សញ្ញាទាំង៨ ដែលបង្ហាញថាអ្នកកំពុងដើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្ម​



ដំណើរនៃភាពជោគជ័យផ្នែកអាជីវកម្មមិនងាយនឹងសម្រេចបាននោះទេ។ សហគ្រិនម្នាក់ៗទម្រាំតែជោគជ័យនោះត្រូវប្រឈមមុខនឹងរឿងរ៉ាវរយលានជំពូករាប់មិនអស់។ ដោយសារភាពពិបាក ធ្វើឲ្យសហគ្រិនមួយចំនួនចង់បោះបង់ មិនចង់ជោគជ័យ បណ្ដែតបណ្ដោយតាមព្រេងវាសនា តាមព្រហ្មលិខិត។ តើធ្វើដូចម្ដេចទើបដឹងថាអ្នកជិតជោគជ័យ? ខាងក្រោមនេះគឺសញ្ញាទាំង ៨ ដែលបញ្ជាក់ថាអ្នកជិតដល់ភាពជោគជ័យហើយ៖

Up, Growth, Success, Arrow, Graphic, Business, Graph

១) ចិត្តរំភើបអំពីអាជីវកម្មរបស់អ្នក
អ្នកដឹងថាអ្នករំភើបចំពោះក្រុមហ៊ុនរបស់អ្នកនៅពេលអ្នកនិយាយអំពីវា អ្នកអាចមានចិត្តតក់ក្រហល់ចង់ងើបធ្វើការនៅពេលព្រឹក ឬអ្នកធ្លាប់មានអារម្មណ៍មានកម្លាំងចិត្តចង់ធ្វើសកម្មភាព។ ប្រសិនបើអ្នកបាត់ភាពរីករាយឬមិនជឿជាក់លើការចាប់ផ្តើមអាជីវកម្ម សូមអង្គុយចុះហើយសរសេរពីមូលហេតុដែលអ្នកចាប់ផ្តើមក្រុមហ៊ុនដំបូង។ តើអ្នកមានគោលដៅអ្វីតាំងពីដំបូង? តើអ្នកសម្រេចបានលទ្ធផលណាមួយតាំងពីពេលនោះមក?ប្រសិនបើអ្នកមានកម្លាំងចិត្ត មានចិត្តចង់ខ្លាំងនោះ នោះមានន័យថាអ្នកកំពុងឆ្ពោះទៅភាពជោគជ័យផ្នែកអាជីវកម្មហើយ។ 

២) មនុស្សកំពុងនិយាយពីវា
ប្រសិនបើគំនិតរបស់អ្នកគឺជាគំនិតល្អ (ហើយវាមានទីផ្សារល្អ) មនុស្សនឹងនិយាយអំពីវា។ ប្រសិនបើសកម្មភាពអាជីវកម្មរបស់អ្នកត្រូវបានគេចូលចិត្ត និងចែករំលែកតាមបណ្ដាញទំនាក់ទំនងសង្គម នោះអ្នកកំពុងឈានជើងចូលភាពជោគជ័យហើយ។ 

ពិនិត្យមើលការសន្ទនាដែលផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រសិនបើវាត្រូវបានអតិថិជនរបស់អ្នកយកទៅប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់រយក្នុងមួយសប្តាហ៍ដើម្បីឱ្យមនុស្សផ្តល់យោបល់ក៏ដូចជាចែករំលែកនិងច្រើនទៀតនោះ មានន័យថាអ្វីដេលអ្នកគិតគឺត្រូវហើយ។

៣) ការចំណាយមានហេតុផលសមស្របតាមចំណូលរបស់អ្នក
នៅពេលអ្នកចាប់ផ្តើមដំបូងវាអាចធ្វើឲ្យអ្នកពិបាកចិត្តក្នុងការចំណាយលុយសម្រាប់គេហទំព័រ​ ការរចនាឡូហ្គូ គំរូផលិតផលនិងថ្លៃចំណាយផ្សេងទៀត។ ជារឿយៗអាជីវកម្មមួយត្រូវការពេលពី ១២ ទៅ ៣៦ ខែសម្រាប់អាជីវកម្មក្នុងពេលទទួលបានផលចំណេញត្រលប់មកវិញ ប៉ុន្តែប្រសិនបើអ្នកអាចរកប្រាក់ចំណូលបានច្រើនមុនពេល ឬមុនដំណាក់កាលនៃការបើកអាជីវកម្ម នោះអ្នកកំពុងដើរលើផ្លូវត្រូវហើយ។ ប្រសិនបើអាជីវកម្មរបស់អ្នកហុចផលបណ្ដើរៗ នោះមានន័យថាអ្នកកំពុងឈានជើងទៅមុខហើយ។ 

៤ )មានឆន្ទ:ក្នុងការផ្លាស់ប្តូរអ្វីថ្មី
សហគ្រិនជោគជ័យពិតជាយល់ថាពិភពជំនួញមានភាពផ្លាស់ប្ដូរក្រឡាប់ចាក់។ អ្នកត្រូវដឹងថាអាជីវកម្មរបស់អ្នកមិនថាតូចឬធំ នោះទេប្រាកដណាស់ថាត្រូវតែមានការផ្លាស់ប្ដូរ។ អ្នកដែលហ៊ានចាប់យកឱកាស អ្នកនោះមានភាពជោគជ័យច្រើនជាង។ នេះបញ្ជាក់យ៉ាងច្បាស់ថាលើវិថីឆ្ពោះទៅកាន់ភាពជោគជ័យហើយ ប្រសិនបើអ្នកអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបាន។ 

