សារ​ផ្ញើ​ជូន​ដល់​សហគ្រិន៖ រឿង​ពិត​ដែល​អ្នក​ត្រូវ​ដឹង​នៅ​ពេល​​អ្នក​ដាក់​ខ្លួន​ជា​អ្នក​រកស៊ី​



តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​សហគ្រិន​​ម្នាក់​​តាម​ក្តី​ស្រមៃ​ដែល​អ្នក​ចង់​បាន? តាម​ពិត​ទៅ មិន​ថា​ជា​អ្នក​​រកស៊ី ឬ​អ្នក​ធ្វើ​ការ​ឲ្យ​គេ ខ្សែកោង​នៃ​​ជីវិត​ពេល​ខ្លះ​​​​គឺ​​មាន​ភាព​តានតឹង​​​ ជូរចត់ និង​ជួប​ភាព​បរាជ័យ​ជាង​អ្វី​ដែល​​មនុស្ស​ម្នាក់ៗ​គិត​ទៅ​ទៀត។  ទាំង​​នេះ​គឺ​ជា​មេរៀន​មួយ ហើយ​វា​សំខាន់​ជាចាំបាច់​សម្រាប់​​អ្នក​ដើម្បី​ពង្រឹង​ខ្លួន ឲ្យ​ងើប​ផុត​ពី​ឧបសគ្គ​ទាំងនេះ។ ​

មាន​រឿង​ខ្លះ​អ្នក​អាច​រៀន​សូត្រ​តាមរយៈ​​ដំបូន្មាន ​មើល​​គំរូ​ភាព​ជោគជ័យ និង​ភាព​បរាជ័យ​របស់​អ្នកដទៃ​។ រឿង​ខ្លះ​ទៀត​អ្នក​បាន​រៀនសូត្រ​ពី​សាលា​រៀន និង​បទពិសោធន៍​ជីវិត​ខ្លួនឯង​ដែល​អ្នក​បាន​ជួប​កន្លង​មក។ សម្រាប់​ជីវិត​ជា​សហគ្រិន ចង់​ឬ​មិន​ចង់ អ្នក​ត្រូវ​ដើរ​ឲ្យ​ឆ្ងាយ​ជាង​អ្នកដទៃ មើល​ឃើញ​ឱកាស​ធំ​ជាង​អ្នកដទៃ រៀនសូត្រ​ច្រើន​ជាង​អ្នកដទៃ ហើយ​ក៏​ហ៊ាន​បរាជ័យ​ និង​ការ​ខកចិត្ត​ជាង​អ្នកដទៃ​ដែរ។

នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង អ្នក​មិន​ចាំបាច់​ត្រូវការ​អ្វី​សោះ​ដើម្បី​ក្លាយ​ជា​នាយក​ប្រតិបត្តិ (CEO)​​ក្រុមហ៊ុន​របស់​អ្នក​ទេ។ មែន​អត់? ។ តាម​ពិត​អ្នក​គ្រាន់តែ​និយាយ​​ប្រាប់​​អ្នកដទៃ​​បាន​ស្គាល់​ថា  អ្នក​កំពុង​ចាប់ផ្តើម​បង្កើត​​ក្រុមហ៊ុន​​​មួយ ហើយ​មាន​អ្នក​ជា​នាយក​ប្រតិបត្តិ។ ដូច្នេះ​ សូម​កុំ​មោទនភាព​ពេក​ទៅ​នឹង​​មុខតំណែង​មួយ​នេះ។ 

តាម​ពិត​ទៅ វិធី​តែមួយគត់​ដែល​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ នឹង​នាំ​មក​នូវ​ការគោរព​ មាន​សិទ្ធិអំណាច  ​ឥទ្ធិពល ឬ​ការ​អបអរ​ពី​អ្នកដទៃ គឺ​ជា​លទ្ធផល​​ដែល​កើត​ចេញ​ពី​​សកម្មភាព និង​ការ​សម្រេចចិត្ត​របស់​អ្នក​សុទ្ធសាធ។ ប្រសិនបើ​អ្នក​នៅតែ​​បារម្ភ​​ពី​ជម្រើស​  និង​ភាព​ស្មោះត្រង់​របស់​អ្នក​​សំខាន់​ជាង​ការ​ចង់​បាន​​​នូវ​សិទ្ធិអំណាច ឬ ឥទ្ធិពល​​​របស់​អ្នក នោះ​មានន័យ​ថា អ្នក​នឹង​ចាប់ផ្តើម​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់។

