មេរៀនដ៏មានតម្លៃចំនួន៣ របស់ Jack Ma ដែលមនុស្សគ្រប់គ្នាគួររៀនសូត្រតាម
នៅពេលបច្ចុប្បន្ន លោក Jack Maគឺជាមហាសេដ្ឋីមានបំផុតម្នាក់ក្នុងចំណោមមហាសេដ្ឋីមានបំផុតនានានៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណជាង ៣៧ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ទស្សនាវដី្ត Forbes សម្រាប់ឆ្នាំ ២០១៩ នេះ។
កាលពី ២ សប្តាហ៍មុន មហាសេដ្ឋីវ័យ ៥៥ ឆ្នាំរូបនេះទើបតែបានប្រកាសចូលនិវត្តន៍លាឈប់ពីការងារតំណែងកំពូលក្នុងក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយលោកធ្លាប់បានបង្កើតឡើងកាលពី ២០ ឆ្នាំមុន។ ទន្ទឹមនឹងការចូលនិវត្តន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមានចោទសួរឡើងទាក់ទងទៅនឹងថា តើលោកមានមេរៀនអ្វីខ្លះសម្រាប់ចែករំលែកដល់មនុស្សគ្រប់គ្នា?
១. “ខ្ញុំមិនចង់ស្លាប់នៅបន្ទប់ធ្វើការទេ!”
នៅក្នុងវេទិកាមួយក្នុងប្រទេសចិន នៅពេលគេចោទសួរថា តើលោកមានគម្រោងចូលនិវត្តន៍ទាំងវ័យក្មេងដែរឬទេ? លោកឆ្លើយដូចនេះថា៖« ខ្ញុំមិនចង់ស្លាប់នៅបន្ទប់ធ្វើការ។ បើខ្ញុំស្លាប់នៅតាមមាត់សមុទ្រ វាអាចធ្វើឲ្យខ្ញុំសប្បាយចិត្តជាងនេះ។ ខ្ញុំជ្រើសរើសមាត់សមុទ្រសម្រាប់ពេលវេលាដែលនៅសេសសល់របស់ខ្ញុំ»។
និយាយអំពីសាវតាររបស់លោកក្នុងនាមជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ Jack Maបានបន្ថែមថា៖« ខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀន។ នោះមិនមែនជាមុខរបរមួយដែលមានទំនោរទៅរកសហគ្រិនភាពទេ។ ប៉ុន្តែជាមួយនឹងពេលវេលាកន្លងមកនេះ ខ្ញុំមានក្រុមការងារល្អណាស់។ ប៉ុន្តែខ្ញុំគ្មានសំណាងល្អបាននៅជាមួយអ្នកទាំងអស់គ្នាគ្រប់ពេលទេ។ យើងត្រូវធ្វើឲ្យសំណាងរបស់យើងកាន់តែច្រើន ប្រសិនបើអ្នកចង់ធ្វើអីចឹង។ អ្នកត្រូវផ្តល់ឱកាសកាន់តែច្រើនដល់អ្នកដទៃនោះមានន័យថា អ្នកបានផ្តល់ឱកាសឱ្យខ្លួនឯងកាន់តែច្រើនជាងមុន»។
ដោយសារភាពពីបំណងប្រាថ្នា និងចំណាប់អារម្មណ៍ផ្សេងទៀតនៅក្នុងឆាកជីវិតរបស់ខ្លួន Jack Ma បានលើកឡើងទៀតដូច្នេះថា៖«អ្នកកើតមកដើម្បីមើលឃើញពីតម្លៃនៃជីវិត ហើយសាកល្បងធ្វើរឿងផ្សេងៗ ព្រោះជីវិតមិនមែនកើតមកដើម្បីគ្រាន់តែធ្វើការប៉ុណ្ណោះទេ។ មានរឿងជាច្រើនដែលខ្ញុំចាប់អារម្មណ៍ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ខ្ញុំមានអារម្មណ៍ស្រងេះស្រងោចអាណិតខ្លួនឯងដែលមិនមានពេលវេលា និងសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើដូច្នេះ។ តែថ្ងៃនេះខ្ញុំមានពេលវេលា និងសមត្ថភាពក្នុងការអភិវឌ្ឍរបស់ថ្មីទាំងនេះហើយ” ។
មហាសេដ្ឋីចូលនិវត្តន៍រូបនេះបានបដិសេធទៅនឹងតក្កវិជ្ជាជាច្រើនដែលបានគាំទ្រដល់ទស្សនៈធ្វើការហូតដល់អាយុ ៨០ និង ៩០ ឆ្នាំ ។
«ខ្ញុំគិតថា មនុស្សម្នាក់ៗមិនចាំបាច់ធ្វើការរហូតដល់អាយុ ៨០ ឬ ៩០ ឆ្នាំទេ។ ក្រឡេកមើលប្រទេសដទៃទៀត អ្នករកស៊ី និងម្ចាស់អាជីវកម្មជាច្រើនបានប្រែពណ៌សក់ពីខ្មៅទៅសទៅហើយ ប៉ុន្តែសម្រាប់ខ្ញុំ ធ្វើអញ្ចឹងវាដូចជាមិនសមស្របទៅនឹងបរិបទសម័យថ្មីនេះឡើយ។ ខ្ញុំគិតថា ខ្ញុំនៅមានពេលច្រើនទៀតដើម្បីធ្វើអ្វីៗដែលខ្ញុំចាប់អារម្មណ៍»។ Jack Ma បញ្ជាក់បន្ថែម។
២. “ហេតុអ្វីអ្នកត្រូវចំណាយលុយដើម្បីមនុស្សរបស់អ្នក?”
