ហេតុអ្វីបានជាប្រជាជនវៀតណាមប្រថុយនឹងដំណើរដ៏គ្រោះថ្នាក់ដើម្បីបានទៅចក្រភពអង់គ្លេស?
ព័ត៌មាននាពេលថ្មីៗនេះអំពី ជនរងគ្រោះមួយចំនួន៣៩នាក់ត្រូវបានគេប្រទះមនុស្សស្លាប់នៅខាងក្នុងរថយន្ដដឹកទំនិញមួយនៅតំបន់ភាគខាងត្បូង Essex ប្រទេសអង់គ្លេស គឺជាជនជាតិវៀតណាម។
បើតាមសេចក្តីរាយការណ៍ពីអង្គការជួញដូរមនុស្សបាននិយាយ ជនជាតិវៀតណាមជាច្រើននាក់ធ្វើដំណើរដោយខុសច្បាប់ដើម្បីចូលទៅកាន់ប្រទេសអង់គ្លេសដើម្បីរកប្រាក់ផ្ញើទៅឲ្យក្រុមគ្រួសាររបស់ពួកគេ ក៏ប៉ុន្តែហេតុអ្វីបានជាប្រជាជនវៀតណាមហ៊ានប្រថុយនឹងគ្រោះថ្នាក់បែបនេះដើម្បីទៅចក្រភពអង់គ្លេស?
ហេតុអ្វីបានជាពួកគេចាកចេញពីប្រទេសវៀតណាម?
ទោះបីជាប្រទេសវៀតណាមមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លាពិតមែន តែមិនមែនប្រជាជនគ្រប់រូបមានជីវភាពធូរធារតាមសេដ្ឋកិច្ចក្នុងប្រទេសខ្លួននោះទេដែលធ្វើឲ្យប្រទេសមួយនេះនៅតែមានជនចំណាកស្រុកឥតឈប់ឈរដើម្បីរកប្រាក់ពីក្រៅប្រទេសដើម្បីផ្ញើរទៅឲ្យគ្រួសាររបស់ពួកគេវិញ។
បើតាមសម្តីលោកស្រី Mimi Vu ដែលជាអ្នកជំនាញខាងការប្រឆាំងការជួញដូរនៅវៀតណាមក្នុងទីក្រុងហូជីមិញនិយាយថា “ជនចំណាកស្រុកភាគច្រើនដែលទៅអឺរ៉ុបនិងអង់គ្លេស ពិតជាមកពីខេត្តមួយចំនួនតូចនៅក្នុងប្រទេសវៀតណាមដែលចេញពីគ្រួសារក្រីក្រ”។
ក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះការធ្វើចំណាកស្រុកពីប្រទេសវៀតណាមទៅកាន់ចក្រភពអង់គ្លេសមានប្រភពមកពីទីក្រុង Hai Phong និងខេត្ត Quang Ninh ប៉ុន្តែថ្មីៗនេះមានការកើនឡើងនៃការធ្វើចំណាកស្រុកមិនប្រក្រតីដែលមកពីខេត្តកណ្តាលៗចំនួនបីគឺខេត្ត Nghe An, Quang Binh និង Ha Tinh ។ ហើយត្រូវបានគេប៉ាន់ស្មានថានៅប្រទេសវៀតណាមកំពុងមានការរត់ពន្ធមនុស្សប្រហែល ១៨,០០០ នាក់ក្នុងមួយឆ្នាំទៅកាន់ប្រទេសអឺរ៉ុប និងជិត ១ ០០០ នាក់ក្នុងមួយឆ្នាំដែលទៅកាន់សហរដ្ឋអាមេរិក។
ហេតុអី្វបានជាពួកគេចង់ទៅចក្រភពអង់គ្លេស?
