ឃ្មុំព្រៃនៅខេត្តចំនួន ៥ទទួលបានការគាំពារនិងអភិរក្សពីអង្គការ NTFP-EP​



អង្គការ Non-timber Forest Product – Exchange Programme (NTFP-EP) ដែលមានឈ្មោះជាភាសាខ្មែរថា អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ-កម្ពុជា កំពុងធ្វើការងារយ៉ាងផុលផុសក្នុងការអភិរក្សអនុផលព្រៃឈើនៅប្រទេសកម្ពុជា ពិសេសការអភិរក្សលើឃ្មុំព្រៃ។

ឃ្មុំព្រៃនៅកម្ពុជាកំពុងរងការគំរាមកំហែងខ្លាំងពីសំណាក់អ្នកប្រមូលឃ្មុំ តាមរយៈការប្រមូលឃ្មុំ ដោយមិនមានលក្ខណៈបច្ចេកទេសតាមបែបនិរន្តរភាព (គាត់យកទាំងសំបុក និងកូនរបស់ឃ្មុំតែម្តង)។ ការបាត់បងព្រៃឈើដែលជាជម្រក និងប្រភពចំណីអាហាររបស់ឃ្មុំ តាមរយៈបទល្មើសព្រៃឈើ និងកាប់រុករានព្រៃធ្វើជាដីកសិកម្ម ការប្រើប្រាស់ថ្នាំពុលកសិកម្ម ចំពោះចំការកសិកកម្មមួយចំនួនដែលស្ថិត នៅក្បែរព្រៃសហគមន៍ ការបម្រែបម្រួលអាកាសធាតុ និងភ្លើងឆេះព្រៃ។ វាមិនត្រឹមតែមានការប៉ះពាល់ដល់ឃ្មុំប៉ុណ្ណោះទេ តែវាបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថានទៀតផង។ 

លោក សាត វីរ៉ៃ មន្រ្តីអភិវឌ្ឍន៍សហគ្រាសជាន់ខ្ពស់នៃអង្គការ NTFP-EP បានមានប្រសាសន៍ថា សហព័ន្ធសហគ្រាសប្រមូល និងអភិរក្សឃ្មុំព្រៃកម្ពុជាហៅកាត់ថា CBHE បានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដែលមានអ្នកប្រមូលទឹកឃ្មុំចំនួន ៣២ ក្រុម ដែលមានសមាជិកចំនួន ៩២០ គ្រួសារមកពីខេត្តចំនួន ៥ គឺ ខេត្តកោះកុង ខេត្តក្រចះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។

ការបង្កើតនេះក្នុងគោលបំណងចំនួន ៤ ធំៗគឺ៖

១) បង្កើតឲ្យមានស្តង់ដាររួមមួយសម្រាប់ផលិតផលទឹកឃ្មុំព្រៃកម្ពុជា

២) ស្វែងរកទីផ្សារ និងបង្កើនតម្លៃផលផលិតផលទឹកឃ្មុំកម្ពុជា

៣) ចូលរួមចំណែកក្នុងការអភិរក្សធនធានព្រៃឈើ និងអនុផលព្រៃឈើ

៤) លើកកម្ពស់កម្រិតជីវភាពអ្នកនៅក្នុងសហគមន៍តាមរយៈការពង្រឹងអាជីវកម្មទឹកឃ្មុំ។

ការអភិរក្សនេះត្រូវធ្វើឡើងក្រោមរូបភាព និងសកម្មភាពដូចជា ការប្រមូល និងកែច្នៃទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព។ ដើម្បីប្រាដកថាការប្រមូល និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពគឺត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖

ក) ប្រមូលយកឃ្មុំធ្វើឡើងចន្លោះពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៤ រសៀលពេលដែលមានពន្លឺ ព្រោះមេឃ្មុំចេញពីសំបុករកចំណីដើម្បីចិញ្ចឹមកូនឃ្មុំ ចៀសវាងប្រមូលពេលយប់

ខ) យកតែសំបុកឃ្មុំណាដែលចាស់ល្អ (គ្រប់អាយុ)

គ) ប្រមូលយកតែ ៨០% នៃក្បាលទឹក និងរក្សាកូនឃ្មុំ

ឃ) ប្រើផ្សែងភ្លើងក្នុងការដេញឃ្មុំ មិនមែនប្រើភ្លើងដុត ឬបាញ់ថ្នាំពុលសម្លាប់សត្វល្អិត 

ង) ប្រើធុង ឬកានទ្រាប់ដោយថង់ប្លាស្ទិកខាងក្នុងដើម្បីរក្សាអនាម័យ

ច) អនុវត្តតាមច្បាប់នានាដូចជា ច្បាប់ការពារព្រៃឈើ ច្បាប់ការពារតំបន់ការពារធម្មជាតិ និងច្បាប់ការពារសហគមន៍ព្រៃឈើ សកម្មភាពនេះដែរក៏មានកិច្ចសហការណ៍ពី ក្រុមហ៊ុនព្រៃធម្មជាតិ (Nature Wild) ក្នុងការវេចខ្ចប់ និងធ្វើការចែកចាយ៕ 

ដោយ៖ យ៉ាយ៉ា

 

 

X
5s