អនុវត្តវិធី ៧យ៉ាងនេះដើម្បីដោះស្រាយបញ្ហា និងជម្លោះនៅកន្លែងការងារ
បើទោះបីជាក្រុមការងាររបស់អ្នកជាក្រុមការងារមួយដ៏រឹងមាំយ៉ាងណាក៏ដោយ ជម្លោះនៅកន្លែងការងារតិចឬច្រើននឹងកើតមានឡើង។ ពេលខ្លះជម្លោះការងារនេះអាចកើតមានឡើងរវាងបុគ្គលិកថ្នាក់ក្រោម និងបុគ្គលិកជាន់ខ្ពស់ ឬបុគ្គលិកថ្នាក់ក្រោម និងបុគ្គលិកថ្នាក់ក្រោមដូចគ្នា។
ប៉ុន្តែប្រសិនបើជម្លោះទាំងនោះកើតមានឡើងហើយ អ្នកត្រូវតែមានវិធីសាស្ត្រដើម្បីបញ្ចប់វាទៅវិញប្រកបដោយប្រសិទ្ធភាព និងជៀសវាងមើលមុខគ្នាមិនចំនៅកន្លែងការងារ។ នៅខាងក្រោមនេះ ជាវិធីសាស្រ្ត ៧ យ៉ាងដែលអាចជួយអ្នកសម្រាប់យកទៅអនុវត្តនៅពេលមានជម្លោះការងារ៖
១.លើកយកជម្លោះមកដោះស្រាយភ្លាមៗ
ទោះបីជាជម្លោះអ្វីក៏ដោយ បញ្ហានៅកន្លែងធ្វើការត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងដោយត្រង់ទៅត្រង់មក។ ក្នុងនាមអ្នកជាម្ចាស់ក្រុមហ៊ុន ឬអាជីវកម្ម អ្នកត្រូវ ពិភាក្សាជាមួយភាគីពាក់ព័ន្ធជម្លោះដូច ជា និយោជិកជាដើមហើយបន្ទាប់មកអ្នកត្រូវហ៊ានធ្វើការសម្រេចចិត្តមួយយ៉ាងឆាប់រហ័សពីលទ្ធផលពិភាក្សានោះ។ ជម្លោះនៅក្នុងកន្លែងការងារ អ្នកមិនអាចទុកវាយូរបានទេ ពោលគឺត្រូវតែបណ្តេញវាចេញបានកាន់តែឆាប់កាន់តែល្អ។ ការធ្វើបែបនេះ អាជីវកម្មរបស់អ្នកនឹងដំណើរការបានល្អប្រសើរ ហើយសមាជិកក្រុមការងាររបស់អ្នកនឹងគោរពអ្នកកាន់តែខ្លាំងទៀតផង។
២.ធ្វើឲ្យអារម្មណ៍មនុស្សគ្រប់គ្នាត្រូវបានយកចិត្តទុកដាក់
តាមពិតទៅ ជម្លោះនៅកន្លែងការងារបានកើតមានឡើងដោយសារតែអារម្មណ៍របស់បុគ្គលិក ហើយវាមិនមែនជារឿងមួយអាក្រក់នោះទេពីព្រោះវាជាធម្មជាតិរបស់មនុស្ស។ នេះបានបង្ហាញថា បុគ្គលិករបស់អ្នកបានវិនិយោគអារម្មណ៍មនោសញ្ចេតនារបស់ពួកគេនៅកន្លែងការងារ។ នៅពេលព្យាយាមដោះស្រាយស្ថានភាពតឹងតែងណាមួយ ការងារដំបូងដែលអ្នកគឺត្រូវទទួលស្គាល់ និងស្វែងយល់ពីអារម្មណ៍របស់ភាគីដែលបណ្តាលឲ្យមានជម្លោះកើតមានឡើង។ នេះមានន័យថា ប្រសិនបើអ្នកមិនអាចកំណត់បាននូវអារម្មណ៍ថ្នាំងថ្នាក់របស់ភាគីដែលនៅសេសសល់បានទេ ឬថា ដំណោះស្រាយបញ្ចប់ទៅដោយមិនយុត្តិធម៌ នៅទីបំផុតជម្លោះដដែលនេះនឹងកើតមានម្តងទៀត។
៣.បង្កើតក្រុមពិភាក្សាមួយ
ដោយសារតែជម្លោះតិចឬច្រើននៅក្នុងក្រុមហ៊ុននឹងអាចកើតមានឡើងនៅពេលណាមួយនោះ វាជារឿងល្អប្រសើរមួយដែលអ្នកត្រូវបង្កើតក្រុមពិភាក្សាមួយជាមុនដែលផ្តល់ឱកាសឲ្យអ្នកមានជម្លោះ និងថ្នាក់ដឹកនាំបានជួបមុខពិភាក្សារកដំណោះស្រាយរួមគ្នាមួយ។ អ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់លើបញ្ហារបស់ពួកគេ និងស្វែងយល់ពីវត្ថុបំណងនៃការបង្កើតជម្លោះឡើង។ បន្ទាប់មកអ្នកត្រូវផ្តល់ដំណោះស្រាយ ហើយលើកយកគោលគំនិតសមស្របមួយដែលធ្វើឲ្យភាគីជម្លោះនីមួយៗមានភាពកក់ក្តៅសម្រាប់ពេលអនាគត។ វាជាការយកចិត្តទុកដាក់នូវអ្វីដែលនាំឲ្យពួកគេខ្វែងគំនិតគ្នា ហើយផ្តល់លទ្ធផលដំណោះស្រាយដោយការសម្បទានឲ្យគ្នាទៅវិញទៅមក។
