រដ្ឋាភិបាលថៃ លូកដៃស្រោចស្រង់ Thai Airways ក្រោយប្រកាសថាក្ស័យធន
រស់រានមានជីវិតអស់រយៈពេលប្រមាណ ៦០ឆ្នាំ ស្រាប់តែ Thai Airways ប្រកាសត្រៀមក្ស័យធនជាផ្លូវការកាលពីដើមសប្ដាហ៍នេះ ក្រោយមានការរាយការណ៍ថាបានខាតបង់ប្រាក់ដោយសារការរាតត្បាតនៃវីរុសកូវីដ ១៩ បានធ្វើឲ្យវិស័យអាកាសចរណ៍ពិភពលោកជាប់គាំង។ នេះបើយោងតាមការដកស្រង់ចេញពីគេហទំព័រ Straits Times ចេញផ្សាយកាលពីថ្ងៃទី ១៨ និងThe Thaiger ចេញផ្សាយកាលពីថ្ងៃទី ១៧ ឧសភានេះ។
ដោយឡែក ការចេញផ្សាយពីសារព័ត៌មាន BBC News កាលពីយប់ថ្ងៃទី ១៩ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍មួយនេះកំពុងត្រូវបានការសង្គ្រោះពីរដ្ឋាភិបាល ដោយមន្ត្រីថៃបានប្រាប់ទៅក្រុមហ៊ុនអាកាសចរណ៍ Thai Airways ឱ្យបង្កើតផែនការរៀបចំរចនាសម្ព័ន្ធដើម្បីជៀសវាងការក្ស័យធន។
ដូចគ្នានេះដែរ តាមការចេញផ្សាយពីគេហទំព័រ samchui.com បានឲ្យដឹងថា រដ្ឋាភិបាលថៃតម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ធ្វើការរៀបចំរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឡើងវិញនៅតុលាការ (bankruptcy court) ចៀសវាងការប្រកាសក្ស័យធន។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃលោក Saksayam Chidchob បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ «ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងចូលក្នុងដំណើរការស្តារនីតិសម្បទាមួយនៅក្រោមតុលាការ។ យើងបានសំរេចចិត្តដាក់ពាក្យសុំរៀបចំរចនាសម្ព័ន្ធឡើងវិញហើយមិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្ស័យធនទេ។ ក្រុមហ៊ុនអាកាសចរណ៍នឹងបន្តប្រតិបត្តិការ»។ លោកក៏បានមានប្រសាសន៍ថា៖ «គណៈរដ្ឋមន្រ្តីក៏បានយល់ព្រមផងដែរថា រដ្ឋាភិបាលនឹងកាត់បន្ថយការកាន់កាប់របស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Thai Airways នៅក្រោម ៥០ % ដោយបញ្ចប់ឋានៈរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជាសហគ្រាសរដ្ឋ»។
ក្រុមហ៊ុនអាកាសចរណ៍នេះបានជួបការលំបាកក្នុងពេលកន្លងមក ដោយបានស្នើសុំប្រាក់ធានាពីរដ្ឋាភិបាលតាមរយៈប្រាក់កម្ចី ៥៨,១ កោដិបាត (១,៨១ កោដិដុល្លារអាមេរិក)។ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងស្ថិតក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុ តាំងពីមុនពេលមានការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ ១៩ មកម្លោះដែលត្រូវបានគេកត់សម្គាល់ថាចំនួនអ្នកដំណើរមានការធ្លាក់ចុះ ហើយនៅឆ្នាំ ២០១៩ គេបានរាយការណ៍អំពីការខាតបង់ចំណូលប្រមាណ ១២ កោដិបាត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាននិយាយថា៖ «ខ្លួនគ្មានចេតនាដាក់ពាក្យសុំក្ស័យធនទេឆ្លើយតបទៅនឹងពាក្យចចាមអារាមដែលលេចចេញនៅក្នុងព័ត៌មាននិងតាមអ៊ិនធរណេត»។ រដ្ឋាភិបាលថៃ បានបញ្ចេញកញ្ចប់ជួយសង្គ្រោះទៅដល់ក្រុមហ៊ុនអាកាសចរណ៍គឺពាក់ព័ន្ធនឹងប្រាក់កម្ចីដែលធានាដោយរដ្ឋាភិបាលដែលគាំទ្រដោយក្រសួងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបាននិយាយថាការធ្វើដំណើរតាមផ្លូវអាកាស មិនត្រូវបានគេរំពឹងថានឹងវិលត្រឡប់មករកភាពប្រក្រតីវិញទេរហូតដល់ឆ្នាំ ២០២៣ ដោយដាក់សម្ពាធបន្ថែមទៀតទៅលើក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះត្រូវបានគ្រប់គ្រង និងកាន់កាប់ដោយរដ្ឋាភិបាលចំនួន ៥១%ដោយបានដាក់ជាសហគ្រាសរដ្ឋ មានការត្រួតពិនិត្យដោយគណៈកម្មាធិការគោលនយោបាយសហគ្រាសរដ្ឋ។ ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េមានយន្តហោះប្រមាណ ៨០ គ្រឿងនិងផ្តល់ការងារដល់មនុស្ស ២២.០០០ នាក់។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថានៅសប្តាហ៍នេះដែរថា ខ្លួននឹងមិនបន្តជើងហោះហើរអន្តរជាតិទេ ដែលរងចាំយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៣០ ខែមិថុនា៕