​​មនុស្ស​វ័យចំណាស់​សារភាព​ពីកំហុស​ធំៗ​ចំនួន ៨ ដែល​ខ្លួន​មាន​វិប្បដិសារី​បំផុត​នៅ​ក្នុង​ជីវិត​



អ្នក​អាច​​និយាយ​ថា គ្មាន​​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ។ តើ​អ្នក​ហ៊ាន​ស្បថ​ទេ? ​ បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ពេញ​មួយ​ជីវិត​របស់​អ្នក​ទេ​ អ្នក​ក៏​មិន​ត្រូវ​ប្រញាប់​ពេក​ក្នុង​​ការ​ផ្តល់​ចម្លើយ​ថា អ្នក​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​ ឬ​មាន​វិប្បដិសារី​នោះ​​ដែរ​។ 

ឥឡូវ​នេះ​ អ្នក​អាច​​ចំណាយ​ពេល​បន្តិច​មក​ ហើយ​មក​មើល​​ការ​​ស្រាវជ្រាវ​របស់​​លោក Karl Pillemer អ្នក​ជំនាញ​ផ្នែក​​ចិត្តសាស្ត្រ និង​​អភិវឌ្ឍ​របស់​អាមេរិក​​ប្រចាំ​សាកលវិទ្យាល័យ Cornell។ បើ​តាម​ការ​លើក​ឡើង​របស់​​អ្នក​ជំនាញ​រូប​នេះ ​ប្រសិនបើ​អ្នក​ឈាន​ដល់ទី​បញ្ចប់​នៃ​ជីវិត​ហើយ​ ប៉ុន្តែ​មិន​មាន​ការ​សោកស្តាយ​អ្វី​​សោះ  នោះ​មានន័យ​ថា​អ្នក​ប្រហែល​ជា​មិន​បាន​ចំណាយ​ពេល​​រស់នៅ​ក្នុង​ជីវិត​​ដ៏​គួរឲ្យ​​រំភើប​នោះ​ឡើយ។

​លោក Karl Pillemer  ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា "មេរៀន​ ៣០ សម្រាប់​ការ​រស់នៅ” ឬ "30 Lessons for Living” ​បាន​​ធ្វើ​សម្ភាសន៍​ទៅ លើ​មនុស្ស​វ័យ​ចំណាស់ ១ ៥០០ នាក់​ដែល​មាន​វ័យ​ពី ៦៥ ឆ្នាំ​ឡើង​ទៅ​ដើម្បី​ចង់​ដឹង​ថា តើ​មនុស្ស​វ័យ​ចំណាស់​ទាំង​នោះ មាន​អារម្មណ៍​សោកស្តាយ​អ្វី​ជាងគេ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ជា​លទ្ធផល ការ​ស្រាវជ្រាវ​របស់​លោក​បាន​បង្ហាញ​នូវ​អារម្មណ៍​សោកស្តាយ​ធំៗ​បំផុត​​ចំនួន ៨ ខាងក្រោម​នេះ៖

១.មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ជីវិត
រឿង​ជ្រើសរើស​ដៃគូ​ជីវិត​គឺ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​មនុស្ស​វ័យ​ចំណាស់​ទាំងនោះ​​សារភាព​ថា មិន​សូវ​ចាប់អារម្មណ៍​​លើ​រឿង​នេះ​ទេ។  ពួកគេ​​ជ្រើសរើស​ដៃគូ​ជីវិត​តាម​អារម្មណ៍ ហើយ​​មិន​បាន​មើល​ប្រវត្តិ ឬ​ពូជពង្សវង្សត្រកូល​ដៃគូ​​ច្បាស់លាស់ មុន​សម្រេចចិត្ត​រៀបការ។​ ​

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់​៖ មុន​សម្រេចចិត្ត​ជ្រើសរើស​​អ្នកណា​ម្នាក់​ជា​ដៃគូ​ជីវិត ត្រូវ​​មើល​ប្រវត្តិ ឬ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។ អ្នក​ត្រូវ​ប្រាកដ​ថា ដៃគូ​ជីវិត​របស់​អ្នក​ ជា​មនុស្ស​ល្អ​ស័ក្ដិសម​នឹង​នាក់។ សុខចិត្ត​​មិន​រៀបការ​ប្រសើរ​ជាង​រៀបការ​ជាមួយ​មនុស្ស​ខុស។ 

