វៀតណាមត្រូវប៉ាន់ទៀតហើយ​ ក្រោយពី Panasonic ​សម្រេច​​​បិទ​​រោងចក្រ​​ធំ​មួយ​នៅ​​​ថៃ​ ទៅ​បើក​​នៅ​ទីនោះ​



ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​​របស់​ជប៉ុន​ដ៏​ធំ​មួយ​ Panasonic ​នឹង​បិទ​រោង​ចក្រ​ដ៏​ធំ​មួយ​នៅ​ក្បែរ​ទីក្រុង​បាងកក​​អំឡុង​ពេល​ព្យុះភ្លៀង​ដោយ​សារ​តែ​កូវីដ​១៩​ ហើយ​សម្រេច​​ទៅ​បោះ​ទីតាំង​នៅ​ប្រទេស​វៀតណាម​វិញ។ ​នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ Nikkei Asian Review

​​រោង​ចក្រ​នៅ​ប្រទេស​ថៃ​ នឹង​ត្រូវ​​បាន​បិទ​ជា​បន្តបន្ទាប់​ក្នុង​នោះ​ មាន​ម៉ាស៊ីន​បោក​ខោអាវ​ នៅ​ខែ​កញ្ញា​ និង​ម៉ាស៊ីន​ត្រជាក់​នៅ​ខែ​តុលា។ ​អគារ​រោងចក្រ​ទាំង​មូល​នឹង​បិទ​នៅ​ខែ​មីនា​ ឆ្នាំ​២០២១​ ហើយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ​ក៏​នឹង​ត្រូវ​បិទ​ដូច​គ្នា។

បច្ចុប្បន្ន​ ​មាន​កម្មករ​ប្រមាណ​ ៨០០​នាក់​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​នា​ទីក្រុង​បាងកក។

ការ​សម្រេច​ចិត្ត​ទៅ​ប្រទេស​វៀតណាម​នា​ពេល​នេះ​ គឺ​ក្នុង​គោលបំណង​​បន្ថយ​តម្លៃ​ដើម​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​​គ្រឿង​បង្គុំរ។ រោងចក្រ​នៅ​ប្រទេស​​វៀតណាម​ មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​ទីក្រុង​ហាណូយ​ គឺ​ជា​មជ្ឈមណ្ឌល​ផលិត​ម៉ាស៊ីន​បោកខោអាវ​ និង​ម៉ាស៊ីន​ត្រជាក់​ធំ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​មាន​សមត្ថភាព​​លើស​ពី​បរិមាណ​ត្រូវការ​ផលិត​ទៅ​ទៀត។

ការ​ផ្លាស់ប្ដូរ​ទីតាំង​រោចក្រ​របស់​ក្រុមហ៊ុន​ជប៉ុន​គឺ​ចាប់​ផ្ដើម​កើត​មាន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​ម្ល៉េះ​ ដោយ​សារ​តែ​លុយ​យ៉េន​ឡើង​ថ្លៃ​​ជា​បន្ត​បន្ទាប់​​ បន្ទាប់​ពី​ប្រទេស​ជប៉ុន​ផ្លាស់ប្ដូរ​នយោបាយ​​ហិរញ្ញវត្ថុ​​ដោយ​ប្ដូរ​មក​ជ្រើស​រើស​អត្រា​ប្ដូរ​ប្រាក់​អណ្ដែត​វិញ​ដែល​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ថ្លៃ។ ​ប្រទេស​ពីរ​នៅ​អាស៊ាន​ដែល​ទទួល​បាន​ផល​ចំណេញ​ដំបូង​ឡើយ​ គឺ​សិង្ហបុរី​ និង​ម៉ាឡេស៊ី។

ក្រោយ​មក​ទៀត​ ក៏​មាន​ការ​ផ្លាស់ប្ដូរ​រោងចក្រ​មក​បណ្ដា​ប្រទេស​ផ្សេង​​ៗ​ដូច​ជា​ថៃ​ជា​ដើម​បន្ទាប់​ពី​ប្រាក់​ឈ្នួល​នៅ​សិង្ហបុរី​ ឡើង​ថ្លៃ​ខ្ពស់។

ដោយ​ឡែក​ ​ការ​សម្រេច​ចិត្ត​​លើក​នេះ​ ក៏​ដោយ​សារ​តែ​ហេតុផល​​​នៃ​ការ​ជ្រើស​រើស​​ទីតាំង​សក្ដានុពល​ ​ជា​មួយ​តម្លៃ​ពលកម្ម​ថោក។ វៀតណាម​ត្រូវ​បាន​ក្រុមហ៊ុន​ពិនិត្យ​​ឃើញ​ពី​សក្ដានុពល​ទាំង​នេះ​ ដែល​​មួយ​ចំណែក​ធំ​ ខ្លួន​នឹង​អាច​​បំពេញ​នូវ​តម្រូវ​ការ​​ម៉ាស៊ីន​ត្រជាក់ ​ម៉ាស៊ីន​បោកខោអាវ​ និង​មីក្រូវ៉ែវ​ ​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​បណ្ដា​ដែល​មាន​ប្រជាជន​ច្រើន​ស្រាប់​នៅ​តំបន់​អាស៊ាន​ដូច​ជា​ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​ជា​ដើម។

ការ​សម្រេច​បើក​ទីតាំង​រោចក្រ​នៅ​វៀតណាម​មិនមែន​ជា​លើក​ដំបូង​របស់​ខ្លួន​នោះ​ទេ​ ព្រោះ​ថា​ បច្ចុប្បន្ន​ ​​ក្រុមហ៊ុន​​បាន​និង​កំពុង​​ជួល​កម្មករ​វៀតណាម​ ៨០០០​នាក់​សម្រាប់​ការ​ផលិត​រោងចក្រ​ខ្នាត​តូច​ផលិតផល​ទូរទស្សន៍ ​ទូរស័ព្ទ​ ម៉ាស៊ីន​ឆូត​កាត​បង់​ប្រាក់​ និង​ឧបករណ៍​បម្រើ​ឧស្សាហកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត៕

X
5s