ខណៈចិនមករកស៊ីច្រើន ជប៉ុនកំពុងសម្លឹងចាប់យកសក្តានុពលវិនិយោគបន្ថែមនៅកម្ពុជាក្នុងនាមជាដៃគូល្អ
ក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាវិនិយោគិនចូលមកក្នុងប្រទេសកម្ពុជាច្រើនសន្ធឹក ហើយរបរជាច្រើនក៏ត្រូវបានជនជាតិចិនចាប់យករាប់ចាប់តាំងពីក្រុមហ៊ុនវិនិយោគផ្នែកសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ រហូតដល់អាជីវកម្មដូចជា ហាងបាយ ផ្សារទំនើប ហាងកាហ្វេជាដើម។
ស្របពេលជាមួយគ្នានេះ វិនិយោគិនជប៉ុនក៏កំពុងសំលឹងមើលពីសក្តានុពលកម្ពុជាបន្ទាប់ពីប្រទេសទាំងពីរមានការផ្សារភ្ជាប់ចំណងមិត្តភាពរវាងគ្នានិងគ្នាអស់រយៈពេលជាយូរមកហើយ ហើយគ្រប់គ្នាក៏សុទ្ធតែបានដឹងដែរថាជប៉ុនជាមិត្តដ៏ល្អបំផុតរបស់កម្ពុជា។
លោក តាកាហាស៊ី ហ្វូមីយ៉ាគិ ប្រធានសមាគមន៍កម្ពុជា-ជប៉ុន (Japan Cambodia Association JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់បេសកកម្មកាលពីឆ្នាំ ២០០៧ បានមានប្រសាសន៍ថា ជប៉ុនកំពុងងាកមករកការជួយជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការកៀរគរវិនិយោគិនជប៉ុនមកបណ្ដាក់ទុនឲ្យបានច្រើន។
លោកបានមានប្រសាសន៍បន្តថា៖ “បើតាមខ្ញុំចាំមិនខុសទេ កាលពីខ្ញុំនៅជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាពោលគឺឆ្នាំ ២០០៦ ក្រុមហ៊ុនជប៉ុនដែលចូលមកវិនិយោគក្នុងនៅទីនេះមានប្រមាណ ៣០ ក្រុមហ៊ុនប៉ុណ្ណោះ។ តែបើធៀបពីសេដ្ឋកិច្ចពេលនោះ និងបច្ចុប្បន្នគឺខុសគ្នា បច្ចុប្បន្នកម្ពុជាមានភាពរីកចម្រើនលូតលាស់ច្រើនឥតឈប់ឈរជារៀងរាល់ថ្ងៃ រួមផ្សំជាមួយកត្តាកំណើនប្រជាជនគួរឲ្យកត់សម្គាល់ថែមទៀត”។
លោកបានបន្តថា ក្នុងនាមជាប្រធានសមាគមន៍កម្ពុជា-ជប៉ុន JCA លោកកំពុងព្យាយាមធ្វើយ៉ាងណានាំវិនិយោគិនជប៉ុនមកកម្ពុជាឲ្យបានច្រើន ដោយមានការវិនិយោគលើគ្រប់វិស័យ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែខ្លាំងឡើងនិងមានការប្រកួតប្រជែងខ្ពស់ប្រកបដោយភាពស៊ីវិល័យ។
ប្រធានសមាគមន៍កម្ពុជា-ជប៉ុនរូបនេះបានថ្លែងទៀតថា កម្ពុជាមានទីតាំងសកត្តានុពលជាច្រើនដើម្បីទាក់ទាញវិនិយោគិនជប៉ុន ពិសេសតំបន់ដែលជាគោលដៅសំខាន់នៃការសំលឹងទុកលើការវិនិយោគនេះគឺទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ ឆ្លើយតបនឹងសំណួរមួយថា “មានផលលំបាក