កូវីដ១៩ វ៉ៃលុកពិភពលោក ថៅកែ Zoom កើបលុយជិត ៤ពាន់លានដុល្លារត្រឹម ៣ខែ
អាជីវកម្មរាប់សិបម៉ឺននៅទូទាំងពិភពលោកសុទ្ធតែទទួលរងបញ្ហាប្រឈមខាងផ្នែកប្រតិបត្តិការ និងការរកចំណូល ក្នុងពេលដែលវីរុសកូវីដ១៩ បាននិងកំពុងវ៉ៃលុកពិភពលោក។ ប៉ុន្តែសម្រាប់ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធី Zoom លោក Eric Yuan បាននិងកំពុងកើបលុយហើយត្រឹមតែ ៣ខែចុងក្រោយនេះ ខ្លួនរកបាន ៤០០០ (៤ ពាន់) លានដុល្លារ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Business Insider។
លោក Eric Yuan សញ្ជាតិអាមេរិក ដើមកំណើតចិន បានបង្កើតកម្មវិធី Zoom ដែលជាកម្មវិធី Video Conference App កាលពីឆ្នាំ២០១១ ប៉ុន្តែកម្មវិធីនេះ មានការចាប់អារម្មណ៍ប្រើយ៉ាងគំហុកនៅទូទាំងពិភពលោកក្នុងអំឡុងផ្ទុះឡើងកូវីដ១៩ នាដើមឆ្នាំ២០២០ នេះ។ តម្លៃរបស់ភាគហ៊ុនរបស់កម្មវិធី Zoom បានហក់ឡើងយ៉ាងគួរឱ្យកត់សម្គាល់។
បើតាមយោងតាមសន្ទស្សន៍មហាសេដ្ឋីពិភពលោករបស់ Bloomberg (Bloomberg Billionaires Index) បានឱ្យដឹងថា លោក Eric Yuan មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៥ពាន់លានដុល្លារឯណោះ។ នៅពេលសារព័ត៌មាន Business Insider ស្នើសុំសម្ភាសន៍ លោកបានបដិសេធតាមជំនួយការរបស់លោកថា លោកមានការមមាញឹកខ្លាំងដែលត្រូវចំណាយពេលប្រមាណ ១៨ម៉ោងក្នុងមួយថ្ងៃជាមួយ Zoom។
ស្ថាបនិករូបនេះ មានទីកំណើតនៅខេត្ត Shandong កើតនៅឆ្នាំ១៩៧០ ដែលឪពុកម្ដាយរបស់លោក គឺជាវិស្វកររ៉ែ ហើយលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណិតសាស្ត្រ និងអនុបណ្ឌិតផ្នែកវិស្វករ នៅសាកលវិទ្យាល័យប្រទេសចិន។ លោកបានចំណាយពេលធ្វើការ ៤ ឆ្នាំនៅប្រទេសជប៉ុន មុនពេលបញ្ចប់ការសិក្សា។ លោកមានកត្តាជំរុញចិត្តចង់មកធ្វើការនៅតំបន់ Silicon Valley ដែលគេស្គាល់ថា ជាមជ្ឈមណ្ឌលក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោកមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។
សូមបញ្ជាក់៖ ក្រុម hackers ធ្វើស៊ីកម្មវិធី Zoom ខណៈកំពុងមានកំណើនអ្នកប្រើប្រាស់កម្មវិធីកាន់តែច្រើន
ទោះជាចង់ធ្វើដំណើរមកធ្វើការនៅសហរដ្ឋអាមេរិកបែបនេះក្ដីតែលោកបានបរាជ័យក្នុងការស្នើសុំទិដ្ឋាការទៅធ្វើការនៅអាមេរិក ៨ដង រហូតដល់ឆ្នាំ១៩៩៧ ទើបលោកបានជាប់ ខណៈនោះ លោកមានអាយុត្រឹមតែ ២៧ឆ្នាំប៉ុណ្ណោះ។ លោកអាចនិយាយភាសាអង់គ្លេសបានបន្តិចបន្តួចប៉ុណ្ណោះនៅពេលមកដល់អាមេរិកដំបូង។ លោកថា លោកធ្លាក់ច្រើនដងពេលស្នើរសុំទិដ្ឋាការដោយសារតែលោកមានការទាស់សម្ដីគ្នាជាមួយនឹងមន្ត្រីអន្តោប្រវែសន៍។
មុនពេលបង្កើត Zoom លោក Yuan គឺជាអនុប្រធានក្រុមហ៊ុន Cisco System ដែលធ្វើការលើគម្រោង Videoconferencing ឈ្មោះ WebEx ដែលត្រូវបានក្រុមហ៊ុន Cisco ទិញនៅឆ្នាំ២០០៧៕
ដោយ៖ រតនៈវិភូ
ប្រភព៖ Business Insider, Bloomberg and Forbes