លោកឡែម ចាន់សំរេច៖ ៦ ចំនុចនៃពន្លឿនល្បឿនអាជីវកម្មសម្រាប់ Startup សម័យឌីជីថល​



Startup ជាអាជីវកម្មបង្កើតថ្មីដោយក្រុមមនុស្សដែលមានគ្នាតិច តែមានសន្ទុះរីកចម្រើនលឿន។ ក្នុងសម័យបច្ចុប្បន្ន មនុស្សជាច្រើនកំពុងចាប់អារម្មណ៍លើការបង្កើតអាជីវកម្មជាលក្ខណៈ startup ជាជាងបើកជាសហគ្រាសខ្នាតតូចនិងមធ្យមធម្មតាដូចកាលពីមុន ហើយ Startup នេះទៀតសោតគឺគេតែប្រើប្រាស់ឬបញ្ចូលបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មនោះដើម្បីមានសន្ទុះនៃការរីកចម្រើនលឿន។

ក្នុងកម្មវិធីបារខែមអាស៊ាន ២០១៩ រៀបចំឡើងនៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងនៃសមាគមអ្នកវិនិយោគកម្ពុជា (CIC) បានធ្វើការចែកការចែករំលែកចំណេះដឹងដ៏ល្អចំនួន ៦ ចំនុចពាក់ព័ន្ធនឹងការពន្លឿនល្បឿនអាជីវកម្មរបស់ Startup សម័យឌីជីថល។ 

១) ស្គាល់ខ្លួនឯង ធ្វើការផ្លាស់ប្តូរ និងសម្របតាមបច្ចេកវិទ្យា

ការផ្លាស់ប្តូរខ្លួនជារឿងមួយចាំបាច់បំផុតសម្រាប់មនុស្សគ្រប់គ្នា ក្នុងការដើរឲ្យទាន់សម័យកាលនិងការអភិវឌ្ឍ។ ក្រឡែកទៅមើលអាជីវកម្មក៏មិនខុសគ្នាដែរ ការដើរឲ្យទាន់តាមសម័យកាលមិនមែនជាការហក់លោតឥតបានការនោះទេ តែការធ្វើបែបនេះវានាំឲ្យអ្នកអាចបំពេញសេចក្តីត្រូវការនិងផ្តល់ជូនអ្វីថ្មីៗ។ ក្នុងសម័យបច្ចេកវិទ្យាធ្វើយ៉ាងណាគ្រប់គ្នាត្រូវដើរឲ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យា បើមិនដូច្នោះទេអ្នកច្បាស់ជាដើរថយក្រោយ និងគ្មានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយគូប្រកួតបានឡើយ។

២) យល់ពីបំរែបំរួលឥរិយាបថអតិថិជន

យល់ពីអតិថិជន គឺជាភាពជោគជ័យធំមួយរបស់អាជីវកម្មព្រោះគាត់អាចផ្តល់ជូនអ្វីដែលជាតម្រូវការពិតប្រាកដ និងត្រឹមត្រូវជូនដល់អតិថិជន។ កាលបើគាត់មិនអាចស្វែងរកតម្រូវការអតិថិជនបានទេ នោះគាត់មិនអាចធ្វើឲ្យអាជីវកម្មអាចឈានដល់ចំនុចជោគជ័យបានឡើយ។ ការស្វែងរកភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការរស់នៅប្រចាំថ្ងៃរបស់អតិថិជនតែមានការផ្លាស់ប្តូរ ព្រោះអតិថិជនតែងចង់បានអ្វីថ្មី សូម្បីវិស័យកសិកម្មសព្វថ្ងៃនេះក៏ត្រូវការការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលការងារ ដូចជាការស្រោចទឹកជាដើម។ 