ឬកត្តាជាឧបសគ្គអ្វីទៅដែលធ្វើឲ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងប្រទេសកម្ពុជាតិច ហើយវាទាមទារឲ្យមានការបង្កើតជាសមាគមន៍គាំពារដល់ការវិនិយោគរបស់ជប៉ុនបែបនេះ”? លោកហ្វូមីយ៉ាគិបានមានប្រសាសន៍ថា៖ “តាមការសង្កេតរបស់ខ្ញុំ ជាក់ស្តែងទៅវាដូចជាគ្មានឧបសគ្គឬផលរំខានអ្វីធំទេ តែមកពីវិនិយោគិនជប៉ុនមួយចំនួនមិនទាន់ស្គាល់ មិនទាន់ក្តាប់បានពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាថាដើរដល់ចំណុចណាហើយតែប៉ុណ្ណោះ”។
នេះជាមូលហេតុដែលពួកគាត់ហាក់នៅមានចិត្តស្ទាក់ស្ទើរនៅឡើយ មុនសម្រេចចិត្តវិនិយោគអ្វីមួយពួកគាត់ទាមទារទទួលបានព័ត៌មានជាច្រើន ដូច្នេះហើយពេលនេះសមាគមន៍ដើរតួនាទីជាស្ពាននាំវិនិយោគិនមក ហើយបង្ហាញគាត់ថាប្រទេសកម្ពុជាជាប្រទេសបែបណា វប្បធម៌រវាងប្រទេសទាំងពីរមានចំណុចដូច និងចំណុចខុសគ្នាត្រង់ណាខ្លះ។ បន្ទាប់ពីពួកគាត់បានស្គាល់ បានដឹង បានឮហើយពួកគាត់អាចនឹងធ្វើការសម្រេចចិត្តថាតើគួរធ្វើបែបណា រកវិធីសាស្រ្តបែបណាវិនិយោគឲ្យបានសមស្របនឹងទិដ្ឋភាពជាក់ស្តែង លោកហ្វូមីយ៉ាគិបញ្ជាក់។
គួរបញ្ជាក់ដែរថា ការថ្លែងរបស់លោកតាកាហាស៊ី ហ្វូមីយ៉ាគិ ធ្វើឡើងក្នុងកម្មវិធី ជំនួបពាណិជ្ជកម្មកម្ពុជា-ជប៉ុន រៀបចំឡើងកាលពីល្ងាចថ្ងៃអង្គារទី ១០ ខែធ្នូ ឆ្នាំ២០១៩ ដោយ Japan Cambodia Association (JCA) សហការណ៍ជាមួយ Cambodian-Japan Association for Business & Investment (CJBI) ដែលជាវេទិកាផ្គូផ្គងវិនិយោគិនកម្ពុជា-ជប៉ុនឲ្យបានជួបពិភាក្សា និងបង្កើតឱកាសវិនិយោគជាមួយគ្នាដោយមានការសម្របសម្រួលដោយ អ្នកនាង វេង សេរីវឌ្ឍនា អ្នកសម្របសម្រួលរវាង JCA និង JCAP។
លោក ចាន់ ធូ ប្រធាន Japan Cambodia Association Partner (JCAP) ក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធាន JCAP ដែលបានសហការណ៍រៀបចំកម្មវិធីនេះឡើងគឺក្នុងគោលបំណងនាំវិនិយោគិនជប៉ុនមកកម្ពុជាប្រកបដោយសេចក្តីទុកចិត្ត ក្តីសប្បាយរីករាយ និងប្រកបដោយភាពជោគជ័យលើការវិនិយោគ។
អ្វីទាំងអស់នេះធ្វើឡើងចៀសវាងការដែលពួកគាត់មកត្រឹមរយៈពេល ហើយត្រូវត្រលប់ទៅវិញទាំងមិនសប្បាយចិត្ត ដោយសារជនជាតិជប៉ុនមានទម្លាប់មួយគឺប្រកាន់យកភាពត្រឹមត្រូវ ផ្តល់តម្លៃលើទំនុកចិត្ត បើយើងទាំងអស់គ្នាអាចធ្វើបាន មានភាពទទួលខុសត្រូវខ្ពស់ វាគឺជាឱកាសសម្រាប់អភិវឌ្ឍន៍ប្រទេសបានយ៉ាងប្រសើរ៕
ដោយ៖ យ៉ាយ៉ា