ដឹងទេថាការទទួលទានតែគុជទឹក​ដោះគោ និងភេសជ្ជៈ​ផ្អែម​ប្រឈមនឹងជំងឺទឹកនោមផ្អែមកម្រិតណា?​



តាមការសិក្សាស្រាវជ្រាវនៃស្ថាប័នស្រាវជ្រាវក្នុងស្រុករបស់សិង្ហបុរីមានឲ្យដឹងថា ប្រជាជនអាស៊ីងាយនឹងកើតជំងឺទឹកនោមផ្អែម ពិសេសប្រភេទទី ២ ជាងប្រជាជនប៉ែកលោកខាងលិច។ របាយការណ៍ស្ថាប័នស្រាវជ្រាវដដែលបានបញ្ជាក់ទៀតថា មូលហេតុនៃការកើតជំងឺទឹកនោមផ្អែមនៃប្រជាជនអាស៊ីនេះគឺបណ្តាលមកពីទម្លាប់នៃការរស់នៅ និងទម្លាប់នៃការទទួលទានប្រចាំថ្ងៃ។ 

ការមិនសូវជាយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ប្រាណ និងការបរិភោគអាហារគ្មានតុល្យភាព ពិសេសការទទួលទានភេសជ្ជៈផ្អែមជាប្រចាំនាំឲ្យមានកំណើនជាតិស្ករក្នុងរបត់ឈាម ពេលនោះរាងកាយគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតអាំងស៊ុយលីនដើម្បីទប់ជាមួយជាតិស្ករលើស និងបង្កជាជំងឺទឹកនោមផ្អែម។

បច្ចុប្បន្នយើងសង្កេតឃើញថា នៅតាមបណ្តាប្រទេសនៅអាស៊ីយើងមានការបើកអាជីវកម្មលក់ភេសជ្ជៈផ្អែមច្រើន ដូចជាកាហ្វេ តែគុជទឹកដោះគោ តែបៃតងទឹកដោះគោ ដែលមានបន្ថែមគ្រីមឈីស ឬគ្រីមទឹកដោះគោ ឬពពុះទឹកដោះគោ (Milk Foam) ជាដើម ទាំងនេះជាមូលហេតុដែលបង្កឲ្យអ្នកបរិភោគកំពុងជួបប្រឈមមុខខ្លាំងជាមួយជំងឺទឹកនោមផ្អែម។

យោងតាមគេហទំព័រ Khaosod របស់ថៃបានបញ្ជាក់ថា ការស្រាវជ្រាវមួយនៅប្រទេសថៃកាលពីពេលថ្មីៗនេះបានរកឃើញថា តែគុជទឹកដោះគោកំពុងទទួលបានការពេញនិយមទទួលទាន។ ហើយការសិក្សាដដែលបានបញ្ជាក់ទៀតថា អ្នកតែងទទួលទានតែគុជមួយកែវក្នុងមួយថ្ងៃ ហាក់ដូចជាកំពុងទទួលយកស្ករចំនួន ៦ ស្លាបព្រាកាហ្វេដែរ។ សាកគណនាមើលថា បើអ្នកទទួលទានតែគុជទឹកដោះគោ ១ កែវជារៀងរាល់ថ្ងៃក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំ វានឹងមានអ្វីកើតឡើងចំពោះសុខភាពអ្នក។

សម្រាប់ប្រទេសកម្ពុជាយើងអត្រានៃអ្នកកើតជំងឺទឹកនោមផ្អែមចន្លោះពីឆ្នាំ ២០០៤ ដល់ ២០០៧ មានចំនួនប្រមាណ ៧០,០០០ នាក់ តែចំនួននេះនឹងមានការកើនឡើងដល់ជាង ៦០០,០០០ នាក់ក្នុងឆ្នាំ ២០២៥ ខាងមុខ នេះបើតាមប្រសាសន៍អ្នកស្រីវេជ្ជបណ្ឌិត កើត ពេជ្រចិន្តា អនុប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ជំងឺទឹកនោមផ្អែមនៅកម្ពុជា។ តាមការចុះផ្សាយនៃសារព័ត៌មានក្នុងស្រុក ភ្នំពេញប៉ុស្តិ៍បានបង្ហាញថា តាមរយៈការសិក្សាស្រាវជ្រាវស្តីពីអំពីអត្រាប្រេវ៉ាឡង់នៃកត្តាប្រឈមជំងឺមិនឆ្លងនៅឆ្នាំ ២០១៦ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រសួងសុខាភិបាលក្នុងចំណោមប្រជាជនចំនួន ២ ៨៧០ នាក់ អាយុពី ១៨ ដល់ ៦៩ ឆ្នាំបានរកឃើញថា ៩,៦ ភាគរយ នៃប្រជាជនបានលើសជាតិស្ករ ឬក៏កំពុងតែប្រើថ្នាំជំងឺទឹកនោមផ្អែម ហើយជាង ៩០ ភាគរយ នៃមនុស្សពេញវ័យនៅកម្ពុជាយ៉ាងហោចណាស់មានមួយកត្តាណាមួយ (ជក់បារី ផឹកស្រា ហូបអាហារប្រៃពេក ឬក៏ផ្អែមពេក និងកង្វះកាយវប្បកម្ម) ដែលបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម។ តាមរយៈទិន្នន័យនៅវេបសាយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅឆ្នាំ ២០១៦ គឺអាយុពី ៣០ ដល់ ៦៩ ឆ្នាំ មានចំនួន ៧៦០ នាក់ និងអាយុ ៧០ ឆ្នាំឡើងទៅ មានចំនួន ៦៦១ នាក់។ មកទល់បច្ចុប្បន្ននេះគ្រាន់តែអ្នកជំងឺទឹកនោមផ្អែមមួយមុខទេនៅប្រទេសកម្ពុជា កើនឡើងយ៉ាងឆាប់រហ័សដល់ទៅ ២៤៦ ០០០ ករណី នៅឆ្នាំ ២០១៧ រហូតដល់បង្កើតបានទិវាទឹកនោមផ្អែមពិភពលោកនៅថ្ងៃទី ១៤ ខែ វិច្ឆិកា (IDF, 2017)។

