កូរ៉ូណាធ្វើឲ្យសេដ្ឋកិច្ចិភិពលោកជួបវិបត្តិវឹកវរ ហើយ ៣​ចំណុចនេះ​លោកអ្នក​គួរដឹង!​



ខណៈពេលចិនកំពុងទប់ទល់នឹងវីរុសកូរ៉ូណា ផលប៉ះពាល់សេដ្ឋកិច្ចកំពុងសាយភាយប៉ះពាល់ទៅដល់ប្រទេសនានាលើពិភពលោក ។ គិតត្រឹមខែធ្នូការឆ្លងនៃវីរុសនេះក្នុងទីក្រុងវូហាន ប្រទេសចិន មានប្រមាណជាង ៧០ ០០០ករណី និងឆ្លងទៅដល់ប្រទេសនានាទូទាំងពិភពលោក។ អាជីវកម្មជាច្រើនខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ ជាប់គាំងការនាំចូលវត្ថុធាតុដើម បណ្ដាលមកពីការបិទក្រុមហ៊ុនជាច្រើននៅចិន ហើយប្រជាជន ប្រហែល១០លាននាក់តាមទីក្រុងមួយចំនួនត្រូវបានហាមឃាត់មិនឲ្យចេញក្រៅ ហើយប្រទេសមួយចំនួនទៀតបន្តរឹតបន្តឹងការធ្វើដំណើរជាបន្តបន្ទាប់។

Reuters Poll: Coronavirus impact on the Chinese economy ប្រភពរូប៖ wef

  • ការព្យាករណ៍ធ្លាក់ចុះយ៉ាងគំហុក
    ចិនជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ និងជាប្រទេសដែលមានទំហំការដោះដូរពាណិជ្ជកម្មធំផងដែរ។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាយក្សអាស៊ីមួយនេះបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកដែរ។ ការស្រង់ស្ថិតិសេដ្ឋកិច្ចរបស់ Reuters ធ្វើឡើងថ្ងៃទី៧-១៣ ខែកុម្ភះ រកឃើញថា កំណើនសេដ្ឋកិច្ចចិននឹងធ្លាក់ចុះមកត្រឹម ៤,៥% ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ជាការធ្លាក់ចុះពីអត្រាកំណើន ៦%កាលពីត្រីមាសមុន ហើយអត្រាកំណើនទាបបំផុត បើគិតតាំងពីអំឡុងពេលការជួបវិបត្តិហិរញ្ញវត្ថុមក។ យ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចនៅតែមានសុទិដ្ឋិនិយមដែរថា សុខុមាលភាពសេដ្ឋកិច្ចចិននឹងល្អប្រសើរឡើងវិញឆាប់រហ័សប្រសិនបើស្ថានភាពនៃការផ្ទុះវីរុសមួយនេះអាចដោះស្រាយ និងមានភាពធូរស្រាល។

    Image result for barrel oil
  • តម្រូវការប្រេងធ្លាក់ចុះ
    ចិនជាប្រទេសនាំចូលប្រេងច្រើនជាងគេក្នុងពិភពលោក។ ផលប៉ពាល់នៃការឆ្លងវីរុសនេះ លើវិស័យឧស្សាហកម្ម និង ទេសចរណ៏ ធ្វើឲ្យភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency ) ព្យាករណ៍ថាតម្រូវការប្រេងនឹងមានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

    របាយការណ៍ប្រចាំខែ ចុងក្រោយបំផុត របស់ភ្នាក់ងារថាមពលអន្តរជាតិបង្ហាញថា តម្រូវការប្រេងទូទាំងពិភពលោកធ្លាក់ចុះ ដោយសារការរាលដាលនៃវីរុសកូរ៉ូណា និង ការបិទរោងចក្រជាច្រើនក្នុងប្រទេសចិនជាបន្តបន្ទាប់។  តម្រូវការប្រេង ត្រូវបានរំពឹងទុកថានឹងធា្លក់ចុះមកត្រឹម ៤៣ ៥០០០ បារ៉ែលក្នុងត្រីមាសទី១ ឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលជាការធ្លាក់ចុះប្រចាំត្រីមាសលើកទី១ក្នុងពេលជាង១០ឆ្នាំ។
  • ការរាំងស្ទះសកម្មភាពពាណិជ្ជកម្ម
    កង្វះខាតការនាំចូលវត្ថុធាតុដើមពីចិនកំពុងជះឥទ្ឋិពលអវិជ្ជមានដល់ក្រុមហ៊ុនជាច្រើនលើពិភពលោករាប់បញ្ចូលទាំងកម្ពុជាផង។ ក្រុមហ៊ុនមួយចំនួនផ្អាកការដំណើរការតាំងពីពេលចូលឆ្នាំចិនហើយបុគ្គលិកជាច្រើនស្នាក់នៅក្នុងផ្ទះ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃវីរុស។ ក្រុមហ៊ុនApple និង Foxconn ស្ថិតនៅប្រទេស ចិនកំពុងជួបបញ្ហាការផ្អាកការផលិត។ រោងចក្រផលិតឡានជាច្រើនរួមទាំង Nissan និង Hyundai នៅក្រៅប្រទេសចិនបានបិទបណ្តោះអាសន្នដោយសារបញ្ហាកង្វះខាតគ្រឿងបរិក្ខារ។ កម្មវិធីពាណិជ្ចកម្ម និង កម្មវិធីកីឡាជាច្រើននៅប្រទេសចិន និង តាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ត្រូវបានលុបចោលឬក៏ពន្យាពេល។ វិស័យទេសចរណ៍បានទទួលរងការគំរាមកំហែង ដោយសារតែបញ្ហាឳនភាពសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសនេះ។

    របាយការណ៍មួយចេញផ្សាយដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (UN’s International Civil Aviation Organization) បង្ហាញថា  ចំណូលសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកនឹងធ្លាក់ចុះប្រហែល ៤-៥ ពាន់លានដុល្លានៅត្រីមាសទី១ ឆ្នាំ២០២០ បណ្តាលមកពីការផ្អាកជើងហោះហើរបណ្ដោះអាសន្ន។ ជប៉ុននឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ១,២៩ពាន់លានដុល្លាក្នុងត្រីមាសទី១ ដោយសារការធ្លាក់ចុះនៃអ្នកដំណើរជនជាតិចិន ខណះថៃវិញនឹងខាតបង់ប្រហែល១,១៥ពាន់លានដុល្លា៕

ដោយ៖ ជា ឧត្តម្ត

 

X
5s