៤.រកឫសគល់បញ្ហា
ប្រតិកម្មភ្លាមៗចំពោះជម្លោះនៅកន្លែងធ្វើការអាស្រ័យលើអារម្មណ៍របស់អ្នកទាំងពីរដែលមានចំពោះគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពីរនាក់ដែលឆាប់ប្រតិកម្មជាង នឹងឆាប់អូសទាញឲ្យមានបញ្ហាកើតមានឡើង។ ប្រសិនបើបញ្ហាកើតឡើងរួចហើយ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែបញ្ឈប់បញ្ហានេះដោយវិធីត្រជាក់ ហើយបន្ទាប់មកអ្នកត្រូវរកឲ្យឃើញពីឫសគល់ដែលនាំឲ្យកើតមានជម្លោះនោះ។ ទន្ទឹមនឹងនេះបើអ្នកអង្កេតឃើញថា មានភាគីណាមួយហាក់បង្ហាញអារម្មណ៍បើកភ្លើងខៀវចង់ឲ្យបានការពិភាក្សាណាមួយនោះ អ្នកត្រូវសាកសួរភាគីនោះពីដើមចមនៃជម្លោះនោះតាំងពីដំបូង បន្ទាប់មក ហៅគូភាគីទាំងពីរមកពិភាក្សា ស្វែងរកដំណោះស្រាយរួម។
៥.ពិគ្រោះជាមួយអ្នកសម្រុះសម្រួលអព្យាក្រឹតណាម្នាក់
វិធីល្អបំផុតមួយទៀតក្នុងការដោះស្រាយទំនាស់នៅកន្លែងការងារ គឺការអន្តរាគមន៍របស់ភាគីទី៣ដែលមានជំនាញបទពិសោធន៍ ឬជាទូទៅហៅថា អ្នកសម្របសម្រួល។ បុគ្គលនេះគួរតែជាមនុស្សដែលអព្យាក្រឹត្យ យល់ការរាក់ជ្រៅពីរបៀបដោះស្រាយជម្លោះ វប្បធម៌ និងមានបទពិសោធន៍ទូលំទូលាយនៅកន្លែងការងារ។ ជាទូទៅអ្នកជំនាញអាចរកឃើញគន្លឹះ និងអាចពន្លត់បញ្ហាបានប្រសិទ្ធភាពជាងអ្នក។
៦.បង្កើតគោលដៅសម្រាប់ភាគីពាក់ព័ន្ធ
ចំណុចមុនគេបង្អស់ដែលអ្នកត្រូវលើកឡើងនៅមុនពេលពិភាក្សាស្វែងរកចម្លើយ គឺអ្នកត្រូវបង្កើតគោលដៅមួយដែលអ្នកចង់ឲ្យលទ្ធផលជម្លោះនេះកើតមានឡើងពោលគឺវាមិនមែនមានន័យថា ត្រឹមតែបញ្ចប់ជម្លោះនោះ ឬដោះស្រាយបញ្ហាឲ្យតែរួចពីដៃនោះទេ។ នៅទីនេះ អ្នកត្រូវកំណត់គោលដៅដែលទាក់ទងទៅនឹងភាគីម្នាក់ៗធ្វើដូច្នេះអ្នក អាចដឹងពីអ្វីដែលត្រូវនិយាយ និងមានគន្លឹះដោះស្រាយប្រកបដោយប្រសិទ្ធភាព" ។
៧.បង្កើតគម្រោងដែលលើកឡើងពីសញ្ញាណនៃជម្លោះ
ការបង្កើតគម្រោងដោះស្រាយជម្លោះមួយដែលត្រឹមត្រូវ នឹងអាចជាសំណុំឯកសារសម្រាប់កត់ត្រាទុកនូវបញ្ហា និងពីវិធីដែលត្រូវដោះស្រាយជម្លោះសម្រាប់ភាគីទាំងអស់នៅក្នុងស្ថាប័នរបស់អ្នក។ ឯកសារនេះនឹងគឺជាការបង្ហាញពីការផ្តល់ពេលវេលាដល់ភាគីដើម្បីបញ្ជាក់ពីបញ្ហារបស់ពួកគេ និងដោះស្រាយនូវរាល់កង្វល់ដែលពួកគេអាចនឹងមាន។ បន្ទាប់មកអ្នកត្រូវបង្កើតដំណោះស្រាយលើបញ្ហាទាំងនោះ ហើយឲ្យបុគ្គលិកមានជម្លោះ ចុះហត្ថលេខាបង្កើតជាកិច្ចព្រមព្រៀងមួយ៕
ប្រភព៖ Inc