មេរៀនវិនិយោគ ការសន្សំប្រាក់ និងភាពក្លាយជាអ្នកមានដែលមនុស្សភាគច្រើនបានត្រឹមតែសោកស្តាយ
នៅជុំវិញអ្នក មានមនុស្សមិនច្រើនទេដែលសម្រេចបានសេរីភាពហិរញ្ញវត្ថុ ហើយក្លាយជាអ្នកមាន។ ដើម្បីសម្រេចបានក្តីសុបិនមួយនេះ លុះត្រាតែអ្នកបានធ្វើអ្វីម្យ៉ាងដែលនោះគឺត្រូវមានមូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុ។ វាជាចំណេះដឹងដែលសាលាភាគច្រើនមិនបានបង្រៀនអ្នកឡើយ។
នៅខាងក្រោមនេះ អ្នកនឹងបានរៀនពីមេរៀនវិនិយោគ ការសន្សំប្រាក់ និងភាពក្លាយជាអ្នកមានដែលមនុស្សភាគច្រើនបានត្រឹមតែសោកស្តាយប៉ុណ្ណោះ៖
១. បើគោលដៅរបស់អ្នកចង់ក្លាយជាអ្នកមាន ត្រូវធ្វើការឲ្យខ្លួនឯង
សូមពិនិត្យមើលអ្នកបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗក្នុងលោកមើល៍ តើអ្នកអ្នកទាំងនោះសុទ្ធតែធ្វើការឲ្យគេមានដែរឬទេ? លើកលែងតែអ្នកឈ្នះឆ្នោតជាតិអាមេរិកចេញ ក្រៅពីនោះ អ្នកទាំងនោះសុទ្ធតែអ្នកជំនួញមានលុយហូរហៀរចេញពីមុខរបររកស៊ីដោយខ្លួនឯង។ រឿងដ៏សាមញ្ញគឺត្រង់ថា នៅពេលអ្នកធ្វើការឲ្យគេ អ្នកនឹងមិនដែលរកចំណូលបានច្រើនជាងម្ចាស់ក្រុមហ៊ុននោះទេ។ ម្យ៉ាងទៀត ទោះក្រុមហ៊ុននោះចំណេញកប់ក្ដោង ក៏ប្រាក់ខែរបស់អ្នកនៅថេរ ឬឡើងបានតាមអ្វីដែលគេកំណត់ឲ្យតែប៉ុណ្ណោះ។
ការចាប់ផ្តើមជំនួញខ្លួនឯង មិនចាំបាច់លាឈប់ពីការងារពេញម៉ោងរបស់អ្នកភ្លាមៗទេ។ អ្នកត្រូវឆ្លៀតពេលទំនេរពីការងារពេញម៉ោង មកផ្ដោតជំនួញរបស់អ្នក ហើយនៅពេលវារឹងមាំអាចថា ដកខ្លួនពីការងារពេញម៉ោងបាន ចាំលាឈប់ក៏បាន។
២. ចំណាយពេលផ្ដោតលើចំនួនប្រាក់ដែលត្រូវសន្សំ
នៅពេលអ្នកវិនិយោគ ឬធ្វើការយកប្រាក់ខែ អ្នកមិនអាចគ្រប់គ្រងវាឲ្យចំណេញកាន់តែច្រើន ឬចង់ឲ្យថៅកែឡើងតាមចិត្តចង់របស់អ្នកបានទេ។ ប៉ុន្តែអ្វីដែលអ្នកអាចគ្រប់គ្រងបានគឺការសន្សំប្រាក់។ វិធីសន្សំប្រាក់គឺថា បើអ្នកកាន់តែឆាប់សន្សំ គោលដៅកសាងទ្រព្យសម្បត្តិក៏កាន់តែឆាប់សម្រាប់អ្នកដែរ។
អ្នកអាចបង្កើនប្រាក់សន្សំរបស់អ្នកកាន់តែច្រើនតាមរយៈការករវិធីសាស្ត្រកាត់បន្ថយការចំណាយ ឬ ខំរកប្រភពចំណូលបន្ថែម។ បើចំណូលរបស់អ្នកកាន់តែច្រើន កុំភ្លេចសន្សំឲ្យបានកាន់តែច្រើនតាម% នៃចំណូលរបស់អ្នក ទើបវិនិយោគលុយដែលបានសន្សំនោះ។
៣. ខ្ចីលុយតែនៅពេលចាំបាច់ប៉ុណ្ណោះ
នៅក្នុងការសម្រេចចិត្តហិរញ្ញវត្ថុជាច្រើន កូនសោសំខាន់របស់អ្នកគឺត្រូវបែងចែករវាងអ្វីទៅដែលចាំបាច់ និងអ្វីទៅដែលចង់បាន (មិនចាំបាច់)។ អ្នកត្រូវរស់នៅក្នុងជីវិតមួយដែលចាយលុយត្រូវខ្នាត។ ការខ្ចីលុយទៅទិញផ្ទះ គឺជារឿងល្អ ប៉ុន្តែការខ្ចីលុយទៅទិញបំណុលដូចជា រថយន្ត ឬបង់រំលោះឧបករណ៍ផ្សេងៗដែលមិនចាំបាច់ គឺមិនមែនជាគំនិតឆ្លាតវៃផ្នែកហិរញ្ញវត្ថុទេ។ សូមចាំថា កុំហ៊ានចំណាយលុយ ហក់លោតហួសសមត្ថភាពចំណូលរបស់អ្នក។ ត្រូវលៃលកធ្វើម៉េចចំណាយឲ្យតិចជាងចំណូលជានិច្ចបើមិនដូច្នេះទេ អ្នកនឹងធ្លាក់ចូលបំណុលនៅថ្ងៃណាមួយមិនខាន។
៤. ការវិនិយោគដ៏ល្អបំផុតគឺខ្លួនឯង
តើការវិនិយោគអ្វីដែលអាចធានាបានផលចំណេញច្រើនបំផុតត្រឡប់មកវិញ? គឺខ្លួនឯង។ ខិតខំអភិវឌ្ឍជំនាញរបស់អ្នក ពង្រីកបណ្ដាញទំនាក់ទំនង និងដុសខាត់ចំណេះដឹងអាជីពការងារឲ្យកាន់តែមុតស្រួច។ ការវិនិយោគបែបនេះ វាមិនងាយបានផលមកវិញភ្លាមៗទេ ប៉ុន្តែវាបានផ្តល់ប្រាក់ចំណេញមកឲ្យអ្នកបានយូរអង្វែង។ វិនិយោគប្រភេទនេះ អ្នកពិតជាអាចគ្រប់គ្រងវាបាន ដែលជាមូលដ្ឋានគ្រឹះនៃការកសាងភាពមានបាននៅពេលអនាគត៕
ប្រភព៖ Inc