អ្នកជំនាញ៖ ពន្ធ២០%ដែលកម្ពុជាត្រូវបង់ពី EBA នឹងមិនធ្វើឲ្យសេដ្ឋកិច្ចថមថយខ្លាំងនោះទេ
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) លើផ្នែកខ្លះចេញពីកម្ពុជា ដែលមានទំហំសរុបប្រមាណ ២០ភាគរយ។
ជុំវិញបញ្ហានេះផងដែរ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ចាន់ សុផល បានបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន ២០% នៃទំនិញនាំចេញសរុប ដែលវាមានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។
(រូបភាព៖ Sophal Chan)
លោកបណ្ឌិតបានរៀបរាប់យ៉ាងដូច្នេះថា «តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេបើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ»។
លោកបញ្ជាក់បន្ថែមថា ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗព្រោះថា ៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថាបានរីកចម្រើនឡើងផុតពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries – LDCs)។
អ្នកជំនាញបន្ថែមថា ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះ មានចំនួន៤៨ ក្នុងចំណោមជាង ២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើងជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង។
គួរបញ្ជាក់ផងដែរថា ជានីតិវិធី បើគណៈកម្មការអឺរ៉ុប ពិតជាព្យួរមែន រយៈពេល៦ខែក្រោយ ទើបការសម្រេចនោះ ចូលជាធរមាន នោះមានន័យថា សហភាពអឺរ៉ុប នឹងចាប់ផ្តើមយកពន្ធលើការនាំចូលទំនិញពីកម្ពុជា នៅខែសីហា ឆ្នាំ២០២០នេះ៕
ដោយ៖ ជួប ស្រីរ័ត្ន