ធីប ៨ ចំណុចសម្រាប់អ្នក ដើម្បីក្លាយជាអ្នកដឹកនាំ Startup ដ៏ត្រឹមត្រូវ​



គ្រប់គ្នាសុទ្ធតែមានបំណងក្លាយជាអ្នកដឹកនាំដ៏ល្អ និងពូកែម្នាក់ តែអ្វីទាំងអស់វាមិនអាចទទួលបានដូចគ្នាទេ វាអាស្រ័យលើរបៀបរបបនៃការដឹកនាំ ឬស្ទាយរបស់មនុស្សម្នាក់ៗថាអាចធ្វើឲ្យខ្លួនឯងក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់បានដែរឬទេ?

ការដឹកនាំ Startup ឲ្យមានដំណើរការល្អទៅមុខដោយរលូន និងរិកចម្រើនទៀតកាន់តែពិបាក ព្រោះវាជាអាជីវកម្មរបស់អ្នក វាចាប់ផ្តើមថ្មីថ្មោង និងត្រូវពឹងលើសមត្ថភាពរបស់អ្នក ១០០ភាគរយ។ ក្នុងនាមជាស្ថាបនិក អ្នកខ្លួនឯងជាអ្នកផ្តួចផ្តើមគំនិតអាជីវកម្មមួយនេះឡើង អ្នកជាអ្នកកំណត់គោលដៅនៃអាជីវកម្ម ស្វែងរកយុទ្ធសាស្រ្តយ៉ាងណាឲ្យអាជីវកម្មមួយនោះមានដំណើរការ និងបន្តរស់រានមានជីវិត។ អ្នកមិនអាចរ៉ាប់រងការងារទាំងអស់បានម្នាក់ឯងនោះទេ អ្នកត្រូវការក្រុមការងារជួយគាំទ្រ (support) ជានិច្ច។ ខាងក្រោមនេះជាធីប ៨ ចំណុចជួយអ្នកដឹកនាំក្រុមការងារឲ្យដំណើរការអាជីវកម្មទៅមុខបានយ៉ាងមានប្រសិទ្ធភាព៖

១) មានទំនុកចិត្ត ចំណង់ចំណូលចិត្ត ពោរពេញដោយភាពវិជ្ជមាន

មិនថាតែសហគ្រិនទេ ទំនុកចិត្តជាភាពចាំបាច់មួយដែលមនុស្សគ្រប់រូបត្រូវមានដើម្បីអាចសម្រេចការងារមួយបាន។ ទំនុកចិត្តដែលអ្នកបង្ហាញចេញនៅផ្ទៃមុខរបស់អ្នក ជាទំនុកចិត្តដ៏ធំធេងបំផុតហើយវាបានបង្កើតជាកម្លាំងចិត្តដល់ក្រុមការងារទាំងអស់។ ទំនុកចិត្តនាំមកនូវភាពរឹងមាំ ភាពវិជ្ជមាន និងកម្លាំងក្នុងការជម្រុញដំណើរការការងារឲ្យទៅមុខ។ វានៅបន្ថែមមួយទៀតគឺភាពស្រលាញ់ងប់ងល់លើអាជីវកម្មមួយនោះ ស្តាប់ទៅវាហាក់ដូចជាហួសហេតុបន្តិចមែន តែបើម្ចាស់អាជីវកម្មមិនមានភាពស្រលាញ់ងប់ងល់លើអាជីវកម្មរបស់ខ្លួននោះច្បាស់ជាមិនអាចជំនះបញ្ហាដើម្បីដឹកនាំអាជីវកម្មរបស់ខ្លួនទៅមុខបាននោះទេ។ នៅពេលសហគ្រិនម្នាក់បានដាក់ចិត្តស្រលាញ់​ដល់អាជីវកម្មមានន័យថា គេបានដាក់បេះដូងក្នុងការបំពេញបេសកកម្មមួយនោះ ទោះជាជួបឧបសគ្គយ៉ាងណាក៏គេអាចហែលឆ្លងបានដែរ។ 

២) រៀបចំផែនការ

ជាអ្នកគ្រប់គ្រង ឬអ្នកដឹកនាំគឺត្រូវរៀបចំផែនការ។ គ្មានអ្នកគ្រប់គ្រងណាដែលមិនចេះធ្វើផែនការនោះទេ បើអ្នកបរាជ័យក្នុងការធ្វើផែនការ នោះអ្នកកំពុងមានផែនការក្នុងការបរាជ័យ។

៣) មានការឆ្លើយតបយ៉ាងល្អជាមួយក្រុមការងារ

អ្នកដឹកនាំជាមនុស្សដែលគ្រប់គ្នាក្នុងក្រុមចាំដើរតាម ដោយសារអ្នកដឹកនាំជាមនុស្សដែលមានភាពរឹងមាំ ក្លាហាន មិនញញើតនឹងប្រឈមជាមួយបញ្ហា ហ៊ានធ្វើការសម្រេចចិត្តដ៏មោះមុតបំផុត។ អ្នកដឹកនាំដែលមានភាពទទួលខុសត្រូវ ធ្វើសកម្មភាពសម្រាប់អាជីវកម្មដោយមិនគិតពីខ្លួនឯង តែគិតពីអ្វីដែលជាផលប្រយោជន៍ក្រុមរួម។ រាល់ការសម្រេចចិត្ត ការអនុវត្តការងារគឺផ្អែកតាមភាពពិតជាក់ស្តែង យោងទៅតាមការប្រមូលទិន្នន័យជាក់ស្តែងជាជាងការសន្និដ្ឋានដោយគ្មានហេតុផលច្បាស់លាស់។ 

