EU ប្រកាសដក EBA ទំនិញវាយនភណ្ឌមួយចំនួនពីកម្ពុជា ស្មើនឹងទឹកប្រាក់ ១ពាន់លានអ៊ឺរ៉ូ តែក៏ទុក...
គណៈកម្មាធិការអ៊ឺរ៉ុបបានសម្រេចដកការអនុគ្រោះព័ន្ធផ្នែកមួយចំនួនដែលស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ដោយសារតែការរំលោភបំពានគោលការណ៍សិទ្ធិមនុស្សធ្ងន់ធ្ងរដែលបានចែងក្នុង អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធមនុស្សនិងសិទ្ធិនយោបាយ (International Covenant on Civiland Political Rights)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហគមអ៊ឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ ពីទីក្រុងBrussels។
ការដកហូតប្រព័ន្ធអនុគ្រោះព័ន្ធនេះធ្វើឲ្យប៉ះពាល់ទៅដល់វិស័យមួយចំនួន ដូចជា ផលិតផលវិស័យកាត់ដេរនិងស្បែកជើង ផលិតទំនិញធ្វើដំណើរ (Travel Goods) និងស្ករស។
ការដកការអនុគ្រោះព័ន្ធនេះស្មើនឹងប្រមាណ១ភាគ៥ ឬស្មើនឹង១ពាន់លានអ៊ឺរ៉ូ នៃទំនិញនាំចេញរបស់កម្ពុជាប្រចាំឆ្នាំទៅកាន់សហភាពអ៊ឺរ៉ុប ដោយប្រសិនបើមិនមានការជំទាស់ពីសភាអ៊ឺរ៉ុប (European Parliament) និងក្រុមប្រឹក្សាអ៊ឺរ៉ុប (Council) នោះទេ ការដកហូតការអនុគ្រោះព័ន្ធនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តទៅ។
លោក Joseph Borrell Fontelles អនុប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍ថា៖ «រយៈពេល ទំហំ និងឥទ្ធិពលរបស់កម្ពុជាទៅលើការបំពានសិទ្ធិចូលរួមនយោបាយ និងសេរីភាពបញ្ចេញមតិនិងការចូលរួមធ្វើឲ្យសហគមអ៊ឺរ៉ុបមិនមានជម្រើសអ្វីផ្សេងទៀតក្រៅពីដកការអនុគ្រោះព័ន្ធមួយចំនួនចេញពីប្រទេសមួយនេះនោះទេ។»
ជាមួយគ្នានេះ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោក Phil Hogan បានមានប្រសាន៍ថា៖ «សហភាពអ៊ឺរ៉ុបមានការប្ដេជ្ញាក្នុងការជួយគាំទ្រទៅដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការផ្ដល់នូវការអនុគ្រោះព័ន្ធគយលើទំនិញនាំចេញរបស់កម្ពុជា។ ប៉ុន្តែដោយសារការគោរពសិទ្ធិមនុស្សមិនអាចមានផ្លូវចរចាបានសម្រាប់ពួកយើង។ យើងបានសម្គាល់ឃើញថាការរីចម្រើនរបស់ប្រទេសកម្ពុជាល្អ ប៉ុន្តែការព្រួយបារម្ភនៅតែកើតមាន។ គោលបំណងរបស់ពួកយើងគឺចង់ឲ្យអជ្ញាធរកម្ពុជាបញ្ចប់ការបំពានសិទ្ធិមនុស្ស ហើយយើងនឹងធ្វើការសហការគ្នាដើម្បីសម្រេចគោលបំណងនោះ។»
ការសម្រេចចិត្តដកព័ន្ធគយផ្នែកមួយចំនួននេះធ្វើឡើងតាមការធ្វើការស៊ីជម្រៅជាមួយរដ្ឋាភិបាលកម្ពុជានិងអ្នកពាក់ពន្ធផ្សេងៗ ដោយពាក់ព័ន្ធនឹងសិទ្ធិសិទ្ធិស៊ីវិលនិងនយោបាយមិនឃើញមានភាពរីកចម្រើនឡើយចាប់តាំងពីការដាក់ដំណើរការដកការអនុគ្រោះព័ន្ធតាំងពីខែកុម្ភះ ឆ្នាំ២០១៩មក។ ជាពិសេសក្នុងរយៈពេល១២ខែ គណៈកម្មាធិការអ៊ឺរ៉ុបនិងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (EEAS)បានធ្វើការរៀបចំបេសកកម្មជាមួយកម្ពុជានិងបានធ្វើកិច្ចប្រជុំជាច្រើនដងជាមួយអជ្ញាធរកម្ពុជាទាំងកម្រិតបច្ចេកទេសនិងនយោបាយ។
គួរបញ្ចាក់ផងដែរថា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាគឺសហភាពអ៊ឺរ៉ុប ដែលស្មើនឹង៤៥ភាគរយនៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០១៨។ ការនាំចេញរបស់កម្ពុជាទៅអ៊ឺរ៉ុបកើនដល់ចំនួន ៥.៤ ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ២០១៨ ដែលមានចំនួនកើនឡើង៥ដងបើធៀបនឹងទឹកប្រាក់ ២.៥ ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ២០១៣។ ៩៥.៧ភាគរយនៃការនាំចេញទាំងនេះទៅកាន់ទីផ្សារអ៊ឺរ៉ុបគឺស្ថិតក្រោមការអនុគ្រោះព័ន្ធ EBA៕
ដោយ៖ លង់ វណ្ណៈ