ការបើក វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ២០១៩​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំ “វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ២០១៩” ដោយមានការគាំទ្រពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ព្រមទាំងដៃគូជាច្រើនទៀត ដែលធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រទី ១៦ ដល់ថ្ងៃអាទិត្យទី ១៨ ខែសីហាឆ្នាំ ២០១៩ នៅកោះពេជ្រ (អាគារ A) ដោយមានការអញ្ជើញជាអធិបតីពីឯកឧត្តម ហេង សុខគង់ រដ្ឋលេលខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

វេទិកានេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនដូចជា ឯកឧត្តម ហេង សុខគង់ រដ្ឋលេលខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកឧកញ៉ា សុខ ដារ៉ា អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឯកត្តម បណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា លោកជំទាវ Angela Corcoran និងលោក ស៊ាង សុបញ្ញា ប្រធានស្តីទី សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ស៊ាង សុបញ្ញា ប្រធានស្តីទី សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងសន្ទរកថាស្វាគមន៍ និងមានប្រសាសន៍ថា “នេះជាលើកទី១ ដែលសមាគមសហគ្រិនវ័យក្មេងម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពី CAVAC បានចូលរួមបង្កើតជាវេទិកាដ៏មានសារៈប្រយោជន៍នេះឡើង ក្នុងគោលបំណងបង្កើតជាឱកាសឲ្យសហគ្រាសកែ ច្នៃចំណីអាហារ និងផលិតផលកសិកម្មក្នុងស្រុក ឲ្យទទួលបាននូវចំណេះដឹង ព័ត៌មាន និងដំណោះស្រាយបច្ចេកទេសថ្មីៗសម្រាប់លើកស្ទួយសមត្ថភាពកែច្នៃគុណភាព និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក។ លោកបានបន្តថា សមាគមមានបេសកកម្មធ្វើឲ្យសហគ្រាសធុនតូច និងមធ្យក្នុងប្រទេសកម្ពុជាមានឱកាសទទួលបានការប្រកួតប្រជែងទាំងក្នុងនិងក្រៅតំបន់ ដោយសមាគមបានរៀបចំយុទ្ធសាស្រ្តឆ្នាំ ២០២៥ ដែលផ្តោតលើបួនចំនុចសំខាន់ៗគឺ៖ ១) បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានលើទុនអាជីវកម្ម ២) អភិវឌ្ឍ និងការធ្វើទំនើបកម្មតាមបែបឌីជីថលដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មប្រកបដោយបរិយាបន្ន ៣) ពង្រីកបរិយាកាសគោលនយោបាយ និងនិយ័តកម្ម និងទី ៤) អភិវឌ្ឍជំនាញធនធានមនុស្ស។

បន្ទាប់ពីនោះលោកឧកញ៉ា សុខ ដារ៉ា ក៏បានមានប្រសាសន៍ដែរថា វេទិកានោះពិតជាមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធក្នុខ្សែសង្វាក់ផលិតកម្មកែច្នៃម្ហូបអាហារ និងផលិតផលកសិកម្ម ជាពិសេសកសិករកម្ពុជាទូទាំងប្រទេស និងសហគ្រាសធុនតូចនិងមធ្យមដែលស្ថិតក្នុងវិស័យនេះ។ បរិយាកាសនៃការប្រកួតប្រជែង និងទីផ្សារសេរីជាកត្តាជម្រុញទាមទារឲ្យកម្ពុជាយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាពផលិតផលដើម្បីការប្រកួតប្រជែង។ កម្ពុជានៅមានបញ្ហាប្រឈមផ្នែកផលិតភាព ទំហំផលិតកម្ម បច្ចេកទេសផលិត បញ្ហាប្រភពទុន ការដឹកជញ្ជូន រួមទាំងគោលនយោបាយគាំពារមួយចំនួន។ តាមរយៈវេទិការយៈពេលបីថ្ងៃនេះ ឯកឧត្តមសង្ឍឹមថានឹងនាំមកនូវចំណេះដឹង ព័ត៌មានថ្មីៗ ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានមានប្រសាន៍ដែរថា ការរៀបបចំវេទិកានេះជាការបង្ខិតឲ្យជិតគ្នារវាងអ្នកត្រូវការ និងអ្នកផ្គត់ផ្គង់ដើម្បីតភ្ជាប់ទំនាក់ទំនងចង្វាក់ផលិតកម្មក្នុងស្រុកឲ្យមានលក្ខណៈជាបណ្តាញពីកសិដ្ឋានមកទីផ្សារ និងឲ្យកាន់តែមានលក្ខណៈសកម្មជាងមុនដើម្បីបង្កើនផលិតភាពទំនិញ និងសេវាកម្មសម្រាប់បំពេញតម្រូវការក្នុងស្រុក និងជម្រុញការនាំចេញដូចគ្នា។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេលខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា វិស័យកសិ-ឧស្សាហកម្មកម្ពុជាកំពុងមានសន្ទុះទៅមុខ តែការកែច្នៃវត្ថុធាតុដើមក្នុងស្រុកមិនទាន់អស់ពីលទ្ធភាពនៅឡើយ ហើយវេទិកាមួយនេះគឺមានសារៈសំខាន់ណាស់ក្នុងការផ្គូផ្គងរវាងអ្នកផលិត និងអ្នកដាំ(កសិករ) ដើម្បីបង្កើនតម្លៃបន្ថែមដល់កសិករ និងដើម្បីឈានដល់ការបង្កើនឲ្យមានការផលិតចេញជាផលិតផលសម្រេចឲ្យបានកាន់តែច្រើន។ ឯកឧត្តមបញ្ជាក់ថា ការនាំផលិតផលិតផលដែលជាវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចចេញនាំឲ្យសេដ្ឋកិច្ចជាតិមានការខាតបង់ច្រើន តែបើយើងបានកែច្នៃវត្ថុធាតុដើមមួយឲ្យទៅជាផលិតផលសម្រេចច្រើនប្រភេទ នោះផលិតផលផ្គត់ផ្គង់លើទីផ្សារ និងនាំចេញមានច្រើនប្រភេទដែលអាចបង្កើនចំណូលដល់ប្រជាជនខ្លួនឯង និងសេដ្ឋកិច្ចជាតិទាំងមូល។

គួរបញ្ជាក់ថា ក្នុងវេទិកានេះមានការចូលរួមតាំងបង្ហាញផលិតផលសម្រាប់កែច្នៃ និងគាំទ្រផលិតកម្មកែច្នៃចំណីអាហារនិងកសិកម្មរហូតទៅដល់ ៣០ ក្រុមហ៊ុន មានស្តង់ចំនួន៥០ មានអ្នកចុះឈ្មោះចូលរួមប្រមាណ ៥១០នាក់។ វាគ្មិនចូលរួមមានចំនួន ៤៦ រូបសម្រាប់រយៈពេលទាំងបីថ្ងៃមកពីរដ្ឋាភិបាល វិស័យឯកជន សហគមន៍អាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលនឹងពិភាក្សាទៅលើប្រធានបទដល់ទៅ ១១ ចំនុចសំខាន់ៗទាក់ទងនឹងការផលិត និងកែច្នៃអាហារ និងផលិតផលកសិកម្ម៕

ដោយ៖ យ៉ាយ៉ា

 

X
5s