អនុវត្ត ៣ ជំហានខាងក្រោមដើម្បីសម្រេចជ្រើសអាជីពការងារមួយដោយគ្មានការស្តាយក្រោយ
ការងារគឺជាចំណូលដែលអ្នកចាំបាច់ត្រូវរកវាដើម្បីផ្គត់ផ្គង់ជីវភាពរសនៅ។ អាជីពការងារមួយដែលអ្នកជ្រើសរើសអាចជាការស្រលាញ់ពេញចិត្តរបស់អ្នកព្រោះតែដុង ឬនិស្ស័យដែលមាន ស្របពេលដែលមានមនុស្សមួយចំនួនផ្សេងទៀតសម្រេចចិត្តជ្រើសរើសការងារមួយដោយសារកាលៈទេសៈបង្ខំ។
អ្នកដែលបានសិក្សាបញ្ចប់ថា្នក់វិទ្យាល័យ ឬកំពុងបន្តថ្នាក់បរិញ្ញាបត្រគឺជាពេលមួយដែលពួកគេកំពុងបែកចែកខួរក្បាលគិតលើការសិក្សាផង និងគិតចាប់យកឱកាសការងារផងព្រោះដោយសារចង់ចំណូលផ្គត់ផ្គង់ការចំណាយផ្ទាល់ខ្លួន ក៏ដូចជាចង់បានបទពិសោធន៍។ តែជាទូទៅ ការងារដំបូងដែលយើងចាប់យកវាតែងតែឃុំយើងទុកក្នុងវិស័យនោះ ហើយមានមនុស្សមិនតិចទេដែលបានខកចិត្តចំពោះការងារមួយដែលខ្លួនបានជ្រើសរើស ព្រោះគេពិបាកដកខ្លួនចេញ ហើយទៅចាប់អាជីពការងារក្នុងជំនាញថ្មីមួយទៀត។ ធ្វើយ៉ាងណាទើបអាចសម្រេចចិត្តជ្រើសរើសយកអាជីពការងារមួយដោយគ្មានការស្តាយក្រោយ?
១) មានផែនការ រៀបចំផ្លូវដែលជាផែនទីសម្រាប់អាជីពការងារនោះឲ្យបានច្បាស់លាស់
ចាប់ផ្តើមការងារមួយ ទោះវាជាការងារដំបូង ឬជាការងារបន្ទាប់ក្នុងអាជីព អ្នកមិនត្រូវធ្វើការសម្រេចចិត្តដោយគ្មានការគិតគូច្បាស់លាស់ទេ។ ពេលខ្លះដោយសារតែអ្នកមិនទាន់ស្គាល់ច្បាស់ថាការងារនោះវាបែបណា វាសក្តិសមនឹងចំណេះដឹង បទពិសោធន៍ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែរឬទេ? អ្នកត្រូវសួរខ្លួឯងនូវសំនួរទាំង ៣ ខាងក្រោមនេះ៖
ក) តើការងារនោះនឹងអាចផ្តល់អ្វីខ្លះដល់ខ្ញុំ ក្រៅពីប្រាក់ខែ? តើខ្ញុំខ្លួនឯងអាចផ្តល់អ្វីបានខ្លះដល់អាជីពមួយនេះ? ហើយវាអាចឲ្យខ្ញុំពេញចិត្តនឹងរីករាយជាមួយអាជីពនេះបានកម្រិតណា ហើយបន្តបានយូររហូតដល់ពេលណា?
ខ) តើទំនាក់ទំនងនៅកន្លែងការងារនោះ នឹងក្លាយជាមេរៀនដ៏មានតម្លៃយ៉ាងណាខ្លះដែលខ្ញុំអាចរៀនសូត្របាន?
គ) តើការងារមួយនេះវាបានផ្តល់បរិយាកាសអ្វីខ្លះដែលខ្ញុំអាចរៀនពីឱកាសនិងបទពិសោធន៍ ហើយលក្ខណៈពិសេសនៃបទពិសោធន៍នេះខ្ញុំនឹងយកវាទៅប្រើប្រាស់បានទេក្នុងពេលខាងមុខ?
២) បង្កើតផែនការច្រាស់មួយនៃអាជីពការងាររបស់អ្នក និងកំណត់សកម្មភាពគោលដៅទុកជាមុន
បង្កើតផែនការច្រាស់ ឬដើរត្រលប់ក្រោយវិញចេញពីការងារដែលនាំឲ្យអ្នកមានអារម្មណ៍ថាឈឺក្បាល រងសម្ពាធ។ វាជារឿងល្អណាស់ប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងការងារ (Probation) រយៈពេល ៣ ទៅ ៦ខែ ការដែលក្រុមហ៊ុនកំណត់ឲ្យមានដំណាក់កាលសាកល្បងការងារគឺជាការទុកឱកាសទាំងក្រុមហ៊ុន ទាំងខ្លួនយើងផ្ទាល់ធ្វើការស្ទាបស្ទង់សិនថាការងារនោះយើងអាចធ្វើបានឬទេ ចំណែកក្រុមហ៊ុនអាចបន្តទទួលយកយើងជាបុគ្គលិកបានឬទេ? បើអ្នកគិតថាការងារនោះមិនសក្តិសមនឹងសមត្ថភាពអ្នក ឬអ្នកមិនសូវជារីករាយក្នុងការងារនោះទេ ដកខ្លួនចេញហើយរកការងារណាដែលអ្នកពេញចិត្តទៅ។
៣) មិនគួរសម្រេចចិត្តនៅពេលដែលគ្មានតុល្យភាពលើអារម្មណ៍
មានន័យថាអ្នកមិនគួរធ្វើការសម្រេចចិត្តទទួលយកការងារមួយ នៅពេលដែលអារម្មណ៍អ្នកមិនល្អ អ្នកកំពុងរងនូវជំងឺបាក់ទឹកចិត្ត ឬដោយសារពាក្យបណ្តុសបង្អាប់នានា។ តាមការសិក្សាមួយបានបង្ហាញថា នៅពេលអ្នកមានអារម្មណ៍វិជ្ជមាន គ្មានការរងសម្ពាធ ពេលអ្នកអាចគ្រប់គ្រងអារម្មណ៍បានឲ្យស្ថិតក្នុងតុល្យភាពមួយវាជួយឲ្យអ្នកមានលទ្ធភាពច្រើនក្នុងការទទួលបានការងារមួយដែលពេញចិត្ត ស៊ីទៅនឹងចំណង់ចំណូលចិត្តអ្នក ហើយភាគរយនៃការស្តាយក្រោយក៏តិចដែរ។ ព្រោះអារម្មណ៍វិជ្ជមានជួយបើកផ្លូវឲ្យអ្នកពិចារណា រកឃើញផ្លូវច្រើនដើម្បីជ្រើសរើស ហើយអាចបែងចែក ស្វែងរកថាអ្នកនឹងមានលទ្ធភាពបង្កើតកំហុសកម្រិតណា។ ចំណែកឯគំនិត និងអារម្មណ៍អវិជ្ជមានតែងឃុំអ្នកនៅក្នុងគំនិតដ៏សុញមួយ រកមិនឃើញផ្លូវផ្សេងក្រៅពីជម្រើសមួយនោះទើបបណ្តោយអ្នកឲ្យសម្រេចចិត្តទាំងបង្ខំ។
ដោយ៖ យ៉ាយ៉ា