ដំណោះស្រាយបំណុលតាមផ្លូវច្បាប់
បញ្ហាលុយត្រូវត្រូវដោះស្រាលដោយចំណេះដឹងរឿងលុយ! លុយមិនអាចដោះស្រាយបំណុលបានទេ ចំណេះដឹងហិរញ្ញវត្ថុទើបអាចដោះស្រាយបាន។
មុនចូលដល់វិធីដោះស្រាលបំណុល ខ្ញុំសូមនិយាយរឿងមួយមុនសិនគឺ (គោលគំនិត) ដែលត្រឹមត្រូវ គំនិតដែលខ្ញុំចង់លើកមកនិយាយគឺមានពីរគឺ ទីមួយចង់ឈ្នះម្ចាស់បំណុលដោយប្រើច្បាប់ និងគំនិតអវិជ្ជមានចំពោះបំណុលដែល នាំឲ្យអ្នកជាប់បំណុលនៅតែក្រ។
នៅពេលនេះខ្ញុំសុំនិយាយត្រឹមរឿងដំបូងសិន បច្ចុប្បន្នមានអ្នកចេះច្បាប់ និងគ្រូហិរញ្ញវត្ថុមួយចំនួន បានព្យាយាមបង្រៀន និងណែនាំឲ្យអ្នកជាប់បំណុលជ្រើសរើសផ្លូវច្បាប់តទល់ជាមួយម្ចាស់បំណុល ដោយលើករឿងអាជ្ញាយុការ (អាយុរបស់សំណុំរឿង) និងរឿងកិច្ចសន្យាដែលមិនយុត្តិធម៍យកប្រៀបកូនបំណុល។
តាមពិតទៅ ការប្រើវិធីខាងលើគឺអាចប្រើការបានមិនមានអ្វីខុសនោះទេ ជាពិសេសចំពោះការតាមទារបំណុលដោយការជេរប្រមាថ កាទទានកណ្តាលហ្វូងមនុស្ ស(នៅបរទេសមានច្បាប់ហាមមិនឲ្យទារបំណុលនៅទីប្រជុំជន និងកន្លែងធ្វើការ ឬជួបដោយចៃដន្យតាមផ្លូវ។ល។) ដែលរំខានដល់កិត្តិយស និងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងគិតការប្រាក់ក្រៅប្រព័ន្ធដែលលើសតម្លៃរដ្ឋដែលបានកំណត់ (ខ្ពស់បំផុត១,៥%ក្នុងមួយខែ ឬ១៨%ក្នុងមួយឆ្នាំ)។
តែរឿងដែលខ្ញុំធ្លាប់ជួបកន្លងមក អ្នកដែលជ្រើសយកជម្រើសផ្លូវច្បាប់តែមួយមុខដើម្បីតស៊ូដោះស្រាយជាមួយម្ចាស់បំណុល ច្រើនតែមិនមានចំណេះដឹងហិរញ្ញវត្ថុ និងមិនទទួលបានបទពិសោធន៍ដែលនាំឲ្យមានសមត្ថភាពចេះចាត់ចែងលុយកាក់ឲ្យមានភាពល្អប្រសើរជាងនេះនៅក្នុងជីវិតរស់នៅនោះទេ អ្នកខ្លះដោះស្រាយរឿងបំណុលចាស់រួចរាល់ហើយ មិនយូរប៉ុន្មានក៏ជំពាក់គេលើសដើមរឹតតែប្រមាទព្រោះគឹតថាខ្លួនពូកែ និងចេះច្បាប់មានវិធីដោះស្រាយបាន។
ដែលខាតបង់ជាងនេះមានអ្នកខ្លះខ្លាចបំណុល រហូតដល់រាងចាលមិនហ៊ានខ្ចីបំណុលទៀតទេរួចផ្តាំកូនផ្តាំចៅមិនឲ្យពាក់ព័ន្ធជាមួយបំណុលដាច់ខាត ព្រោះបទពិសោធន៍កន្លងមកមិនបានបង្រៀនមេរៀនអ្វីដែលល្អដល់គេនោះទេ ថាបំណុលមាន គុណសម្បត្តិ និងគុណវិប្បត្តិ ផ្ទុយទៅវិញបុគ្គលខ្លួនឯងទៅវិញទេដែលប្រើបំណុលក្នុងផ្លូវខុសដែលធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។
បំណុលអាក្រក់ធ្វើឲ្យមនុស្សវិនាស បំណុលល្អធ្វើឲ្យមនុស្សរីកចម្រើន។ ទាំងនេះគឺគុណវិប្បត្តិចំពោះអ្នកដែលព្យាយាមប្រើផ្លូវច្បាប់តែមួយមុខដោះស្រាយបញ្ហាបំណុល។
រឿងមួយដែលមនុស្សមួយចំនួនធំ ជាពិសេសអ្មកដែលធ្លាប់ជំពាក់បំណុលគេមានអារម្មណ៍ថា ធានាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលជាតួចិត្តអាក្រក់ កូនបំណុលជាជនរងគ្រោះស្លូកំសត់ ត្រូវបានគេយកប្រៀបគេងចំណេញទើបត្រូវប្រើច្បាប់ទាមទារកយុត្តិធម៍ ។