លោកស្រី Tamsin Barber សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានយោបាយនៅសាកលវិទ្យាល័យ Oxford-Brookes University និយាយថាសម្រាប់ជនចំណាកស្រុកវៀតណាម ចក្រភពអង់គ្លេសប្រហែលជាគោលដៅពេញនិយមបំផុតនៅអឺរ៉ុប។ ពួកគេដឹងថាប្រសិនបើពួកគេមកចក្រភពអង់គ្លេសវាអាចនឹងទទួលបានការងារធ្វើ ដែលទទួលបានប្រាក់យ៉ាងច្រើនដើម្បីបញ្ជូនត្រលប់ទៅគ្រួសាររបស់ពួកគេវិញនៅប្រទេសវៀតណាម។
ជាធម្មតាពួកគេមកចក្រភពអង់គ្លេសដោយសារមានតម្រូវការការងារខ្ពស់សម្រាប់កម្លាំងជំនាញទាប ដូចជានៅក្នុងភោជនីយដ្ឋាន ហាងធ្វើក្រចក និងឧស្សាហកម្មកញ្ឆាខុសច្បាប់ជាដើម។ បើតាមបទសម្ភាសន៍ជាមួយជនជាតិវៀតណាមដែលវិលត្រឡប់មកពីចក្រភពអង់គ្លេសបានលើកឡើងថាពួកគេភាគច្រើនធ្វើការនៅក្នុងមុខរបរដោយប្រើកម្លាំង ដូចជាកសិកម្មនិងនេសាទ ប៉ុន្តែក៏មានការងារតាមរដូវដែរ ហើយខ្លះទៀតបើកអាជីវកម្មខ្នាតតូចជាដើម និងមានអ្នកមួយចំនួនទៀតដែលអត់ការងារធ្វើ។
តើតម្លៃនៃការធ្វើដំណើរ?
លោកស្រី Vu និយាយថាជនចំណាកស្រុកទាំងនេះភាគច្រើនគឺបង់ថ្លៃសេវាកម្មផ្សេងៗគ្នា សម្រាប់អ្នកដែលមានលុយតិចជាងចាប់ពី ១០ ០០០ ដុល្លារទៅ ១៥ ០០០ ដុល្លារ (៧,៨០០ ទៅ១១,៦០០ អឺរ៉ូ) មានការធ្វើដំណើរលំបាកច្រើន ដូចជារួមបញ្ចូលទាំងការដើរឆ្លងកាត់ព្រៃនៅពេលយប់ក៏មាន។ ប៉ុន្តែសម្រាប់អ្នកដែលអាចមានលទ្ធភាពបង់ប្រាក់ពី ៤ ម៉ឺនដុល្លារទៅ ៥ ម៉ឺនដុល្លារ ភាគច្រើនអាចធ្វើដំណើរតាមយន្ដហោះ។
ការចំណាយប្រាក់ ៣០ ០០០ដុល្លារ ស្មើនឹងពួកគេធ្វើការ ៣០ឆ្នាំសម្រាប់អ្នករស់នៅទីជនបទក្នុងប្រទេសវៀតណាមដើម្បីរកប្រាក់បានប៉ុននេះ។ ពួកគេចំណាយបែបនេះពីព្រោះពួកគេជឿជាក់ថានេះជាមធ្យោបាយល្អបំផុតសម្រាប់ពួកគេឬកូនៗរបស់ពួកគេមានអនាគតល្អប្រសើរ។
បើតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិថា ជនអន្តោប្រវេសន៍ចំណាយប្រាក់ប្រហែល ៣០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ទៅឲ្យមេខ្យល់ដើម្បីអាចឲ្យពួកគេមានឱកាសចេញទៅកាន់ប្រទេសអង់គ្លេសបាន។
ដើម្បីទទួលបានប្រាក់ឲ្យកូនចៅចេញទៅកាន់ប្រទេសក្រៅ គ្រួសារមួយចំនួនត្រូវខ្ចីបុលអ្នកដទៃ ឬមួយចំនួនទៀតត្រូវការខ្ចីបំណុលអាក្រក់ពីម្ចាស់បំណុលដែលមានការប្រាក់ខ្ពស់ស្របតាមមាត់របស់ពួកគេ។
តើពួកគេធ្វើដំណើរទៅចក្រភពអង់គ្លេសដោយរបៀបណា?
