មកស្តាប់ដំបូន្មាននាយកប្រតិបត្តិក្រុមហ៊ុន AirAsia ផ្តាំផ្ញើទៅកាន់អ្នកដែលចង់រកស៊ីថ្មីថ្មោង
គេនៅចាំបានថា កាលពី ១៨ ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ ២០០១ លោក Tony Fernandes បានចុះហត្ថលេខាទិញយកក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ម៉ាឡេស៊ី AirAsiaដែលហៀបនឹងក្លាយទៅជាសាកសពទៅហើយនោះនៅក្នុងតម្លៃត្រឹមតែ ២៥ សេន ប៉ុណ្ណោះ។ ៣ ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ១១ ខែកញ្ញា មានអំពើភេរវកម្មដ៏រន្ធត់មួយវាយប្រហារទៅលើអគារភ្លោះរបស់អាមេរិកដែលនេះបានធ្វើឲ្យការធ្វើដំណើរនៅជុំវិញពិភពលោកបានធ្លាក់ចុះ ២,៧%។
ស្ថានភាពនេះបានធ្វើឲ្យមុខជំនួញរបស់ក្រុមហ៊ុនអាកាសចរណ៍សេដ្ឋីម៉ាឡេស៊ីរូបនេះស្ថិតនៅក្នុងភាពត្រដាបត្រដួសអស់រយៈពេលជាច្រើនឆ្នាំទៀត។ ក៏ប៉ុន្តែទោះបីជាពេលវេលាមិនសមហេតុផលក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅតែអាចរកច្រកចេញក្លាយជាក្រុមហ៊ុនអាកាសដ៏ធំមួយនៅលើពិភពលោកដូច ពេលបច្ចុប្បន្នដែលល្បីថា មានតម្លៃថោកដែលអ្នកណាៗក៏អាចធ្វើដំណើរបានតាមរយៈក្រុមហ៊ុនមួយនេះ។
ឆ្លងកាត់បទពិសោធន៍ជំនួញរាប់ភ្លេច នៅក្នុងកម្មវិធីជជែកដេញដោលមួយដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum) កាលពីឆ្នាំ ២០១៦ កន្លងទៅ សេដ្ឋីវ័យ ៥៥ ឆ្នាំមានទ្រព្យសម្បត្តិ ៦៥០ លានដុល្លាររូបនេះបានចែករំលែកដំបូន្មានមួយសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកដែលចង់រកស៊ីថ្មីថ្មោងតែម្តង។
១.ការលើកទឹកចិត្តបុគ្គលិក
នៅពេលត្រូវបានគេសួរថា តើលោកលើកទឹកចិត្តបុគ្គលិកដោយរបៀបណា លោក Fernandes បានឆ្លើយថា តម្លាភាពគឺមានសារៈសំខាន់ខ្លាំងណាស់។ លោកថា វាជួយឲ្យអាចមើលឃើញពីអ្វីដែលចៅហ្វាយ និងបុគ្គលិកអាចមើលឃើញគ្នាទៅវិញទៅមកថា ទាំងថ្នាក់លើនឹងថ្នាក់ក្រោមកំពុងធ្វើអ្វីខ្លះ? ព្រមទាំងធ្វើឲ្យបុគ្គលិកទាំងអស់អភិវឌ្ឍអាជីពពួកគេកាន់តែប្រសើរឡើង និងអាចសម្រេចបានក្តីសុបិន្តដែលពួកគេចង់បានដែលវាជាគន្លឹះក្នុងការលើកកម្ពស់ការទទួលខុសត្រូវ និងសីលធម៌នៅក្នុងក្រុមហ៊ុន។
«យើងបានផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិករបស់យើង។ ប៉ុន្តែមិនមែនឲ្យតែលុយមួយមុខទេ ពីព្រោះក្រុមហ៊ុនណាក៏អាចឲ្យលុយបានដែរ។ យើងជួយអភិវឌ្ឍអាជីពការងាររបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេសម្រេចបានក្តីសុបិន្តដែលពួកគេចង់បាន»។ នេះជាការលើកឡើងរបស់លោក Fernandes។
២.ការចាប់ផ្តើមជំនួញថ្មីថ្មោង
នៅពេលគេសួរថា តើលោកមានអ្វីចែករំលែកដល់សហគ្រិនវ័យក្មេង លោក Fernandes បានលើកឡើងនូវកត្តាសំខាន់ៗចំនួន ៤ សម្រាប់អ្នកដែលចង់បើកជំនួញថ្មីថ្មោងត្រូវយកចិត្តទុកដាក់ដែលនោះរួមមាន៖
១. នាំយកផលិតផលណាដែលមនុស្សទូទៅចង់បាន៖ ផលិត ឬផ្តល់សេវាកម្មណាដែលអតិថិជនត្រូវការនៅលើទីផ្សារ។
២.មានទុនសម្រាប់ធ្វើទីផ្សារ៖ ប្រើប្រាស់ទុនសម្រាប់ចំណាយលើការធ្វើទីផ្សារ ស្រាវជ្រាវ ផ្សព្វផ្សាយដល់អតិថិជន ក៏ដូចជាសាធារណជនឲ្យបានស្គាល់កាន់តែច្រើនតាមរយៈមធ្យោបាយផ្សព្វផ្សាយជាច្រើន។
៣.ហ៊ុមព័ទ្ធជុំវិញខ្លួនអ្នកជាមួយមនុស្សពូកែៗដែលអាចជួយបំពេញភាពចន្លោះប្រហោង ឬចំណុចខ្សោយរបស់អ្នក៖ រាប់អានមនុស្សជោគជ័យ អ្នកជំនាញ និងអ្នកមានបទពិសោធន៍ល្អៗនៅក្នុងជំនួញផ្សេងៗគ្នា។
៤.មានមហិច្ឆតា៖ ធ្វើអ្វីមួយដែលអ្នកជឿជាក់ និងធ្វើអ្វីដែលអ្នកស្រឡាញ់នោះវានឹងផ្តល់ថាមពលឲ្យអ្នកឆ្ពោះទៅមុខគ្មានថ្លៃបោះបង់៕
ប្រភព៖ Weforum