២.​មិន​​បាន​ដោះស្រាយ​បញ្ហា​បែកបាក់​គ្រួសារ​
បើ​តាម​ការ​ស្រាវជ្រាវ​របស់​​លោក Pillemer មនុស្ស​វ័យ​ចំណាស់​ដែល​សោកស្តាយ​ជាងគេ  ​គឺ​​ការ​បង្កើត​ទំនាស់​នៅ​ក្នុង​គ្រួសារ​ដូចជា​ជាមួយ​កូន ឪពុកម្ដាយ ឬ​បងប្អូន​ជាដើម​ហើយ​​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ពួកគេ​ចោល។ អ្នក​ទាំង​នោះ​និយាយ​ថា ខ្លួន​ចង់​ ​ផ្សះផ្សា ឡើង​វិញ ចង់​សុំ​អភ័យទោស​ ឬ​ព្យាយាម​ទាក់ទង​​ឡើង​វិញ ប៉ុន្តែ​​ពេល​ខ្លះ​វា​​បាន​យឺត​ពេល​ទៅ​ហើយ។

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់​៖ ប្រសិន​បើ​អ្នក​​យល់​ថា អ្នក​នៅ​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​បែកបាក់​គ្រួសារ​បាន អ្នក​​ត្រូវ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​តាមដែល​អាច​ធ្វើ​បាន​ដើម្បី​​​ធ្វើ​ឲ្យ​វា​ល្អ​ប្រសើរ​​ឡើង​វិញ​។ ស្វែងរក​ឱកាស​​ដើម្បី​សុំ​អភ័យទោស និង​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​ដូចមុន​​គឺ​ជា​រឿង​ល្អ​បំផុត​។ ​

៣.មិន​បាន​​បង្ហាញ​ក្តី​ស្រលាញ់ និង​ធ្វើ​រឿង​ល្អៗ​​ដាក់​មនុស្ស​​ជាទី​ស្រលាញ់ឲ្យ​បាន​គ្រប់គ្រាន់​
លោក Pillemer បាន​​រក​ឃើញ​ថា ​ជា​ញឹកញាប់​ការ​សោកស្តាយ​​ធំ​បំផុត​មួយ​​របស់​មនុស្ស​​វ័យ​ចំណាស់ គឺ​ការ​ដែល​​​មិន​បាន​បង្ហាញ​ក្តី​ស្រឡាញ់​ និង​ធ្វើ​ល្អ​ឲ្យ​បាន​​​ពេញលេញ​​ចំពោះ​​មនុស្ស​ជាទី​ស្រលាញ់​​។ តាម​ពិត​ទៅ​នេះ​មិនមែន​មានន័យ​ថា ​ពួកគេ​​មិន​បាន​​ស្រលាញ់​នោះ​ទេ​​ ប៉ុន្តែ​ខ្លួន​ហាក់​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​វា​ចេញ​មក​​ឲ្យ​ដូច​កាល​ស្នេហ៍​គ្រាដំបូង។ ​អ្នក​ទាំង​នោះ​បាន​បន្ថែម​ទៀត​ថា ខ្លួន​ចង់​សុំទោស ចង់​បញ្ជាក់​ក្តី​ស្រលាញ់ និង​ចង់​​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​មាន​ក្តី​សុខ​ឡើង​វិញ ប៉ុន្តែ​គួរឲ្យ​ស្តាយ​​ព្រោះ​ពេល​ខ្លះ​មនុស្ស​ទាំងនោះ បាន​​លាចាក​លោក​នេះ​ទៅ​ហើយ។ 

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់៖ កុំ​រង់ចាំ​ឱកាស​ល្អ​មកដល់! អ្នក​ត្រូវ​ប្រញាប់​បង្ហាញ​ពី​អារម្មណ៍​ពិត​ និង​​​ធ្វើ​ទង្វើ​ល្អ​របស់​អ្នក​ទៅ​កាន់​មនុស្ស​​ជាទី​ស្រលាញ់​របស់​អ្នក ទាន់​ពួកគេ​នៅ​មាន​ជីវិត ឬ​នៅ​ក្បែរ​អ្នក​។ 

