តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតទំហំ៥៥ហិកតានឹងមានវត្តមានក្នុងខេត្តព្រះសីហនុ
បន្ទាប់ពីពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល របស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក លើទំហំផ្ទៃដី ៥៥ហិកតា។ នេះបើតាមកិច្ចប្រជុំអន្តរក្រសួងលើកទី២ ដែលចេញផ្សាយដោយក្រសួងបរិស្ថានកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល មានទីតាំងភូមិសាស្ត្រស្ថិតនៅ ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក ជាម្ចាស់គម្រោង និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT CO., LTD.។
លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖
១. អង្គប្រជុំគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ
២. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
៣. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
៤. បញ្ហាគ្រប់គ្រងសំណល់រឹង-រាវ ម្ចាស់គម្រោងត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលមានសមត្ថភាពសម្អាតសំណល់រាវ ដោយអនុលោមតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។ ចំពោះសំណល់រឹងក៏ត្រូវរៀបចំកន្លែងទុកដាក់ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ
៥. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀងឱ្យដាច់ដោយឡែកពីគ្នា
៦. ការប្រើប្រាស់ទឹក៖ ម្ចាស់គម្រោងត្រូវពិចារណាជីកស្រះទឹកបន្ថែម សម្រាប់ប្រើប្រាស់ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ជៀសវាងប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់ប្រជាជន
៧. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពកម្មករ និងនិយោជិក ដោយត្រូវ បំពាក់ឧបករណ៍ការពារសុវត្ថិភាព រៀបចំកន្លែងស្នាក់នៅ និងអាហារដ្ឋានឱ្យបានសមរម្យ
៨. ម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធទាំងការជ្រើសរើសកម្មករ និងកិច្ចសហការលើដំណោះស្រាយបញ្ហាផ្សេងៗ
៩. ម្ចាស់គម្រោងត្រូវបង្កើនមូលនិធិបរិស្ថានឱ្យបានចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិក/ឆ្នាំ
១០. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបានលើកឡើងទៅធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវ រួចដាក់ជូនក្រសួងបរិស្ថាន៕
ដោយ៖ ជួប ស្រីរ័ត្ន