សដែលមានសមត្ថភាពខ្លាំងកម្រិតណា គេមានផែនការនិងការរៀបចំយុទ្ធសាស្ត្របានល្អ ពួកគេមិនអាចដឹកនាំក្រុមការងារឲ្យបានជោគជ័យនោះដែរ។ លើសពីនេះទោះបីជាគេមានបុគ្គលិកល្អនៅក្បែរខ្លួន ក៏គ្មានថ្ងៃបុគ្គលិកទាំងអស់នោះអាចនៅធ្វើការជាមួយពួកគេបានយូរនោះដែរ៕
ដោយ៖ យ៉ាយ៉ា