៤.មិន​បាន​ដើរកម្សាន្ត​ឲ្យ​បាន​​គ្រប់គ្រាន់​
មនុស្ស​វ័យ​ចំណាស់​ទាំង​នោះ​បាន​សារភាព​ថា ខ្លួន​មាន​ក្តី​ប្រាថ្នា​ទៅ​​កាន់​កន្លែង​​នានា​នៅ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​នៅ​មាន​កម្លាំង​កំហែង​គ្រប់គ្រាន់​ពួកគេ​យល់​ថា  ​ការ​រក​​​ប្រាក់​ជា​រឿង​សំខាន់​ ជាប់​រវល់​ការងារ ឬ កាលៈទេសៈ​​​អំណោយផល​ខ្វះ​លទ្ធភាព​ជាដើម។ យ៉ាងណាមិញ នៅ​ពេល​ដែល​ពួកគេ​មាន​ប្រាក់ និង​គិត​ថា អាច​មាន​ពេល​​ដើរ​កម្សាន្ត​បាន បែរ​ជា​ខ្លួន​ឈាន​ដល់​វ័យ​ចំណាស់​​ មាន​សុខភាព​ទ្រុឌទ្រោម​​ ទៅ​ណា​មិន​បាន​ឆ្ងាយ​ទៅ​វិញ​​។ 

​ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់៖ ដំណើរ​កម្សាន្ត​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ទាន់​អ្នក​នៅ​​មាន​ឱកាស ​មាន​កម្លាំង​ពេញ​អាច​ចាយ​បាន និង​រក​បាន អ្នក​គួរ​ឆ្លៀត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ពេល​ចាស់​ទៅ លុយ​ដែល​អ្នក​ខំ​រក​ពី​ក្មេង​មក មិន​បាន​ជួយ​អ្វី​អ្នក​ច្រើន​ទេ។

៥.ចំណាយពេល​ព្រួយបារម្ភ​ជ្រុល​ពេក
បើ​តាម​ការ​​ស្រាវជ្រាវ​របស់​លោក  Pillemer មនុស្ស​វ័យ​ចំ​ណាស់​ទាំង​នោះ​បាន​សារភាព​ថា ខ្លួន​​​សោកស្តាយ​ណាស់​ដែល​បាន​ចំណាយ​ពេល​​​ព្រួយបារម្ភ​ច្រើន​លើ​រឿង​ឥតប្រយោជន៍​បើ​ទោះបី​ជា​​ពេល​ខ្លះ​រឿង​ទាំង​នោះ​មិន​បាន​កើត​ឡើង​ផង ឬ​បាន​កើត​ឡើង​រួចហើយ​ក៏ដោយ។ ពួកគេ​ពិត​ជា​សោកស្តាយ​ ហើយ​ចង់​ទាញ​ពេលវេលា​ត្រឡប់​មក​វិញ ប៉ុន្តែ​មិន​អាច​ទៅ​រួច។

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់៖ កុំ​ព្រួយបារម្ភ​ច្រើន​ពេក! ការ​ព្រួយបារម្ភ​​ច្រើន​ពេក​ ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​ដោយ​ឥតប្រយោជន៍ និង​បំផ្លាញ​ជីវិត​របស់​អ្នក​។

៦.​ក្បត់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​
ការ​និយាយ​កុហក ក្បត់ និង​បោកបញ្ឆោត​អ្នកដទៃ​ជា​ពិសេស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទាក់ទង​ទៅ​នឹង​រឿង​សម្ព័ន្ធភាព​គ្រួសារ​ ឬ​ស្នេហា​ត្រីកោណ គឺ​ជា​អារម្មណ៍​គួរឲ្យ​សោកស្តាយ​មួយ​របស់​មនុស្ស​វ័យ​ចំណាស់។ ពួកគេ​​លើកឡើង​ថា ​ខ្លួន​​មាន​វិប្បដិសារី​​ដ៏​ធំ​មួយ​​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​នៅ​ពេល​បាន​​ក្បត់​មនុស្ស​ដែល​ខំ​ស្រលាញ់​ខ្លួន និង​ទុកចិត្ត​មក​លើ​ខ្លួន។ ពួកគេ​ចង់​សុំ​អភ័យទោស ប៉ុន្តែ​ពេល​ខ្លះ​វា​បាន​ហួស​​ពេល​ទៅ​ហើយ។ 

