ការសិក្សា៖ ទីផ្សារអចលនទ្រព្យកម្ពុជាស្ថិតក្នុងដំណើរលូតលាស់ដោយភាពរឹងមាំ
ការវិភាគលើទិន្នន័យដែលប្រើប្រាស់ជាមធ្យោបាយវាស់វែងពីសុខុមាលភាពវិស័យអចលនទ្រព្យបានបង្ហាញថា វិស័យអចលនទ្រព្យកម្ពុជានៅបន្តភាពរឹងមាំ និងមានភាពធន់ខ្ពស់នៅឆ្នាំ ២០១៩នេះ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន V Trust Appraisal ការសាងសង់ និងផ្គត់ផ្គង់អគារពាណិជ្ជកម្មសម្រាប់ប្រើប្រាស់ក្នុងវិស័យលក់ដុំ និងលក់រាយរក្សាបានកំណើនខ្ពស់នៅឆ្នាំ ២០១៩នេះ ស្របពេលការផ្គត់ផ្គង់អគារការិយាល័យនៅមានសន្ទះខ្លាំង។ បន្ថែមលើនេះ ការសាងសង់និងផ្គត់ផ្គង់អគារលំនៅឋានដូចជាគម្រោងខុនដូ និងសំណង់ផ្ទះជាប់ដីក៏សុទ្ធសឹងមានសកម្មភាពរស់រវើកនៅឆ្នាំ ២០១៩ នេះដែរ។
ក្នុងរយៈពេលពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០១៩ នេះ ចំនួនផ្ទះជាប់ដីដែលក្រុមហ៊ុនអភិវឌ្ឍន៍បានប្រកាសបើកលក់មានចំនួនសរុប ១៣,៩០០ ផ្ទះ (ផ្ទះល្វែង និងផ្ទះវីឡា) ហើយក្នុងនោះផ្ទះចំនួន ៤,៦០០ ខ្នងបានសាងសង់ចប់ និងរួចរាល់សម្រាប់អ្នកទិញចូលនៅ។ នេះបើយោងតាមលោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal។ លោកបន្តថា ក្នុងរយៈពេលដូចគ្នានេះខុនដូចំនួន ៦,៦០០ យូនីតត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយក្នុងនោះខុនដូចំនួន ៦,២០០ យូនីតបានសាងសង់ចប់ និងរួចរាល់សម្រាប់ការចូលនៅ។
ផ្ទះជាប់ដីបន្តមានកំណើនខ្ពស់នៅក្នុងទីផ្សារ
លោកថ្លែងថា៖ «លទ្ធភាពនៃការស្រូបយករបស់ទីផ្សារផ្ទះជាប់ដីបានកើនដល់ ១០ ភាគរយនៅឆ្នាំ ២០១៩ នេះដែលមានន័យថាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលត្រឹមតែ ១២ ខែប៉ុណ្ណោះដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់។ រយៈពេល ១២ ខែជារយៈពេលខ្លី ដែលវាឆ្លុះបញ្ចាំងថាទីផ្សារផ្ទះជាប់ដីមានការទិញលក់រឹតតែល្អនៅឆ្នាំនេះ ខណៈកាលពីឆ្នាំមុនលទ្ធភាពនៃការស្រូបយកនៅលើទីផ្សារមានចំនួនត្រឹមតែ ៨ ភារយប៉ុណ្ណោះ ឬ មានន័យថា ក្រុមហ៊ុនសាងសង់ត្រូវរង់ចាំដល់ទៅ ១៥ ខែដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់»។
លោកបន្តថាទីផ្សារខុនដូ ត្រូវការពេលយូរជាងផ្ទះជាប់ដីបន្តិច ដែលត្រូវការរយៈពេល ៣២ ខែដើម្បីឲ្យអ្នកអភិវឌ្ឍន៍អាចលក់ចេញអស់។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា វានៅតែជារយៈពេលដ៏ល្អមួយ ដោយសារទីផ្សារខុនដូជាទីផ្សារថ្មីនៅកម្ពុជាធៀបនឹងផ្ទះជាប់ដី។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានឹងបន្តកើនឡើងចន្លោះពី ១០ ភាគរយទៅ ១៥ ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាកំណើនល្អមួយ ហើយប្រជាពលរដ្ឋកម្ពុជានៅតែមានឱកាសល្អក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញពីការរីកចម្រើននេះ។
តែទន្ទឹមនេះលោកក្រើនរំឭកថា អ្នកវិនិយោគត្រូវប៉ាន់ប្រមាណពីលទ្ធភាពទិញផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេសគួរចៀសវាងការវិនិយោគច្រើនហួសពេកដែលពឹងលើប្រាក់កម្ចី។
លោកថ្លែងថា៖«បើទោះជាទីផ្សារអចនទ្រព្យនៅល្អ ហើយសង្កេតឃើញមានឱកាស ចំណេញល្អក៏ដោយ អ្នកវិនិយោគក៏ត្រូវគិតគូរពីលំហូរសាច់ប្រាក់ ផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ផងដែរ និងត្រូវចៀសវាងការប្រមូលទិញហួសពីលទ្ធភាពខ្លាំងពេក ដែលអាចបង្កជាការលំបាកទៅវិញ»។
របាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី ១០ តុលាបានបង្ហាញថាប្រទេសកម្ពុជានឹងរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំនៅឆ្នាំ ២០១៩ នេះ ដោយមានអត្រាកំណើន ៧ ភាគរយ។ ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថាផ្នែកសំណង់នៅកម្ពុជានឹងនៅតែមានសកម្មភាពមមាញឹកដែលបង្ហាញថាវិស័យនេះនៅតែជាគោលដៅសំខាន់មួយក្នុងការទាក់ទាញការវិនិយោគ៕
ដៃគូសហការ៖ www.realestate.com.kh