ក្រុមហ៊ុនជីប ម៉ុង វិនិយោគទឹកប្រាក់ជាង ៤លានដុល្លារ លើគម្រោងកែច្នៃកាកសំណល់
ក្រុមហ៊ុនជីប ម៉ុង វិនិយោគទឹកប្រាក់ជាង ៤ លានដុល្លារអាមេរិក លើគម្រោងបង្កើតរោងចក្រ ជីប ម៉ុង អេកូសាយខល (Ecocycle) ដែលជាគម្រោងកែច្នៃកាកសំណល់ដំបូងគេនៅកម្ពុជា ហើយមានសត្ថមភាពដុតកំទេចសំណល់ឧស្សាហកម្មប្រមាណ ២៤០តោនក្នុង១ថ្ងៃ។
ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន។ គម្រោង ជីប ម៉ុង អេកូសាយខល ដែលមានបទដ្ឋានខ្ពស់បំពាក់ដោយឧបករណ៍ និងគ្រឿង ម៉ាស៊ីនមកពីប្រទេសអាលឺ្លម៉ង់ និងប្រទេសចិន ដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនកាបូនិច ដោយគោរពតាមបទដ្ឋានបរិស្ថានកម្រិតជាតិ និងអន្តរជាតិ។
លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានគូសបញ្ជាក់ ថា គម្រោង ជីប ម៉ុង អេកូសាយខល ដែលផ្តួចផ្តើមបង្កើតឡើងនៅដើមឆ្នាំ២០១៩នេះ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈលិខិតអនុញ្ញាតចុះថ្ងៃទី១១ខែមេសាឆ្នាំ២០១៩ ដែលអនុញ្ញាតអោយ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី «ប្រមូល ដឹកជញ្ជូន ស្តុកទុក និង ដុតកំទេចសំណល់ឧស្សាហកម្ម»។
លោកឧកញ៉ាបានមានប្រសាសន៍ថា៖ «យើងបានចំណាយប្រាក់វិនិយោគអស់ជាង ៤ លានដុល្លារអាមេរិកលើគម្រោងនេះ។ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិកបម្រើការងារផ្ទាល់ជាង ១០នាក់ និង អ្នកម៉ៅការបន្តជាង៥០នាក់ និង បន្តបង្កើតឱកាសការងារបន្ថែមទៀតនៅពេលខាងមុខ។ បច្ចុប្បន្នគម្រោងនេះបានធ្វើកិច្ចការផ្ទាល់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ និង ខេត្តព្រះសីហនុ។ ឡ អេកូសាយខល មានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ១០តោនក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏ ជាង ៧០០០ តោនក្នុង១ខែ»។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំចូលនូវបច្ចេកវិទ្យាទំនើប ឆ្លើយតបនឹងបទដ្ឋានបរិស្ថាន។ ឯកឧត្តមបានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនជីបម៉ុងលើវិស័យថ្មីៗដូចជាគម្រោងធ្វើការកែច្នៃសំណល់នេះ ជាការចូលរួមលើកកម្ពស់បរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀតលើបញ្ហាសំរាម និងលើកទឹកចិត្តក្រុមហ៊ុនដទៃទៀតអនុវត្តគោល ការណ៍បរិស្ថានដូចដែលក្រុមហ៊ុន ជីប ម៉ុង បាននិងកំពុងប្រតិបត្តិដែលប្រែក្លាយសំណល់ទៅជាផល ប្រយោជន៍សេដ្ឋកិច្ច។
សូមបញ្ជាក់ថា ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយទៀត ដែលនៅក្រោមដំបូល តែមួយរបស់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលកើតចេញពីការវិនិយោគទុនរួមគ្នាក្នុងទឹកប្រាក់ ២៦២ លានដុល្លារអាមេរិក រវាងក្រុមហ៊ុនជីប ម៉ុង និងក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) របស់ថៃ៕