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់៖ ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​ដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ទោះបីជា​នៅ​​ពេល​ណា​ក៏ដោយ។ ប្រសិន​បើ​អ្នក​យល់​ថា ខ្លួនឯង​​បាន​ប្រព្រឹត្តិ​កំហុស​លើ​រឿង​នេះ អ្នក​ត្រូវ​ប្រញាប់​សារភាព និង​សុំ​អភ័យទោស​ពី​មនុស្ស​​ជាទី​ស្រលាញ់​របស់​អ្នក។

​​៧.មិន​បាន​ចាប់​ឱកាស​គ្រប់គ្រាន់​ដើម្បី​​អាជីព​ការងារ​របស់​ខ្លួន
មនុស្ស​វ័យ​ចំណាស់​ដែល​លោក  Pillemer  បាន​ស្រាវជ្រាវ​គឺ​មាន​ការ​សោកស្តាយ​​ជុំវិញ​រឿង​អាជីព​ការងារ​របស់​ពួកគេ​លើស​ពី​អ្វី​ដែល​​​សាស្ត្រាចារ្យ​រូប​នេះ​គិត​ទៅទៀត។ មនុស្ស​វ័យ​ចំណាស់​ទាំង​នេះ​សារភាព​ថា ពួកគេ​បាន​មើល​រំលង​ ឬ​ក៏​បដិសេធន៍​ចោល​ឱកាស​ល្អៗ​ជា​ច្រើន​នៅ​ក្នុង​អាជីព​ការងារ​របស់​ពួកគេ។ 

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់៖ ត្រូវ​និយាយ​យល់ព្រម ចំពោះ​ឱកាស​ល្អៗ​នៅ​ក្នុង​​អាជីព​ការងារ​របស់​អ្នក ដរាបណា​វា​បាន​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រីកចម្រើន​ទៅ​មុខ​។ ព្យាយាម​សាកល្បង​ធ្វើ​អ្វីៗ​ដែល​ថ្មី និង​កុំ​នៅ​មួយ​កន្លែង​យូរ​ពេក។

៨.មិន​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព
មនុស្ស​វ័យ​ចំណាស់​ទាំងនោះ​យល់​ថា ពួកគេ​បាន​ចំណាយ​ពេល​ធ្វើ​រឿង​ជា​ច្រើន​​​ដែល​គិត​ថា ធ្វើ​ឲ្យ​ជីវិត​រីករាយ​ដូច​ជា​ ជក់បារី ផឹកស្រា​យ៉ាង​សប្បាយ​រីករាយ​ ទទួលទាន​អាហារ​តាម​ចិត្ត​ចង់ ហើយ​មិន​យកចិត្ត​ទុកដាក់​លើ​ការ​​ហាត់ប្រាណ​នោះ​ឡើយ។ ពួកគេ​បញ្ជាក់​ថា យើង​​បាន​សប្បាយ​ធ្វើ​រឿង​ទាំង​នេះ ហើយ​ថា វា​មិន​បាន​ធ្វើ​ឲ្យ​​ពួកគេ​​ស្លាប់​ភ្លាមៗ​ទេ។ ប៉ុន្តែ​ ១០​ ទៅ ២០ ​ឆ្នាំ ក្រោយ វា​ក៏​ហុច​ផល​ឲ្យ​​ពួកគេ​នូវ​ជម្ងឺ​ច្រើន​មុខ។ 

ដំបូន្មាន​របស់​មនុស្ស​វ័យ​ចំណាស់៖ សូម​​យកចិត្ត​ទុកដាក់​សុខភាព​របស់​អ្នក​ឲ្យ​បាន​ដិតដល់។ ផ្លាស់ប្ដូរ​បរិយាកាស​និង​ទម្លាប់​រស់នៅ​របស់​អ្នក​​​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ល្អ​ដូច​ជា ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់៕

ប្រភព៖ Today​

 

X
5s