នៅ​ពេល​អ្នក​សម្រេច​ជ្រើសរើស​ប្រាប់​អ្នកដទៃ​អំពី​គំនិត​ថ្មី​របស់​អ្នក​ដែល​ចង់​បើក​មុខ​ជំនួញ​អ្វី​មួយ​នោះ អ្នក​នឹង​សង្កេត​ដោយ​ខ្លួនឯង​ថា ដំបូន្មាន​ហូរ​ដូច​ទឹក​​នឹង​ធ្លាក់​មក​លើ​អ្នក។  ដំបូន្មាន​ទាំងអស់​​នោះ​មិនមែន​សុទ្ធតែ​ល្អ​ទេ​ ហើយ​ខ្លះ​​មិន​អាច​អនុវត្ត​​​បាន​​នៅ​ក្នុង​ស្ថានភាព​របស់​អ្នក​ទេ ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​អ្នក​ទៀត​ផង ទោះបី​ជា​ដំបូន្មាន​នោះ​មើល​ទៅ​ដូច​ជា​មាន​តម្លៃ​ដូច​សម្ដី​អ្នកប្រាជ្ញ​ក៏ដោយ។ ​

ជំនួស​​មក​វិញ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​រៀន​ស្តាប់ ខណៈ​​ពេល​ដែល​អ្នក​កំពុង​​ទុកចិត្ត​​លើ​ខ្លួន​ឯង​ដែល​ជា​រឿង​មាន​តម្លៃ​បំផុត​។  អ្នក​ត្រូវ​ដឹង​ថា នៅ​ពេល​អ្នក​មាន​អារម្មណ៍​​មិន​ទុកចិត្ត​លើ​សមត្ថភាព និង​ភាព​គ្មាន​បទពិសោធន៍​​របស់​ខ្លួន​ឯង អាច​ធ្វើឲ្យ​អ្នក​​គិត​ចង់​បោះបង់​តួនាទី​ដឹកនាំ​របស់​អ្នក​​ប្រគល់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ ក៏ប៉ុន្តែ ​​មធ្យោបាយ​តែមួយគត់​ដើម្បី​ដឹកនាំ​ក្រុមហ៊ុន​​មួយ​ឲ្យ​រីកចម្រើន​បាន​គឺ​ត្រូវ​ផ្តើម​ចេញ​ពី​ការ​ដឹកនាំ​របស់​អ្នក​។

សូម​កុំ​បាត់បង់​ត្រីវិស័យ​ផ្ទាល់ខ្លួន​របស់​អ្នក​​នៅ​ពេល​មាន​អ្នក​ទទួល​បាន​គំនិត​យោបល់​ពី​អ្នកដទៃ។ ប៉ុន្តែ​អ្នក​​ក៏​​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ​​ថា អ្នក​ក៏​មិន​អាច​ធ្វើ​​បាន​​ល្អ​ឥតខ្ចោះ​ទាំងអស់​​នោះ​ដែរ​ បើ​ទោះបី​ជា​អ្នក​​កំពុង​ស្ថិត​នៅ​លើ​វិថី​ជោគជ័យ​ខ្លះៗ ហើយ​​កំពុង​មាន​អារម្មណ៍​ថា អ្នក​​បាន​យក​​ឈ្នះ​ពិភពលោក​នេះ​​ហើយ។

វិធី​ល្អ​បំផុត​ដើម្បី​​​ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​មាន​តុល្យភាព​និង​ភាព​សុទិដ្ឋិនិយម​​តទៅ​មុខ​គឺ​ត្រូវ​ដឹង​ថា​ ​គំនិត​របស់​អ្នក​​នៅពេល​នេះ វា​មិនមែន​ជា​អត្តសញ្ញាណ​​អមត​របស់​អ្នក​​​ឡើយ។ អ្នក​ក៏​ត្រូវ​បើក​ទ្វារ​​ស្វាគមន៍​ឲ្យ​អ្នក​ផ្សេង​ទៀត​ដែល​​មាន​សមត្ថភាព​មក​អង្គុយ​នៅ​កន្លែង​ទំនេរ​​មួយ​ដែល​អ្នក​​បាន​រៀបចំ​ទុក​រួចស្រេច​។ អ្នក​​ត្រូវ​មាន​ការ​ប្ដេជ្ញាចិត្ត  ​មាន​មហិច្ឆតា លះបង់ និង​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ឆោត​ល្ងង់​ខ្លាំងពេក​​រហូត​ធ្វើ​ឲ្យ​អ្នក​បាត់បង់​​ឱកាស​អស់​មួយ​ជីវិត។

