ក្រុមហ៊ុនមួយក្លាយជាទីផ្សារទឹកឃ្មុំនិងផ្ដល់ចំណូលរាប់ម៉ឺនដុល្លារដល់ពលរដ្ឋក្នុងមួយឆ្នាំៗ
ពលរដ្ឋសហគមន៍នាតំបន់ខ្ពង់រាបនិងតំបន់សមុទ្រភាគច្រើននៅពេលដែលរកឃ្មុំបានតែងយកទៅលក់ក្នុងរបៀបសាមញ្ញធម្មតាដូចជាការដាក់លក់ក្នុងដបទឹកសុទ្ធជាដើម។ ជាមួយគ្នានេះលោក ពេជ្រ គឹមហ៊ាន នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រៃធម្មជាតិ ((NatureWild) បានលើកឡើងថា ដោយចង់ប្រែក្លាយទឹកឃ្មុំព្រៃទាំងនោះទៅជាផលិតផលដែលមានស្តង់ដារនិងមានម៉ាកយីហោត្រឹមត្រូវ ដែលវានឹងកាន់តែងាយស្រួលរកទីផ្សារដល់ពលរដ្ឋផងទើបសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយនេះឡើង។ ហើយតាមរយៈក្រុមហ៊ុនពលរដ្ឋអាចរកចំណូលបានរហូតដល់៣ទៅ៤ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំៗ។
នៅក្នុងកិច្ចសម្ភាសន៍លោកនាយកប្រតិបត្តិ ពេជ្រ គឹមហ៊ាន ប្រាប់ថា បច្ចុប្បន្នក្រុមហ៊ុនបានប្រមូលទិញឃ្មុំព្រៃពីពលរដ្ឋចំនួន៥ខេត្ត មានសរុបប្រមាណជា៩៣០គ្រួសារ ដែលរួមមាន(សហគមន៍ប្រមូលឃ្មុំភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី, សហគមន៍ប្រមូលឃ្មុំភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាដើម)។
ក្រុមហ៊ុនបានសហការជាមួយ សហព័ន្ធសហគ្រាសប្រមូល និងអភិរក្សឃ្មុំព្រៃកម្ពុជាហៅកាត់ថា CBHE ដោយខាងសហគ្រាសជាអ្នកប្រមូលទិញឃ្មុំផ្ទាល់ពីពលរដ្ឋ ហើយខាងក្រុមហ៊ុនជាអ្នកទិញបន្ត និងធ្វើការវេចខ្ចប់តាមស្តង់ដារអនាម័យត្រឹមត្រូវ ក្រោមម៉ាកយីហោ "ឃ្មុំព្រៃ" និងបន្តចែកចាយនារាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស។
ទោះជាតម្លៃថ្លៃបន្តិច ប៉ុន្តែ "ឃ្មុំព្រៃ" មានលក្ខណៈពិសេសខ្លាំងណាស់។ លោក សាត វីរ៉ៃ មន្ត្រីអភិវឌ្ឍន៍សហគ្រាសជាន់ខ្ពស់នៃអង្គការ NTFP-EP ប្រាប់ថា ឃ្មុំព្រៃនិងឃ្មុំចិញ្ចឹមបើទោះជាមានរសជាតិ និងកម្រិតប្រូតេអ៊ីនស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែអត្ថប្រយោជន៍ ឬភាពជាឱសថរបស់វាគឺខុសគ្នាដាច់។ ឃ្មុំនៅក្នុងព្រៃអាចហើររហូតដល់១៣គីឡូម៉ែត្រដើម្បីស្វែងរកផ្កា ឬប្រភពចំណីអាហារ ហើយតាមការសិក្សា ដីមួយហិកតាក្នុងតំបន់ព្រៃអភិរក្ស មានរុក្ខជាតិរហូតរាប់រយប្រភេទឯណោះ ដូច្នេះបើនិយាយពីភាពជាឱសថរបស់ឃ្មុំព្រៃគឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែប។
លោក ពេជ្រ គឹមហ៊ាន «យើងគួរជ្រើសរើសផលិតផលណាដែលអាចផ្ដល់ប្រយោជន៍ដល់សហគមន៍ ជាជាងទៅគាំទ្រផលិតផលដែលនាំចូលពីក្រៅប្រទេស»៕
ដោយ៖ ជួប ស្រីរ័ត្ន