ឯកឧត្តម មៀច សុផាន់ណា បង្ហាញគោលការណ៍មូលដ្ឋាន ៦ ចំណុចលើការពិនិត្យផលិតផលក្លែងក្លាយ
សកម្មភាពចរាចរណ៍ផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព រួមទាំងឱសថមួយចំនួនផងកំពុងក្លាយជាប្រធានបទមួយនៃការលើកយកមកជជែកពិភាក្សាលើក្តីកង្វល់ពីសំណាក់ប្រជាជន ក៏ដូចជាកំពុងត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននេះ។
ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងបានបង្ហាញគោលការណ៍មូលដ្ឋានចំនួន ៦ ចំនុចដើម្បីឲ្យប្រជាជន និងអ្នកប្រើប្រាស់ទូទៅអាចសម្គាល់ផលិតផលក្លែងក្លាយ។ គោលការណ៍ជាមូលដ្ឋាន ៦ ចំនុចនោះមានដូចជា៖
១) យីហោនៃផលិតផល
ការពិនិត្យមើលយីហោផលិតផលជាកត្តាមួយសំខាន់បំផុតមុនពេលសម្រេចចិត្តទិញផលិតផល ឬទំនិញណាមួយមកប្រើប្រាស់ ឬបរិភោគ ព្រោះផលិតផលមានការទទួលស្គាល់ពីក្រសួងតែងមានការចុះបញ្ជីម៉ាកយីហោត្រឹមត្រូវ។
២) កាលបរិច្ឆេទនៃការប្រើប្រាស់
កាលបរិច្ឆេទនៃការប្រើប្រាស់ ក៏ចូលរួមក្នុងការបញ្ជាក់ពីភាពគួរឲ្យទុកចិត្តនៃផលិតផលនីមួយៗដែរ ព្រោះវាបញ្ជាក់ពីការទទួលខុសត្រូវរបស់អ្នកផលិតលើសុខភាពនៃការប្រើប្រាស់របស់អតិថិជន។
៣) ផលិតផលមានបារកូដត្រឹមត្រូវ
ផលិតផលដែលមានបារកូដ គឺជាផលិតផលដែលបានធ្វើការចុះបញ្ជីត្រឹមត្រូវលើការការពារយីហោ និងរក្សាកម្មសិទ្ធិបញ្ញា។
៤) ផលិតផលដែលបង្ហាញពីការប្រើប្រាស់ច្បាស់លាស់
ផលិតផលស្របច្បាប់មានការចុះបញ្ជីទទួលស្គាល់ ចាំបាច់ត្រូវមានបញ្ជាក់ ណែនាំពីរបៀបប្រើប្រាស់ទៅដល់អតិថិជនឲ្យបានច្បាស់លាស់។
៥) ការវេចខ្ចប់
ការវេចខ្ចប់ក៏ជាកត្តាសំខាន់មួយក្នុងការបង្ហាញពីគុណភាព ភាពសុទ្ធ ឬក្លែងក្លាយនៃផលិតផល។ ពេលខ្លះផលិតផលដែលមានយីហោដូចគ្នា តែការវេចខ្ចប់មិនដូចគ្នាព្រោះការលួចចម្លង នោះអាចបង្ហាញថាវាជាផលិតផលក្លែងក្លាយបាន។
៦) រូបរាង ពណ៌ ក្លិនឬរសជាតិ
វាស្រដៀងនឹងការវេចខ្ចប់ផលិតផលដែរ រូបរាង ពណ៌ ក្លិនរបស់ផលិតផលដែលមានយីហោត្រឹមត្រូវមួយផលិតចេញពីរោងចក្រ ឬអ្នកផលិតតែមួយវានឹងរក្សាភាពដូចរបស់វា។ តែនៅពេលដែលផលិតផលតែមួយយីហោដូចគ្នាមានរូបរាង ពណ៌ ក្លិនខុសគ្នា ខណៈអ្នកផលិតមិនបានប្រកាសពីការកែប្រែអ្វីមួយនៃផលិតផល នោះវាចាត់ចូលក្នុងលក្ខណៈសង្ស័យ។
គួរបញ្ជាក់ថា ការផ្តល់កិច្ចសម្ភាសន៍របស់ឯកឧត្តម មៀច សុផាន់ណា ធ្វើឡើងក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបស្តីពី “កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ទី ១២ ខែកញ្ញឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ៖ យ៉ាយ៉ា