ផ្ទុយទៅវិញអ្នកសាកគិតមើលថ្ងៃដែលអ្នកទៅរកធនាគារ ឬម្ចាស់បំណុលដើម្បីខ្ចីលុយគឺ គ្មាននរណាបង្ខំអ្នកឡើយ មានតែទៅអង្វរគេធ្វើមេចឲ្យតែបានកម្ចីយកមកប្រើតាមសេចក្តីត្រូវការរបស់ខ្លួន ហើយធនាគារ និងស្ថាប័ណ្ណទាំងនោះមិនមែនមិនប្រាប់លក្ខខណ្ឌឯណា កិច្ចសន្យាក៏មានអោយអាន(អ្នកខ្លះមិនខ្ចីអាន) មិនមែនមិនដឹងនោះទេថាអ្វីជាអ្វី ហេតុអ្វីពេលពេលគ្មានលទ្ធភាពសង អ្នកយកត្រូវតែខ្លួនឯងហើយឲ្យអ្នកដ៏ទៃខុសទៅវិញ(សាច់យកខ្លួនឯង ឆ្អឹងឲ្យគេ)។
ខ្ញុំខ្លួនឯងមានបទពិសោធន៍ជំពាក់លុយគេជុំទិស តែខ្ញុំមិនដែលគេចវេសនោះទេ ទាំងបងប្អូន សាច់ញាត្តិ មិត្តភ័ក្ត ធនាគារ និងចងការខាងក្រៅ តែខ្ញុំព្យាយាមទទួលខុសត្រូវដោះស្រាយសងគេទាល់តែអស់(នៅបំណុលធនាគារ) មិនបានសំងំស្ងៀមប្រងើយកន្តើយ និងមិនដែលគេចវេសនោះទេព្រោះដឹងថាអ្នកណាក៏មានផលលំបាកដែរ បំណុលខ្លះខ្ញុំមិនសងក៏ ឬពន្យាក៏បានព្រោះគ្មានលិខិតស្នាមអ្វីនោះទេ តែការខ្ចីលុយអ្នកមិនមែនត្រឹមតែជាលុយនោះទេ ប៉ុន្តែវាគឺជាការជឿទុកចិត្ត មិត្តភាព និងការលើកទឹកចិត្ត! ដោយសារតែជឿលើសក្តានុពលរបស់អ្នក ដើម្បីធ្វើឱ្យអ្នកចេញពីបញ្ហានៅពេលនោះ ហេតុដូចច្នេះក្នុងនាមអ្នកខ្ចីដាច់ខាតខ្ញុំមិនបំផ្លាញពាក្យ<សច្ចៈ>ព្រោះវាជាការខាតបង់ដ៏ធំធេងបំផុតនៅក្នុងជីវិតរបស់យើងម្នាក់ៗរកអ្វីប្រៀបបាននោះទេ។
បើអ្នកជាមនុស្សខ្ចីហើយមិនព្រមសងវិញ ឬស្វិតសងទាំងក្តៅក្រហាយ អ្នកនឹងត្រូវបាត់បងតំលៃក្នុងនាមជាមនុស្សក្នុងក្រសែភ្នែកមនុស្សទូទៅបើទោះជាគេមិននិយាយក៏ដោយ។ ប្រសិនបើការជួបគ្នាជារឿងវាសនា ដូចច្នេះចូរក្សាមិត្តភាពនេះឲ្យបានយូរអង្វែងដោយភាពស្មោះត្រង់ និងជួយយកអសារគ្នាទៅវិញទៅមក។
រហូតមកដល់ថ្ងៃខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសំណាងល្អ ដែលតស៊ូដោះស្រាយបញ្ហាដោយការទទួលខុសត្រូវខ្ពស់ទើមមិនត្រឹមតែរក្សាបាននូវមិត្តភាព មនោសញ្ចេតនា សេចក្តីថ្លៃថ្នូ និងមានបទពិសោធន៍ចេះប្រើបំណុលដ៏មានសារៈសំខាន់ថែមទៀតផង ទើបខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាក្រែងបានជាប្រយោជន៍ក្នុងជីវិតរស់នៅ។
ការទទួលខុសត្រូវលើហិរញ្ញវត្ ថុ(Money responsibility ) គឺជាសសរគ្រឹះដ៏សំខាន់ដែលនាំទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុ នៅពេលអ្នកមានបញ្ហារឿងលុយចូរដោះស្រាយវាប្រកមដោយភាពទទួលខុសត្រូវខ្ពស់ បញ្ហាកើតឡើងដោយសារការខ្វះចំណេះដឹង មិនយល់ និងមិនយកចិត្តទុកដាក់កាលពីមុនរបស់យើង។
កុំបន្ទោសអ្នកដទៃ ការបន្តោសអ្នកដទៃគឺជាការបិទឱកាសក្នុងការរៀនសូត្ររឿងផ្សេងៗដែលនាំឲ្យជីវិតយើងមានភាពល្អប្រសើរជាងមុន។
ច្បាប់តែម្យាងពេលខ្លះអាចជួយឲ្យអ្នកទទួលបានភាពជោគជ័យក្នុងការដោះស្រាយបំណុល តែមិនធ្វើឲ្យអ្នកមានចំណេះដឹងហិរញ្ញវត្ថុដែលល្អប្រសើរជាជាងមុននោះទេ ហើយអាចឥទ្ធិពលលើហិរញ្ញវត្ថុរបស់អ្នកក្នុងពេលអនាគត៕
ដោយ៖ ជា បូណាន