៤) មានការលើកទឹកចិត្ត និងឥរិយាបថរាបទាប

ចក្ខុវិស័យជាការកំណត់ទិសដៅយ៉ាងច្បាស់ដើម្បីដើរទៅមុខ។ ប្រើចក្ខុវិស័យដើម្បីដឹកនាំក្រុមការងារឲ្យមានកម្លាំងចិត្តកាន់ដៃគ្នាដើរទៅលើគោលដៅដែលបានដៅទុក ហើយទទួលបានលទ្ធផលដែលជាការរំពឹងទុក។ ការលើកទឹកចិត្តជាពាក្យសម្តី កាយវិការ ជាកតា្តចម្បងដែលត្រូវធ្វើ និងធ្វើជាប្រចាំចៀសវាងអ្នកក្រោមបង្គាប់ ឬក្រុមការងារទាំងអស់រងការខ្នាំងខ្នាក់ចិត្តពីការស្តីបន្ទោសណាមួយ។ ការលើកទឹកចិត្តបានចូលរួមក្នុងការជម្រុញសន្ទុះការងារឲ្យមានការរីកចម្រើនទៅមុខបានយ៉ាងមានប្រសិទ្ធភាព។ អ្នកដឹកនាំដែលមានការលើកទឹកចិត្តបុគ្គលិក ឬអ្នកនៅក្រោមបង្គាប់បានល្អ ត្រូវបានគេចាត់ទុកជាអ្នកដឹកនាំដ៏ពូកែព្រោះគេបានយល់ពីស្ថានភាពបុគ្គលិកម្នាក់ៗ និងចេះធ្វើការលើកទឹកចិត្តបុគ្គលិកតាមវិធីផ្សេងៗគ្នា។

៥) ការយល់ពីសមាជិកក្រុមជារឿងសំខាន់

មេដឹកនាំល្អ យល់ច្បាស់ពីបញ្ហារួមរបស់ក្រុម ហើយក៏យល់ពីបញ្ហារបស់បុគ្គលម្នាក់ៗដែរ។ ពួកគេក៏តែងស្វាគមន៍នូវរាល់បញ្ហាប្រឈម ការរិះគន់នានា រួមជាមួយទស្សនៈឬមតិរិះគន់ផ្សេងៗដើម្បីកែលម្អរភាពខ្វះខាត។ ការចំណាយពេលស្វែងយល់ពីសមាជិកម្នាក់ៗនៅក្នុងក្រុមរបស់អ្នក និងការដឹងពីបញ្ហាណាមួយទាំងរឿងការងារ ឬរឿងផ្ទាល់ខ្លួនជារឿងសំខាន់ ព្រោះទាំងនេះសុទ្ធតែអាចជះឥទ្ធិពលដល់ពួកគេនៅកន្លែងធ្វើការ រួមទាំងដំណើរវែងឆ្ងាយទៅថ្ងៃមុខនៃជីវិតអាជីវកម្ម។

៦) ចេះឱបក្រសោប និងផ្តល់តម្លៃ

វាមិនមែនជាកំហុសនោះទេនៅពេលដែលអ្នកគ្រប់គ្រងចេះឱបក្រសោប និងផ្ដល់តម្លៃដល់បុគ្គលិក ឬអ្នកនៅក្រោមបង្គាប់របស់ខ្លួន។ តែ​វា​មិនមែនជាការឱប​ក្រសោបនៅពេលដែលមានកំហុសខុសឆ្គងធំដុំលោកទេ តែការឱបក្រសោប​នេះធ្វើឡើងនៅពេលដែលអ្នកដឹកនាំចង់ឱ្យនរណាម្នាក់មានការកែប្រែកំហុស នឹងព្យាយាមធ្វើឲ្យគេក្លាយទៅជាមនុស្សម្នាក់ដ៏ល្អរបស់អង្គភាព។ ការផ្ដល់តម្លៃឲ្យនរណាម្នាក់វាជាការលើកទឹកចិត្តដ៏ធំធេង និងជាកម្លាំងជំរុញឲ្យបុគ្គលរូបនោះអាចបំពេញការងារទៅតាមទិសដៅដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

៧) ផ្តល់ជូន ធនធានសមស្របដល់បុគ្គលិក

ការផ្តល់​ជូន​នូវ​ធនធាន​ដ៏​សមស្របទៅដល់បុគ្គលិក ឬអ្នកនៅក្រោមបង្គាប់មានន័យថា ការប្រើជូននូវប្រាក់បៀវត្សន៍ដ៏សមរម្យ សម្ភារៈប្រើប្រាស់សម្រាប់ការងារ ដែលអាចបង្កឲ្យមានភាពងាយស្រួលដល់ការអនុវត្តការងារដោយមានប្រសិទ្ធភាព។ វាបន្ថែមការផ្ដល់ជាកាដូលើកទឹកចិត្តតាមរយៈហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

៨) បង្កើតការទំនាក់ទំនងគ្រប់ជាន់ថ្នាក់

ទំនាក់ទំនងគឺជារឿងមួយសំខាន់បំផុតសម្រាប់ភាពជាអ្នកដឹកនាំ។ ការបង្កើតទំនាក់ទំនងរៀបការចេកជាមួយនឹងមនុស្សគ្រប់គ្នានៅក្នុងអង្គភាពបង្ហាញភាពសិទ្ធិស្នាលដែលអ្នកដឹកនាំត្រូវមាន។

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ពិសេស​ Startup ប្រសិន​បើ​អ្នក​អនុវត្ត​តាម​វិធី​សាស្រ្ត​ទាំង ៨ ចំណុច​គោល​ខាង​លើ​នេះ​អ្នក​នឹង​អាច​ដឹក​នាំ​អាជីវកម្ម​ទៅ​មុខ​បាន​យ៉ាង​រលូន​៕

ដោយ៖ យ៉ាយ៉ា

 

X
5s