សុខចិត្ត​ទុក​ពេល​ឲ្យ​អ្នកដទៃ​មើល​ស្រាល​អ្នក​​សិន​ចោះ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​​វិធី​បែប​នេះ​ធ្វើ​មក​លើ​អ្នក។ ប៉ុន្តែ​សូម​កុំ​មើលស្រាល​ខ្លួនឯង។ វា​មាន​ភាព​ខុសគ្នា​រវាង​សញ្ញា​​នៃ​រំញោច និង​ការ​សង្ស័យ​ខ្លួន​ឯង។ ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ដូចជា​មិន​ស័ក្តិសម​​ជា​ម្ចាស់​ជំនួញ​របស់​អ្នក​ឡើយ។ ​នេះ​ជា​គំនិត​អវិជ្ជមាន​មួយ ដែល​បំផ្លាញ​ទំនុកចិត្ត និង​ដាក់​ការ​សង្ស័យ​លើ​សមត្ថភាព​ខ្លួនឯង។ អ្នក​ត្រូវ​​ប្រាប់​ខ្លួនឯង​ថា វា​ជា​របស់​អ្នក ហើយ​អ្នក​នឹង​បង្ហាញ​ឲ្យ​អ្នកដទៃ​បាន​ឃើញ។

អ្នក​ត្រូវ​អបអរ​ភាព​ជោគជ័យ​របស់​អ្នក។ មនុស្ស​គ្រប់គ្នា​មិនមែន​សុទ្ធតែ​ស្ថិត​នៅ​​កែវភ្នែក​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​​ដើម្បី​សម្រេច​ភាព​ជោគជ័យ​របស់​អ្នក​​ឡើយ។ កុំ​​​ឲ្យ​តម្លៃ​ទៅ​នឹង​ទស្សនៈ និង​ការ​វាយតម្លៃ​របស់​ពួកគេ​ខ្លាំង​ពេក។ ប៉ុន្តែ អ្នក​ក៏​មិន​ត្រូវ​មើលងាយ​ពួកគេ​ដូចគ្នា។   សូម​កុំ​ព្រងើយ​កន្តើយ​ទៅ​នឹង​សញ្ញា​ផ្សេងៗ ពីព្រោះ​អ្នក​ក៏​មិន​ទាន់​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​បញ្ហា​ដែល​នឹង​កើត​មាន​ឡើង​ដែរ ហើយ​បើ​វា​បាន​កើត​​ឡើង​មែន ត្រូវ​ទទួលស្គាល់​ការពិត។ មុខ​ជំនួញ​​រីកចម្រើន​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​​មុខ​ជំនួញ​ដែល​មិន​​ជួប​បញ្ហា​មិនមែន​ជា​មុខ​ជំនួញ​ល្អ​ឡើយ។

សូម​កុំ​ខ្មាសអៀន​ក្នុង​ការ​ស្វែងរក​ជំនួយ​។ នេះ​ជា​ការងារ​មួយ​ដែល​អ្នក​មិន​ត្រូវ​មាន​ភាព​សង្ស័យ​ឡើយ​ពីព្រោះ​ថា គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា អ្នក​ត្រូវការ​អ្វី​នោះ​ទេ ប្រសិន​បើ​អ្នក​មិន​បាន​ប្រាប់​ពួកគេ​ថា អ្នក​ត្រូវការ​អ្វី។ អ្នក​ត្រូវ​​មាន​ភាព​ប្រាកដប្រជា​ចំពោះ​រឿង​នេះ។ នៅ​ពេល​អ្នក​ស្នើ​សុំ​ជំនួញ ​គេ​អាច​បដិសេធន៍ ឬ​យល់ព្រម​​ទទួល​សំណើ​របស់​អ្នក។ ក៏ប៉ុន្តែ​ចម្លើយ​របស់​ពួកគេ​នឹង​ស្មើ​ពាក្យ​ថា​ "ទេ" ប្រសិន​បើ​អ្នក​មិន​បាន​សុំ​ជំនួញ​ពី​អ្នកណា​ម្នាក់​ទាល់តែសោះ។ កុំ​​ឆាប់​​សម្រេចចិត្ត​​មុន​ពួកគេ​ដោយ​មិន​បាន​សួរ​ពួកគេ​​ថា អ្នក​ត្រូវការ​អ្វី។