៣) ព្យាយាមកាត់បន្ថយថ្លៃចំណាយ

ព្យាយាមកាត់បន្ថយថ្លៃចំណាយចំនុចនេះសំដៅដល់ម្ចាស់អាជីវកម្មផល និងកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់ផង។ ចំនុចជោគជ័យមួយរបស់អាជីវកម្មគឺការចំណាយថ្លៃដើមផលិតទាប ហើយអាចទទួលបានចំណូលខ្ពស់ពីការលក់វិញ។ ការស្វែងរកវិធីសាស្ត្រកាត់បន្ថយចំណាយជាអ្វីដែលម្ចាស់អាជីវកម្មត្រូវធ្វើ ហើយបច្ចេកវិទ្យាសព្វថ្ងៃការចូលរួមសកម្មភាពយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនរបស់អាជីវកម្មដូចជា ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ឬការប្រើប្រាស់បណ្តាញសង្គម ការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើនតែមិនចាំបាច់ចំណាយពេលជួបគ្នាផ្ទាល់ច្រើនពេក ដោយងាកមកការទាក់ទងគ្នាតាមឆែត (Chat) ឬមធ្យោបាយផ្សេងៗជាច្រើនទៀត។

៤) ចូលរួមកម្មវិធីបណ្តុះបណ្តាលនានា

ក្នុងនាមយើងជាម្ចាស់អាជីវកម្ម ដើម្បីអាចពន្លឿនល្បឿនអាជីវកម្មលុះត្រាយើងមានគំនិតថ្មីៗ ឬមានភាពជាអ្នកដឹកនាំល្អ និងមានការបត់បែនខ្ពស់។ ការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះវាជាប្រយោជន៍ក្នុងការពង្រឹងចំណេះដឹងបន្ថែមយកទៅអនុវត្តក្នុងដំណើរការអាជីវកម្មឲ្យបានកាន់តែល្អ។ ជាងនេះទៅទៀតយើងក៏នឹងមានឱកាសជួបមនុស្សថ្មីៗជាសហគ្រិនជាច្រើនផ្សេងទៀត គ្រប់គ្នាអាចមានគំនិតយោបល់ប្លែកៗដែលអាចជួយឲ្យអ្នកបង្កើត ឬរកឃើញអ្វីថ្មីៗសម្រាប់ពង្រីកអាជីវកម្មអ្នកកាន់តែប្រសើរ។

៥) ស្វែងរកអ្នកណែនាំដ៏ត្រឹមត្រូវ

ក្នុងចំនុចទី ៤ ខាងលើបានលើកឡើងពីការចូលរួមកម្មវិធីបណ្តុះបណ្តាលនានា ហើយការចូលរួមកម្មវិធីនេះក៏ជាផ្នែកមួយក្នុងការស្វែងរកអ្នកណែនាំដ៏ត្រឹមត្រូវដើម្បីឲ្យអាជីវកម្មអ្នកអាចមានការរីកចម្រើនលឿន។ ក្រៅពីការចូលរួមកម្មវិធីបណ្តុះបណ្តាល អ្វីដែលម្ចាស់អាជីវកម្មគួរចាំបាច់ធ្វើគឺការស្វែងរកអ្នកណែនាំផ្សេងៗទៀតដែលជាម្ចាស់អាជីវកម្មណាមួយដែលគាត់មានបទពិសោធន៍បរាជ័យ ហើយផ្លាស់ប្តូរខ្លួនរហូតទទួលបានជោគជ័យ គាត់ជាអ្នកជួយតម្រង់ទិសឲ្យយើងដើរទៅរក Business model មួយដែលត្រឹមត្រូវ។

៦) ស្វែងរកទុនតាមប្រភពច្បាស់លាស់

ជា Startup ការស្វែងរកប្រភពទុនមិនមែនជារឿងងាយស្រួលប៉ុន្មានទេ បើយើងមិនទាន់មានការជោគជ័យ មិនទាន់មានលទ្ធផលជាផ្លែផ្កាធំដុំនោះការកៀរគរប្រភពទុនក៏មិនអាចធ្វើឡើងដោយរលូនបានដែរ។ ការចូលរួមជាមួយស្ថាប័ន ឬមូលនិធិគ្រប់គ្រងអាជីវកម្មមួយចំនួនក៏ជាផ្នែកមួយជួយអ្នកក្នុងការស្វែងរកប្រភពទុនក្រៅពីក្រុមគ្រួសារ មិត្តភក្តិបាន៕

ដោយ៖ យ៉ាយ៉ា 

 

X
5s