ហេតុផល ៨ ចំណុចបង្ហាញថាអាជីវកម្មបង្កើតថ្មី (Startup) ត្រូវចូលរួមកម្មវិធីជម្រុញអាជីវកម្ម​



អាជីវកម្មបង្កើតថ្មី ឬ Startup ជាប្រភេទអាជីវកម្មមួយប្រភេទដែលចាប់ដើមទុនសមល្មម ហើយសារសហគ្រិនមានគំនិតចង់ដោះស្រាយបញ្ហាដែលកើតមានក្នុងសង្គម។ វាជាគំនិតអាជីវកម្មថ្មីដែលអាចមានលទ្ធភាពពង្រីកខ្លួនបានធំធាត់លឿន ហើយក៏អាចនឹងប្រឈមជាមួយហានិភ័យខ្លាំងដូចគ្នាខណៈដែលសហគ្រិនមិនបានរៀបចំផ្លូវដើររបស់ខ្លួនបានល្អ។

កម្មវិធីជម្រុញល្បឿនអាជីវកម្ម (Accelerate Program) ជាកម្មវិធីមួយដែលជួយផ្តល់ការណែនាំរយៈពេលខ្លីពី ៣ ទៅ ៤ ខែដើម្បីឲ្យម្ចាស់អាជីវកម្មបានសិក្សាពីការរៀបចំផែនការសម្រាប់អាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ រៀបចំយុទ្ធសាស្រ្ត និងការងារមួយចំនួនធំទៀតក្នុងដំណើរការអាជីវកម្មរបស់សខ្លួន។ ខាងក្រោមនេះជាហេតុផលដែលម្ចាស់អាជីវកម្មបង្កើតថ្មី Startup ត្រូវចូលរួមក្នុងកម្មវិធីជម្រុញល្បឿនអាជីវកម្ម៖

១) ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ

ចាប់ផ្តើម Startup ម្ចាស់អាជីវកម្មហាក់ដូចជាឯកោ ប្រឈមនឹងការប្រកួតប្រជែងខ្លាំង ជាហេតុដែលកម្មវិធីជម្រុញល្បឿនអាជីវកម្មដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយគាំទ្រអ្នក។ ចូលរួមក្នុងកម្មវិធីជម្រុញល្បឿនអាជីវកម្មនេះ អ្នកទទួលបានការណែនាំ និងគាំទ្រពី mentor ទទួលបានការបង្ហាញផ្លូវ ឬពេលខ្លះអ្នកក៏ទទួលបានការគាំទ្រជាដើមទុនទៀត។

២) ងាយទទួលបានការវិនិយោគ

ទោះបីជាម្ចាស់អាជីវកម្មមានលទ្ធភាពទទួលបានដើមទុនពីកម្មវិធីជម្រុញល្បឿនអាជីវកម្មក្តី ក៏មិនមែនមានន័យថាអាចគ្រប់គ្រាន់ដើម្បីវិនិយោគបន្ថែមដែរ ចាំបាច់ត្រូវមានការចូលរួមពីវិនិយោគិនដើម្បីពង្រីកអាជីវកម្ម។ កម្មវិធីជម្រុញល្បឿនអាជីវកម្មផ្តល់លទ្ធភាពខ្ពស់ដល់ម្ចាស់អាជីវកម្មទទួលបានការវិនិយោគពីអ្នកវិនិយោគ។

៣) ទទួលបានចំណេះដឹង

កម្មវិធីបង្កើនល្បឿនអាជីវកម្ម រក្សាទុកព័ត៌មានជាច្រើនទាក់ទងនឹងបទពិសោធន៍ ជំនាញ ដែលផ្តល់ដោយអ្នកជំនាញក៏ដូចជា mentor។ ផ្តល់ជូនការបណ្ដុះបណ្ដាលបន្ថែមលើផ្នែកលក់ ទីផ្សារ ទំនាក់ទំនង ការគ្រប់គ្រងហិរញ្ញវត្ថុ និងគន្លឹះនៃការចាប់យកឱកាសវិនិយោគជាដើម។  

៤) ពង្រីកបណ្ដាញអតិថិជន

ចូលរួមក្នុងកម្មវិធីបង្កើនល្បឿនអាជីវកម្ម វាហាក់ដូចជាការចូលរួមក្នុងសមាគម ឬសហគមន៍ថ្មីមួយទៀតអាចឲ្យម្ចាស់អាជីវកមុ្មស្គាល់មនុស្សបានកាន់តែច្រើន អាចបង្កើតបណ្ដាញទំនាក់ទំនងបានកាន់តែច្រើន មានឱកាសជួបជាមួយអតិថិជនគោលដៅបានកាន់តែច្រើន។