អ្នក​ត្រូវ​មាន​ចិត្តសប្បុរស​ដោយ​ការ​សរសើរ ឲ្យ​តម្លៃ និង​​​ការ​ដឹងគុណ​ចំពោះ​ក្រុម​ការងារ​របស់​អ្នក ហើយ​ចាត់ទុក​​ពួកគេ​ថា  ជា​ក្រុម​ការងារ​មួយ​ដែល​មុត​ស្រួច​​។  ប្រសិន​បើ​នរណា​ម្នាក់​​នៅ ក្នុង​ក្រុម​ការងារ​របស់​អ្នក​បង្ហាញ​​អាកប្បកិរិយា​​ឆ្គាំឆ្គង​មិន​ពេញ​លក្ខណៈ​ជា​បុគ្គលិក​រួម​ការងារ​​ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បុគ្គល​នោះ​ចេះ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ខ្លួនឯង។  សូម​ចាំ​ថា ត្រូវ​ជ្រើសរើស​យក​​ភាព​ស្មោះត្រង់​មុន​​ទេពកោសល្យ​របស់​ពួកគេ។ អ្នក​មិន​ត្រូវ​ទទួល​មនុស្ស​ដែល​មាន​ទេពកោសល្យ​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​មក​ធ្វើការ ហើយ​ធ្វើ​ឲ្យ​ក្រុម​ការងារ​ទាំងមូល​​ពោរពេញ​ដោយ​ភាព​ភ័យខ្លាច និង​ការ​មិន​ទុកចិត្ត​គ្នា​ឡើយ។

នៅ​ពេល​ខ្លះ​ទៀត​គម្រោង​ការងារ​របស់​អ្នក​មិន​អាច​សម្រេច​​បាន​​តាម​ពេល​កំណត់ ឬ​ទទួល​បាន​លទ្ធផល​មិន​ដូច​គ្រោង​ទុក។ ​នេះ​ធ្វើ​ឲ្យ អ្នក​មាន​អារម្មណ៍​មិន​កក់ក្តៅ និង​មាន​សម្ពាធ​ថែម​ទៀត​ផង។ ប៉ុន្តែ​សូម​ចាំ​ថា បញ្ហា​នេះ​បាន​កើត​មាន​ស្ទើរតែ​គ្រប់​ស្ថាប័ន​ទៅ​ហើយ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ហ៊ាន​និយាយ​ការពិត​ពី​ព័ត៌មាន​មិន​ល្អ​ទាំង​នេះ​ទៅ​កាន់​បុគ្គលិក ក៏​ដូច​ជា​ដៃគូ​រកស៊ី​របស់​អ្នក​ពីព្រោះ​ថា ពួកគេ​​កំពុង​ចង់​ដឹង​ពី​​លទ្ធផល​ ហើយ​ពួកគេ​អាច​កំពុង​រង់ចាំ​​​ជួយ​អ្នក​ផង​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

អ្នក​អាច​ជួប​ការ​បរាជ័យ​ជា​ច្រើន​ទៀត ប៉ុន្តែ​សូម​សន្យា​ចំពោះ​ខ្លួន​ឯង​ថា អ្នក​នឹង​មាន​វិធី​ដែល​ត្រូវ​ដើរ​ល្អ​ជាង​នេះ។ ​ទន្ទឹម​នឹង​នេះ​ សូម​កុំ​​ដាក់​ការ​សន្យា​​​​ទៅ​លើ​អ្នកណា​ម្នាក់​ដែល​​បាន​សន្យា​ថា នឹង​​រក្សា​ការ​សន្យា​របស់​ពួកគេ​ឲ្យ​​អ្នក។  ប្រសិន​បើ​ពួកគេ​​កុហក​អ្នក​ ពួកគេ​ក៏​​ជា​អ្នក​បង្កើត​ការ​កុហក​កាន់តែ​ច្រើន​ឡើង​ដែរ  ហើយ​ប្រាកដ​ណាស់​ថា ទំនាក់ទំនង​របស់​អ្នក​ជាមួយ​បុគ្គល​នោះ​​នឹង​ត្រូវ​បាន​​​ឃ្លាត​ឆ្ងាយ​បន្តិច​ម្តងៗ។

​អ្នក​ជា​អ្នក​បង្កើត​ជម្រើស​ឲ្យ​ខ្លួនឯង ហេតុដូច្នេះ​តើ​​​របៀប​ដែល​អ្នក​ជ្រើសរើស​មាន​ឥទ្ធិពល​ដល់​អ្នកដទៃ​​ដោយ​របៀបណា? ​ឈ្នះ​ដោយ​របៀបណា?  ហេតុអ្វី​អ្នក​សម្រេច​បោះបង់? តើ​អ្នក​ចង់​និយាយ​​​​ប្រាប់​ខ្លួនឯង​អ្វី​ខ្លះ​?  តើ​ជម្រើស​របស់​អ្នក​បាន​ផ្តល់​តម្លៃ​ទៅ​លើ​អ្វី?  ជម្រើស​ទាំងនេះ​ក៏ដូចជា​ជម្រើស​​ផ្សេងទៀត ​នឹង​កំណត់​ថា​ តើ​អ្នក​ទទួល​បាន​ភាព​ជោគជ័យ ឬ​អត់? ហើយ​ថា តើ​អ្នក​ពេញចិត្ត​ខ្លួនឯង​ដែល​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ដំណើរ​ជីវិត​របស់​អ្នក​ដែរ​ឬទេ? 

