ឧកញ្ញ៉ា សុង សារ៉ន៖ យើងត្រូវការថវិកាប្រមាណ២០០លានដុល្លារ ដើម្បីសម្រេចតាមផែនការនាំអង្ករចេញ១លានតោន​



លោកឧកញ្ញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបនឹងជាប់ការបោះឆ្នោតអាណត្តិថ្មីនេះ បានលើកឡើងថា ដើម្បីសម្រេចឲ្យបានការនាំចេញស្រូវអង្ករឲ្យបាន១លានតោនតាមផែនការ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវការថវិកាប្រមាណជា២០០លានដុល្លារបន្ថែម ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រ សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ ២០២០-២០២៣ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ លោកឧកញ្ញ៉ា សុង សារ៉ន បានឲ្យដឹងថា បច្ចុប្បន្ន ការនាំចេញអង្ករ មានចំនួនជាង៦០ម៉ឺនតោន ដោយទទួលបានចំណូលប្រហែលជាង៤០០លានដុល្លារ ហើយសហព័ន្ធចង់សម្រេចឲ្យបានការនាំចេញឲ្យបានចំណូល៨០០-១០០០លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។ 

លោកឧកញ្ញ៉ាបន្តថា ក្នុងនោះថវិកា២០០លានដុល្លារ ដែលត្រូវការ គឺយើងពឹងផ្អែកលើធនាគារជាដៃគូរ ពិសេសធនាគារអភិវឌ្ឍន៍ជនបទ និងរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នឥណទានឯកជន ក្នុងអត្រាការប្រាក់សមរម្យ។ «ការស្នើសុំ២០០លានដុល្លារនេះ ផ្ដោតសំខាន់លើការទិញស្រូវពីកសិករ និងដើម្បីជៀសវាងការពឹងពាក់ទាំងស្រុង លើប្រទេសវៀតណាម ដែលតែងតែប្រមូលទិញស្រូវ ពេលកសិករប្រមូលផល និងជាកត្តាមួយធ្វើឲ្យស្រូវចុះថោក»។

ឧកញ្ញ៉ាបញ្ជាក់ថា ដើម្បីសម្រេចផែនការនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា នឹងកំណត់យកនូវគោលដៅចំនួន២ ជាគោលដៅអទិភាព សំរាប់វិស័យស្រូវអង្ករកម្ពុជា។ ដោយគោលដៅទី១៖ ស្វែងរកយន្តការដែលអាចពង្រីកទីផ្សារ ជាពិសេសការនាំចេញឲ្យបាន១លានតោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២២ តទៅ ហើយមាននិរន្តរ៍ភាពកំណើន ស្របតាមគោលនយោបាយជាតិ ស្រូវអង្ករ ២០១៨ -២០៣០ និងទី២៖ ស្វែងរយកយន្តការ និងយុទ្ធសាស្ត្រដែលធ្វើសហគមន៍ អ្នករកស៊ីផ្នែកស្រូវអង្ករកម្ពុជា មានប្រាក់ចំណេញសមស្រប និងមាននិរន្តរ៍ភាពប្រតិបត្តិការ។

គួរបញ្ជាក់ថា បន្ទាប់ពីសហភាពអឺរ៉ុប សម្រេចយកពន្ធលើការនាំចូលអង្ករកម្ពុជា  កាលពីខែមករានេះ ប្រទេសចិនបានយល់ព្រម  ក្នុងការបង្កើនកូតានាំចូលអង្ករពីកម្ពុជារហូតដល់ ៤០ម៉ឺនតោននៅឆ្នាំក្នុងនេះ ដោយកាលពីឆ្នាំមុនត្រឹមតែ ៣០ម៉ឺនតោន ហើយប្រទេសវៀតណាម ក៏បានយល់ព្រមក្នុងការបន្តផ្តល់កូតាឲ្យកម្ពុជានាំចូលអង្ករចំនួន ៣០ម៉ឺនតោនផងដែរ៕

ដោយ៖ ស្រីពេជ្រ

X
5s