ពិសេសមែន! គម្រោងកំពង់ផែទឹកជ្រៅ១៤,៥ម៉ែត្រអាចទទួលនាវា៩៣%ពីតំបន់អាស៊ីប៉ាស៊ីហ្វិក
ដើម្បីសម្រួលដល់ការដឹកទំនិញចេញចូល និងអភិវឌ្ឍវិស័យគមនាគមន៍ផ្លូវទឹកនៅកម្ពុជាឲ្យកាន់តែប្រសើរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមសហការជាមួយអង្គការ JICA លើគម្រោងសាងសង់ កំពង់ផែកុងតឺន័រទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដែលមានជម្រៅរហូតដល់ ១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតឲ្យនាវា និងកប៉ាល់ធំៗរហូតដល់ ៩៣ភាគរយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលចតបាន។
នេះជាការលើកឡើងរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នរាល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា គឺត្រូវចូលចតនៅកំពង់ផែប្រទេសសិង្ហបុរី និងហុងកុងជាមុនសិន ដូច្នេះរាល់ការដាក់ចុះលើកឡើង គឺត្រូវការចំណាយថវិកាច្រើនណាស់ ជាហេតុនាំឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់កំពង់ផែទឹកជ្រៅជម្រៅ ១៤ម៉ែត្រកន្លះនេះ ដែលអាចអនុញ្ញាតឲ្យនាវារហូតដល់ ៩៣% នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលមកចតនៅកម្ពុជាតែម្ដង ដោយមិនចាំបាច់ចូលទៅសិង្ហបុរី និងហុងកុងនោះទេ។
ឯកឧត្ដមក៏បានបញ្ជាក់ផងដែរ ពីគម្រោងកំពង់ផែមួយទៀតក្នុងខេត្តព្រះសីហនុ ដែលមានប្រវែង១៧ម៉ែត្រ មានសមត្ថភាពអាចដឹកទំនិញត្រង់ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកតែម្ដង ដោយគម្រោងទាំងពីរនេះគ្រោងនឹងធ្វើក្នុងពេលជាមួយគ្នា។ គម្រោងទាំងពីរនេះ គឺស្ថិតនៅក្រោមជំនួយសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិង អង្គការ JICA របស់ជប៉ុន ដោយក្នុងនោះគម្រោងកំពង់ផែទឹកជ្រៅ ១៤ម៉ែត្រកន្លះ គឺបានផ្ដល់ថវិកាសម្រាប់សាងសង់រួចហើយ និងគម្រោងទី២កំពង់តែធ្វើការសិក្សា។
កម្ពុជាជាប្រទេសដែលមានសក្ដានុពលលើវិស័យដឹកជញ្ជូនផ្លូវទឹក ព្រោះយើងមានទន្លេជាច្រើនដូចជា ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេសាបជាដើម ដែលសុទ្ធសឹងជាគមនាគមន៍ផ្លូវទឹកដ៏សំខាន់មិនអាចខ្វះបាន។ បច្ចុប្បន្ន ក្រសួងសាធារណការនិងដឹកជញ្ជូន បាននឹងកំពុងសហការជាមួយ អង្គការ KOICA របស់កូរ៉េ ធ្វើផែនការមេ សិក្សាទៅលើការដឹកទំនិញតាមដងទន្លេ ដើម្បីជំរុញវិស័យដឹកជញ្ជូនផ្លូវទឹកកម្ពុជាឲ្យកាន់តែប្រសើរ៕
ដោយ៖ ជួប ស្រីរ័ត្ន