យោងតាមទិន្នន័យ និងរបាយការណ៍ចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងដែរថា មនុស្សពេញវ័យប្រមាណ ១០% របស់ចិនបច្ចុប្បន្ន ស្នើប្រមាណ ១១០ លាននាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើងដល់ទៅ ១៥០ លាននាក់ ក្នុងឆ្នាំ ២០៤០។ ការព្យាករណ៍នេះបានបញ្ជាក់បន្ថែមដែរថា កំណើននេះអាចបណ្តាលមួយភាគធំមកពីរបបអាហារទទួលទានប្រចាំថ្ងៃ និងការនិយមទទួលទានភេសជ្ជៈមានជាតិផ្អែមជាប្រចាំ ពិសេសភេសជ្ជៈដែលមានបន្ថែមចាហួយ និងគុជកែច្នៃ។ 

របាយការណ៍មួយនៅឆ្នាំ ២០១៥ របស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (IDF) បានបង្ហាញថាប្រទេសសិង្ហបុរីមានអត្រាអ្នកជំងឺទឹកនោមផ្អែមខ្ពស់បំផុតលំដាប់ទី ២ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ឈរនៅពីក្រោយសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០៣០ ចំនួនប្រជាជនសិង្ហបុរីដែលមានអាយុលើស ៤០ ឆ្នាំដែលមានជំងឺទឹកនោមផ្អែមត្រូវបានគេរំពឹងថានឹងកើនឡើង ២០០,០០០ នាក់ទៀត (បច្ចុប្បន្ន៤០០,០០០ នាក់) ហើយវានឹងបន្តកើនឡើងដល់ ១ លាននាក់ក្នុងឆ្នាំ ២០៥០។

 

តាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងទៀតដែរថាចំនួនមនុស្សពេញវ័យដែលប៉ាន់ស្មានថាកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម បានកើនឡើងជិតបួនដងក្នុងរយៈពេល ៣៥ ឆ្នាំហើយដោយព្រមានថាវាបានកើនឡើងយ៉ាងខ្លាំងដោយសារតែ "របៀបរបបនៃការទទួលទាន និងទម្លាប់រស់នៅ" ។ 

តាមរបាយការណ៍ពី Thai National Health Examination Surveys បានរៀបរាប់ថា ថៃស្ថិតក្នុងប្រទេសដែលមានអត្រាប្រេវ៉ាឡង់នៃអ្នកកើនជំងឺទឹកនោមផ្អែមខ្ពស់។ អត្រាអ្នកស្លាប់ដោយសារជំងឺនេះមានច្រើនជាង ៣០,០០០ នាក់ក្នុងមួយឆ្នាំ ចំនួននេះត្រូវបានគេចាត់ទុកថាជំងឺទឹកនោមផ្អែមកំពុងនាំមុខនៃ អ្នកស្លាប់ដោយសារជំងឺមិនឆ្លង ខណៈអ្នកស្លាប់ដោយសារជំងឺមិនឆ្លងមានចំនួន ២០០,០០០ នាក់ក្នុងមួយឆ្នាំៗ។ 

វាពិតជាអត្រាមួយដ៏គួរឲ្យគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជនក្នុងប្រទេសនីមួយៗ តែអ្វីៗអាចនឹងប្រសើរជាងនេះប្រសិនបើម្នាក់ៗអាចផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងទម្លាប់ទទួលទានអាហារ បូករួមជាមួយការធ្វើលំហាត់ប្រាណជាប្រចាំ៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

X
5s