មេខ្យល់ឬភ្ងាក់ងារផ្ដល់សេវាកម្មនាំជនអន្តោប្រវេសន៍មានសេវាកម្មចំនួន ២ផ្សេងគ្នាគឺសេវាកម្មតម្លៃថ្លៃ និងសេវាកម្មតម្លៃទាប នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយ Independent Anti-slavery Commissioner។ សេវាកម្មតម្លៃថ្លៃផ្ដល់សេវាកម្មធ្វើដំណើរផ្ទាល់ដោយមិនសូវមានហានិភ័យ។ ក្នុងករណីមួយ អ្នកដែលក្លាយជាជនអន្តោប្រវេសន៍នឹងទទួលបានសបុត្រស្នាមវីសាធុរកិច្ច Schengen និងការហោះហើរផ្ទាល់ទៅកាន់ទីក្រុងប៉ារីស ដែលនៅទីនោះពួកគេមានកន្លែងសុវត្តិភាពមុននឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។ ហើយសេវាកម្មតម្លៃទាបត្រូវការចំណាយពេលរាប់ខែដើម្បីបានទៅដល់ប្រទេសអង់គ្លេស។
លោកស្រី Wu បានមានប្រសាសន៍ថា៖ មិនថាអ្នកជ្រើសរើសសេវាកម្មមួយណានោះទេ អ្នកត្រូវតែជាប់គាំងនៅព្រំដែននិងត្រូវជម្លៀតជិះក្នុងឡានដឹកទំនិញដដែល។
ជនជាតិវៀតណាមភាគច្រើនដែលមកដល់អឺរ៉ុបត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីមុនពេលធ្វើដំណើរទៅតំបន់អឺរ៉ុបខាងកើត។ កាលពីមុនជនរងគ្រោះជាច្រើនបានប្រាប់ប៉ូលីសថាពួកគេបានដើរកាត់ប្រទេសចិនធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស។
តាមពិត ចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ និងប៉ូឡូញ ស្ថិតក្នុងចំណោមប្រទេសដែលឆ្លងកាត់តាមធម្មតាសម្រាប់ជនចំណាកស្រុកវៀតណាមដែលប៉ុនប៉ងធ្វើដំណើរទៅចក្រភពអង់គ្លេស។ ប៉ុន្តែក៏មានអ្នកចំណាកស្រុកជាច្រើនដែលត្រូវឈប់និងឆ្លងកាត់ប្រទេសអ៊ុយក្រែន ឬប៉ូឡូញ ដែលជនអន្តោប្រវេសន៍ត្រូវធ្វើការក្នុងស្ថានភាពសម្ពាធដើម្បីរកប្រាក់កម្រៃដើម្បីធ្វើដំណើរបន្ត ឬធ្វើការដើម្បីយកលុយឲ្យមេខ្យល់របស់ពួកគេ។
ជើងចុងក្រោយនៃការធ្វើដំណើរនាំគឺចេញពីប្រទេសបារាំង ដែលជនអន្តោប្រវេសន៍ត្រូវបង់ប្រាក់ឲ្យមេខ្យល់ដើម្បីលាក់ខ្លួនពួកគេក្នុងផ្នែកណាមួយនៃឡានដឹកទំនិញដោយមិនឲ្យអ្នកដឹកទំនិញដឹង។
របាយការណ៍ថ្មីមួយរបស់ Home Office បានកត់សម្គាល់ថាជនជាតិវៀតណាមដែលត្រូវបានគេជួញដូរដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬកេងប្រវ័ញ្ចផ្លូវភេទ និងការរត់ពន្ធទៅអឺរ៉ុបដោយចេតនាងាយរងគ្រោះពីការកេងប្រវ័ញ្ចក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ជាពិសេសក្មេងស្រីងាយទទួលរងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទដោយអ្នកជួញដូរជាទីបំផុត៕
ដោយ៖ ជា ធារិទ្ធ