៥) អភិវឌ្ឍជំនាញ

ការអភិវឌ្ឍជំនាញដែលផ្តល់ដោយកម្មវិធីបង្កើនល្បឿនអាជីវកម្ម គឺជួយម្ចាស់អាជីវកម្មក្នុងការចែករំលែកជំនាញគ្រប់គ្រងមួយចំនួនជាមួយម្ចាស់អាជីវកម្ម ឬស្ថាបនិកដទៃទៀត សាកល្បងដោះដូរគំនិតគ្នាក្នុងការងារគ្រប់គ្រងពិសេសគឺការគ្រប់គ្រងក្រុមការងារតែម្តង។

៦) ការគ្រប់គ្រងហានិភ័យ

គ្មានការវិនិយោគណាដែលគ្មានហានិភ័យទេ តែការចាប់ផ្តើម Startup គឺកាន់តែប្រឈមនឹងហានិភ័យ។ ហានិភ័យមិនមែនមានតែលើការលក់ទេតែវាមានដូចជា ហានិភ័យលើដំណើរការនៃសង្វាក់ផលិតកម្ម ការកំណត់ថ្លៃ ហានិភ័យបច្ចេកវិទ្យា ហានិភ័យប្រតិបត្តិការ ហានិភ័យផ្នែកបម្រើអតិថិជន ហានិភ័យផ្នែកទីផ្សារ ធនធានមនុស្ស ហិរញ្ញវត្ថុ សុទ្ធតែត្រូវប្រឈមនឹងហានិភ័យទាំងអស់។ ការចូលរួមក្នុងកម្មវិធីបង្កើនល្បឿនអាជីវកម្មជួយម្ចាស់អាជីវកម្មកំណត់ បែងចែកហានិភ័យឲ្យនៅកម្រិតអប្បរមា (ព្រោះយើងមិនអាចលុបហានិភ័យចោលបានទាំងស្រុងទេ)។

៧) លើកទឹកចិត្ត និងសុជីវធម៌

បរិយាកាសនៃកិច្ចសហការគ្នារវាងម្ចាស់អាជីវកម្ម និងកម្មវិធីបង្កើនល្បឿនអាជីវកម្មហាក់ជាឧបករណ៍មួយជម្រុញឲ្យអាជីវកម្មដើរទៅមុខយ៉ាងល្អ។ ការស្គាល់មនុស្សកាន់តែច្រើន លទ្ធភាពនៃការបង្កើត បង្កើនបណ្ដាញទំនាក់ទំនងក៏កាន់តែច្រើន ហើយវាជាការជះឥទ្ធិពលល្អមួយសម្រាប់ការប្រកបអាជីវកម្ម ព្រោះអ្នកទទួលបានការគាំទ្រច្រើនជាងមុន។

៨) ទទួលបានការគាំទ្ររយៈពេលវេងទោះបីកម្មវិធីបង្កើនល្បឿនអាជីវកម្មបានបញ្ចប់ក្តី

ជាក់ណាស់ថាកម្មវិធីបង្កើនល្បឿនអាជីវកម្មមានរយៈពេលខ្លីត្រឹមតែ ៣ ទៅ ៤ខែក៏ដោយ តែចំណេះដឹង ទំនាក់ទំនង ឱកាសវិនិយោគមិនមែនបានត្រឹមរយៈពេលខ្លីក្រោយពេលបញ្ចប់វគ្គនោះទេ អ្នកអាចរក្សាអ្វីទាំងអស់ជាកេរ្តិ៍កាល និងជារៀងរហូតប្រសិនបើអ្នកនៅតែឬបន្ត និងរក្សាអ្វីៗឲ្យនៅល្អប្រសើរ។ អ្នកណែនាំ ឬ mentor ក៏ដូចគ្នាអ្នកនៅតែអាចសុំការប្រឹក្សាយោបល់លើចំណុចមួយចំនួនបានក្រោយបញ្ចប់កម្មវិធី ជាមួយគ្នានេះដែរ បណ្ដាញអតិថិជនដែលអ្នកប្រមូលបានគឺជាធនធានមានតម្លៃបំផុតរបស់អ្នកដែលបានមកពីកម្មវិធីបង្កើនល្បឿនអាជីវកម្មមួយនេះ។ 

ជាថ្មីម្តងទៀតអ្នកអាចកំណត់ និងមើលឃើញពីអនាគតរបស់អាជីវកម្មអ្នកយ៉ាងច្បាស់បន្ទាប់ពីការចូលរួមក្នុងកម្មវិធីបង្កើនល្បឿនអាជីវកម្ម កាលណាអ្នកអាចរក្សាទំនាក់ទំនងឲ្យបានល្អប្រសើរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s