៥) ទទួលយកការរិះគន់
គ្មានសហគ្រិនណាអាចធ្វើឲ្យមានភាពរីកលូតលាស់និងលើកស្ទួយមុខជំនួញរបស់ពួកគេបានទេ ប្រសិនបើពួកគេមិនអាចទទួលយកការរិះគន់ចំពោះអ្វីដែលជាការផ្តល់ដំបូន្មានដោយឥតគិតថ្លៃរបស់អ្នកដទៃ។ ការឆ្លើយតបជាញឹកញាប់ពីអតិថិជនបានកើតឡើងក្នុងទម្រង់មិនល្អ ប៉ុន្តែវាបញ្ជាក់ពីផ្នែកនៃការកែលំអ។ ប្រសិនបើអ្នកអាចទទួលយកបាននូវការរិះគន់ហើយប្រែក្លាយវាទៅជាការផ្លាស់ប្តូរវិជ្ជមានអ្នកនឹងក្លាយជាម្ចាស់អាជីវកម្មអស្ចារ្យដែលម្ចាស់អាជីវកម្មផ្សេងមិនអាចធ្វើទៅបាន។ ហាត់ស្បែកគង់ និងដុសខាត់គំនិតចេញពីខួរក្បាលរបស់អ្នកខណៈពេលដែលស្រូបយកគំនិតដែលផ្តល់ជូននូវការណែនាំដ៏មានតម្លៃអំពីវិធីធ្វើឱ្យអាជីវកម្មរបស់អ្នកដើរទៅមុខទៀត។

៦) រៀនពីកំហុសរបស់អ្នក
មនុស្សជោគជ័យមិនមែនជាអ្នកដែលមិនធ្វើខុសនោះទេពួកគេគឺជាអ្នកដែលរៀនសូត្រពីពីការធ្វើខុសរបស់ខ្លួន ភាគច្រើនដូចជាការយល់ព្រមទទួលយកការរិះគន់ពីអតិថិជនរបស់ខ្លួនដែលសហគ្រិនជោគជ័យមានសមត្ថភាពរៀនពីកំហុសរបស់ពួកគេ ជំនួសឱ្យការដួលលើផ្នត់គំនិតមិនពិតនៃការបរាជ័យដែលជារឿយៗកើតឡើងពីកំហុស។ 

ពេលខ្លះអ្នកត្រូវរៀនមើលបុគ្គលដទៃទៀតដែលធ្លាប់បានបង្កើតកំហុស។ ពេលខ្លះអ្នកអាចរៀនពីបុគ្គលដែលនៅជុំវិញអ្នក។ 

៧) អរគុណការខិតខំប្រឹងប្រែងដែលអ្នកបានធ្វើកន្លងមក
អ្នកនឹងមិនពេញចិត្តនឹងការរីកចម្រើនរបស់អ្នកទេប្រសិនបើអ្នកមិនអាចដឹងគុណចំពោះអ្វីដែលអ្នកបានធ្វើកន្លងមក។ ក្នុងកំឡុងពេលចាប់ផ្តើមដំណើរការអ្នកបានបែងចែកធនធាននិងសមត្ថភាពដែលអ្នកមានដើម្បីភាពជោគជ័យដែលអ្នកចង់បានដោយបានរួមផ្សំជាមួយនឹងការប្រឹងប្រែងពុះពាររហូតទទួលបានអ្វីដែលអ្នកចង់ ដូចច្នេះកុំភ្លេចការដឹងគុណចំពោះខ្លួន និងក្រុមការងារដែលបានតស៊ូជាមួយយើងរហូតមកដោយគ្រាន់តែអនុវត្តក្នុងការស្វែងរកអ្វីខ្លីៗដែលធ្វើអោយអ្នករីកចម្រើនមកដល់ពេលនេះជាមួយខ្លួនអ្នកឬជាមួយក្រុមការងាររៀងរាល់ ៦ ខែម្តងដោយយកចិត្តទុកដាក់លើជ័យជំនះដែលអ្នកធ្លាប់បានប្រឹងប្រែងកន្លងមក។

៨) គ្មានពាក្យថាស្តាយ
អ្នកទំនងជាចង់លោតចូលពិភពនៃភាពជាសហគ្រិនហើយ តែអ្វីដែលអ្នកត្រូវដឹងថាវាទទួលបានមកវិញនូវអ្វីដែលជាការខកចិត្ត ឬការស្តោកស្តាយនូវពេលណាមួយ។ អ្នកដែលពិតជាចង់ក្លាយជាសហគ្រិន ត្រូវសម្រេចចិត្តហើយគ្មានពាក្យថាស្តាយ ជាពិសេសចូលចិត្តក្នុងការខិតខំប្រឹងប្រែងដែលមាននៅក្នុងអាជីវកម្មរបស់ពួកគេមិនថាមានលទ្ធផលអ្វីក៏ដោយចំណង់ចំណូលចិត្តនិងថាមពលជាអ្វីដែលសំខាន់ក្នុងការចាប់ផ្តើមបង្កើតក្រុមហ៊ុនហើយវាមានហេតុផលគ្រប់គ្រាន់ដើម្បីជំរុញទៅមុខដោយមិនគិតពីកាលៈទេសៈ៕

ដោយ៖ ជា ធារិទ្ធ
ប្រភព៖ www.entrepreneur.com

 

X
5s