ឥណ្ឌូនេស៊ីសន្យាផ្តល់ប្រាក់ ៤០ ប៊ីលានដុល្លារដើម្បីធ្វើទំនើបកម្មទីក្រុងហ្សាកាតា​



រដ្ឋមន្រ្តីក្រសួងផែនការឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងមិនបោះបង់ទីក្រុងហ្សាការតាចោលទេ បន្ទាប់ពីប្រកាសផ្លាស់ប្តូររដ្ឋធានីប្រទេស តែឥណ្ឌូនេស៊ីសន្យាថានឹងចំណាយប្រាក់ប្រមាណ ៤០ លានដុល្លារអាមេរិកដើម្បីជួយសង្គ្រោះទីក្រុងដែលកំពុងលិចលង់បន្តិចម្តងៗ ក្នុងរយៈពេលជាងទសវត្សរ៍ក្រោយនេះ។

រដ្ឋធានីរបស់ឥណ្ឌូនេស៊ីបច្ចុប្បន្ននឹងត្រូវចំណាយ ៥៧១ លានលានរូពី (៤០.១៨ ពាន់លានដុល្លារ) ដើម្បី ករសាងទីក្រុងឡើងវិញសម្រាប់ពេល ១០ ឆ្នាំខាងមុខ ចំនួននេះច្រើនជាងការរំពឹងទុកថានឹងចំណាយអស់ជាង ៣៣ ពាន់លានដុល្លារក្នុងការកសាងទីក្រុងថ្មីនៅលើកោះបរនេអូរ (Borneo) នេះជាប្រសាសន៍លោក Bambang Brodjonegoro ប្រាប់ទៅសារព័ត៌មាន Reuters ក្នុងកិច្ចសម្ភាសន៍មួយ។ “ហ្សាការតាគឺជាមជ្ឈមណ្ឌលនៃអ្វីៗទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី អ្វីដែលយើងកំពុងផ្លាស់ប្តូរចេញពេលនេះគឺជាមជ្ឈមណ្ឌលរដ្ឋបាលប៉ុន្តែមជ្ឈមណ្ឌលហិរញ្ញវត្ថុ អាជីវកម្មនិងពាណិជ្ជកម្មនឹងរក្សានៅដដែល” លោក Brodjonegoro បានបន្ថែមយ៉ាងដូច្នេះ។ ហ្សាការតាគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក មានប្រជាជនរស់នៅជាង ១០ លាននាក់ និងមានចំនួនច្រើនជាង ៣ ដងបើរាប់ពីអ្នកដែលរស់នៅជុំវិញទីក្រុង។ រដ្ឋាភិបាលរំពឹងថានឹងចាប់ផ្តើមផ្លាស់ទៅទីក្រុងថ្មីនៅ Kalimantan ខាងកើតនៅឆ្នាំ ២០២៤ ។ ចំពោះប្រជាជនបានគិតថា ទីក្រងហ្សាការតាវាល្អណាស់ហើយសម្រាប់ពួកគាត់ តែជាក់ស្តែងបច្ចុប្បន្នវាមានដំណើរការមិនល្អទេព្រោះមានវាកំពុងប្រឈមនឹងបញ្ហាបំពុលទឹក ការបំពុលបរិយាកាស និងកត្តាគ្រោះធម្មជាតិញឹកញយទៀត។ 

ការទាញយករ៉ែហួសហេតុធ្វើឱ្យទីក្រុងហ្សាការតាងាយរងគ្រោះដោយទឹកជំនន់ ការកើនឡើងនូវកម្ពស់ទឹកសមុទ្របានធ្វើឱ្យលិចដល់ផ្នែកខ្លះនៃទីក្រុងព្រោះកម្ពស់ទីក្រុងបានធ្លាក់ចុះដល់ ១១ អ៊ីញក្នុងមួយឆ្នាំដែលធ្វើឱ្យទីក្រុងហ្សាការតាក្លាយជាទីក្រុងដែលលិចលឿនបំផុតនៃទីក្រុងនានាទូទាំងពិភពលោក។ លោក Brodjonegoro បន្តថារដ្ឋាភិបាលក៏នឹងសាងសង់ប្រព័ន្ធលូថ្មីផងដែរ ការចំណាយដ៏ធំបំផុតសម្រាប់ចំណាយលើការដឹកជញ្ជូនមានដូចជាការ ពង្រីកផ្លូវដែលទើបសាងសង់ថ្មីសម្រាប់ប្រព័ន្ធឆ្លងកាត់រហ័ស (MRT) ផ្លូវដែកថ្មីរង្វិលជុំបន្ថែមទៀតខ្សែផ្លូវធ្វើដំណើរសម្រាប់តែរថយន្តក្រុងនិងផ្លូវហោះហើរ។ 

គួរបញ្ជាក់ថា ទីក្រុងហ្សាការតាទទួលរងនូវការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅលើពិភពលោកបច្ចុប្បន្ននេះ ការកកស្ទះ មានភាពរាំងស្ងួតក្នុងរដូវប្រាំងបច្ចុប្បន្ន ការបំពុលបរិស្ថានដោយរោងចក្រឧស្សាហកម្ម និងការពឹងផ្អែករបស់ទីក្រុងលើរោងចក្រថាមពលធ្យូងថ្ម បានធ្វើឱ្យទីក្រុងហ្សាការតាស្ថិតក្នុងចំណោមទីក្រុងដែលមានការបំពុលបរិស្ថានច្រើនបំផុតនៅលើពិភពលោកផងដែរ៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

 

 

X
5s