សូម​កុំ​​​ឲ្យ​អ្នកណា​ម្នាក់​មក​កំណត់​​​វាសនា​ឲ្យ​ខ្លួន​អ្នក ហើយ​កុំ​ធ្វើ​ឲ្យ​ការ​បដិសេធន៍​របស់​អ្នកដទៃ​​​នាំ​ឲ្យ​អ្នក​ខកចិត្ត។ នេះ​ជា​ហេតុផល​រាប់ពាន់​ដែល​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ហ៊ាន​​សម្រេចចិត្ត​ឆ្លើយ​បដិសេធន៍​ទៅ​នឹង​សំណើ​​អ្នកដទៃ។ អ្នក​អាច​រៀនសូត្រ​ពី​ការ​បដិសេធន៍​នេះ​ដើម្បី​អភិវឌ្ឍ​ក៏ដូចជា​ធ្វើ​ឲ្យ​​ខ្លួន​អ្នក​ល្អ​ប្រសើរ​ជាង​មុន។ ការ​បដិសេធន៍​នៅ​ក្នុង​មុខ​ជំនួញ​វា​បាន​បង្រៀន​អ្នក​ឲ្យ​ចេះ​ពី​របៀប​ថា តើ​អ្នក​​គួរ​ដាក់​សំណើ​ប្រមូល​ទុន​ដោយ​របៀបណា? បង្កើត​កិច្ចសន្យា​របៀប​ម៉េច? ចេះ​ចរចា​ដោយ​វិធី​ណា?

កុំ​យក​ឈ្នះ​​ដោយ​ការ​បៀតបៀន​អ្នកដទៃ។  ការ​ប្រកួតប្រជែង និង​​បញ្ហា​គឺ​ជា​កម្លាំង​ចលករ​​ដ៏​អស្ចារ្យ​​ធ្វើ​ឲ្យ​ជំនួញ​របស់​អ្នក​រីកចម្រើន​ទៅមុខ​។ ប៉ុន្តែ​ការ​លេង​ល្បែង​ទុច្ចរិត​ដើម្បី​ទទួល​បាន​អ្វី​​មួយ​ដែល​អ្នក​ចង់​បាន មិន​យូរ​មិន​ឆាប់ វា​នឹង​​ធ្លាក់​មក​​លើ​អ្នក​វិញ​ជា​មិនខាន។  ​ប្រសិន​បើ​អ្នក​ចូលចិត្ត​លេង​ល្បែង​មួយ​នេះ​ ​វា​នឹង​ក្លាយ​ជា​​ទម្លាប់​របស់​អ្នក ដែល​ជា​ផ្លូវ​ពិឃាត​នៅ​ក្នុង​វិថី​ជំនួញ​ក្នុង​ថ្ងៃ​ណាមួយ។ 

លើកលែង​ទោស​ឲ្យ​ខ្លួនឯង​នៅ​ពេល​អ្នក​បាន​បង្កើត​កំហុស។ ចេះ​រៀន​ពី​កំហុស និង​កែ​កំហុស​ឲ្យ​ទៅ​ជា​ឱកាស។ ប៉ុន្តែ​កុំ​ទុក​ផ្លូវ​​ឲ្យ​​កំហុស ឬ​ភាព​បរាជ័យ​មក​រាំង​ខ្ទប់​ជីវិត​របស់​អ្នក។ បើ​អ្នក​មិន​ខ្នះខ្នែង​យក​ជ័យជំនះ​ទៅ​លើ​ភាព​បរាជ័យ​ទេ​នោះ យូរៗ ទៅ​វា​នឹង​ក្លាយ​ទៅ​ជា​វីរុស​បំផ្លាញ​កោសិកា​នៃ​ក្តី​សង្ឃឹម និង​ទំនុកចិត្ត​​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ពន្លឺ​នៃ​ជីវិត៕

ប្រភព៖ Inc 

X
5s