ដូចដែលលោកធ្លាប់បានអះអាងថា ការវិនិយោគលុយទៅលើមនុស្សរបស់បានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់មហាសេដ្ឋីរូបនេះ។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៧ Jack Maបានលើកឡើងពីមូលហេតុដ៏ចាំបាច់ដែលត្រូវចំណាយលុយទៅលើមនុស្សរបស់អ្នក។
លោកបានបញ្ជាក់ដូច្នេះថា៖«ក្នុងនាមជាអ្នកជំនួញ ការព្រួយបារម្ភរបស់ខ្ញុំតែងតែតែផ្ដោតថា តើបានលុយមកពីណា ហើយវាចំណាយទៅណាខ្លះ?»។
លោក Jack Maក៏បានលើកឡើងផងដែរអំពីរបៀបដែលសហគ្រិនគ្រប់រូបគួរចំណាយប្រាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬជួយដល់ដល់បុគ្គលិកកម្មកររបស់ខ្លួន។ លោកបន្ថែមថា មិនថាម្ចាស់ក្រុមហ៊ុនអាជីវកម្មទាំងអស់ចំណាយលើអ្វីខ្លះទេ ប៉ុន្តែមួយក្នុងចំណោមការចំណាយទាំងនោះគួរតែចំណាយទៅលើមនុស្សរបស់អ្នកដូចជាបុគ្គលិកជាដើម។
«មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបានរៀននៅសាកលវិទ្យាល័យ Harvard បានទេ។ យើងគួរចំណាយលុយទៅឲ្យអ្នកណាដែលមិនមានលទ្ធភាពដើម្បីរៀនបន្ត” ។ លោក Jack MA បញ្ជាក់។
៣. “មិនមែនទាល់តែអ្នកជាមនុស្សឆ្លាតទើបជោគជ័យទេ!”
ប្រសិនបើអ្នកគិតថា អ្នកត្រូវការភាពឆ្លាតវៃដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត នោះគឺជាការយល់ខុសហើយ។ នេះជាការលើកឡើងរបស់មហាសេដ្ឋីចិនវ័យ ៥៥ ឆ្នាំរូបនេះ។
«ខ្ញុំមិនដឹងអ្វីទាំងអស់ទេពីបច្ចេកវិទ្យា ឬការគ្រប់គ្រងមុនពេលចាប់ផ្តើមអាជីវកម្ម។ វាមានន័យថា អ្នកមិនចាំបាច់ចេះគ្រប់យ៉ាងទេ។ អ្នកត្រូវរកមនុស្សដែលឆ្លាតជាងអ្នក។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំតែងតែព្យាយាមស្វែងរកមើលមនុស្សដែលឆ្លាតជាងខ្ញុំ។ នៅពេលដែលខ្ញុំរកឃើញមនុស្សឆ្លាតជាច្រើនការងាររបស់ខ្ញុំគឺធ្វើយ៉ាងណាឲ្យមនុស្សឆ្លាតទាំងនោះអាចធ្វើការជាមួយគ្នាបាន។ ប្រសិនបើមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាបាន ខ្ញុំជឿជាក់ថា ចក្ខុវិស័យរបស់អ្នកនឹងងាយស្រួលសម្រេចបានជាងនេះ ពីព្រោះថា មនុស្សដែលល្ងង់ដូចគ្នាងាយធ្វើការជាមួយគ្នាជាងមនុស្សដែលពូកែៗដូចគ្នា»។ នេះជាទស្សនៈយល់ឃើញរបស់លោក Jack Ma។
លោក Jack Maបានផ្តល់ដំបូន្មានថា នៅពេលអ្នកមានអាយុចន្លោះពី ២០ទៅ៣០ ឆ្នាំគួរធ្វើការក្រុមហ៊ុនតូចមួយដើម្បីរៀនយកចំណេះតាមដែលអាចធ្វើបាន។ នៅពេលមានអាយុចន្លោះពី ៣០ទៅ៤០ ឆ្នាំ បើអ្នកមានបំណងចង់បើកជំនួញមួយដោយខ្លួនឯង អ្នកគួរតែចាប់ផ្តើមធ្វើវាភ្លាមទៅ ពីព្រោះវ័យនេះអ្នកជោគជ័យ ឬបរាជ័យនៅមានឱកាសច្រើនដើម្បីចាប់ផ្តើមឡើងវិញ។ ប៉ុន្តែនៅពេលឈានជើងដល់អាយុចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ ជាយោបល់របស់លោក Jack Ma អ្នកគួរធ្វើអ្វីដែលអ្នកពូកែបំផុត។
លោកបានបន្ថែមថាដូច្នេះថា៖« ពេលមានអាយុចន្លោះពី ៥០ទៅ៦០ ឆ្នាំ អ្នកគួរតែចំណាយពេលបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជំនាន់ក្រោយ។ ពេលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ អ្នកគួរចំណាយពេលនៅជាមួយចៅៗ អ្នកទាំងអស់គ្នា” ៕
ប្រភព៖ Entrepreneur