សម្ដីដកស្រង់ចំនួន ៦ឃ្លា ដែលនាំអ្នកឲ្យមើលឃើញពីតម្លៃនៃជីវិត​



នៅចំពោះមុខសេចក្ដីស្លាប់ មនុស្សយើងម្នាក់ៗសុទ្ធតែស្មើភាពគ្នាទាំងអស់។ ជីវិតហាក់ដូចជាគ្មានន័យអ្វីសោះ។ ពិតណាស់ជីវិតគ្មានន័យអ្វីនោះទេ តែគឺយើងខ្លួនឯងនេះឯងជាអ្នកបង្កើតអត្ថន័យឲ្យវា។ ដូច្នេះហើយទើបបានជាក្នុងដំណើរជីវិតអំឡុងពេលរស់នៅនេះពិតជាសំខាន់ណាស់។ ជីវិតមានតម្លៃណាស់។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន៦ឃ្លាដែលនាំអ្នកឲ្យមើលឃើញពីតម្លៃនៃជីវិត៖

១) «មនុស្សគ្រប់គ្នាសុទ្ធតែមានទេពកោសល្យ។ តែអ្វីដែលកម្រគឺជាភាពក្លាហានដែលដើរតាមទេពកោសល្យទៅទីកន្លែងងងឹតដែលវានាំទៅរក។» Erica Jong

២) «ជីវិតគឺជាឱកាស ចូរទាញយកផលប្រយោជន៍ពីវា។ ជីវិតគឺជាភាពស្រស់ស្អាត ចូរឲ្យតម្លៃវា។ ជីវិតគឺជាក្ដីសុបិន ចូរសម្រេចឲ្យបានវា។ ជីវិតគឺជាការប្រយុទ្ធ ចូរប្រឈមមុខនឹងវា។ ជីវិតគឺជាកាតព្វកិច្ច ចូរបំពេញវា។ ជីវិតគឺជាល្បែង ចូរលេងវា។ ជីវិតគឺជាការសន្យា ចូរបំពេញវា។ ជីវិតគឺជាក្ដីទុក្ខ ចូរយកឲ្យឈ្នះវា។ ជីវិតគឺជាចម្រៀង ចូរច្រៀងវា។ ជីវិតគឺជាការលំបាក ចូរទទួលស្គាល់វា។ ជីវិតគឺជាសោកនាដកម្ម ចូរប្រឈមនឹងវា។ ជីវិតគឺជាការផ្សងព្រេង ចូរហ៊ានឡើង។ ជីវិតគឺជាសំណាង ចូរបង្កើតវាឡើង។ ជីវិតមានតម្លៃខ្លាំងណាស់ ចូរកុំបំផ្លាញវា។ ជីវិតគឺជាជីវិត ចូរប្រយុទ្ធដើម្បីវា។» Mother Teresa

៣) «ខ្ញុំជឿថាអ្វីក៏ដោយសុទ្ធតែកើតឡើងដោយមានមូលហេតុទាំងអស់។ មនុស្សផ្លាស់ប្ដូរ ដូច្នេះអ្នកនឹងរៀនសូត្រពីរបៀបប្រលែងអ្វីៗចោល រឿងរ៉ាវប្រែជាខុសដូច្នេះអ្នកនឹងឲ្យតម្លៃលើវានៅពេលអ្វីៗនៅត្រូវនៅឡើយ អ្នកជឿលើការកុហកដូច្នេះអ្នកនឹងរៀនឈប់ទុកចិត្តនរណាទាំងអស់ក្រៅពីខ្លួនឯង ហើយមានពេលខ្លះរឿងល្អៗបែកបាក់ជាបំណែកអស់ដូច្នេះរឿងដែលប្រសើរជាងនេះនឹងបានផ្គុំចូលគ្នាវិញ។» Marilyn Monroe

៤) «មនុស្សដ៏ស្រស់ស្អាតដែលយើងធ្លាប់ស្គាល់គឺជាមនុស្សដែលធ្លាប់ស្គាល់ការបរាជ័យ ស្គាល់សេចក្ដីទុក្ខ ស្គាល់ការលំបាក ស្គាល់ការបាត់បង់ ហើយបានស្វែងរកផ្លូវឲ្យខ្លួនឯងចេញពីទីជម្រៅមកបាន។ មនុស្សទាំងនេះមាននូវការឲ្យតម្លៃ ការយល់ពីអារម្មណ៍អ្នកដទៃ និងការយល់ពីជីវិតដែលបានបំពេញពួកគេជាមួយនឹងសេចក្ដីមេត្តា ភាពទន់ភ្លន់ និងសេចក្ដីស្រឡាញ់ខ្វាយខ្វល់ដ៏ជ្រាលជ្រៅ។ មនុស្សដែលស្រស់ស្អាតមិនមែនចេះតែកើតឡើងមកនោះទេ។» Elisabeth Kubler-Ross

៥) «រៀនទំនាក់ទំនងជិតស្និទ្ធជាមួយនឹងភាពស្ងប់ស្ងាត់ដែលស្ថិតនៅក្នុងខ្លួនរបស់អ្នក ហើយដឹងថាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតសុទ្ធតែមានគោលដៅរបស់វា។ វាគ្មានកំហុស គ្មានការចៃដន្យ គ្រប់ហេតុការណ៍ទាំងអស់សុទ្ធតែជាការប្រទានពរសម្រាប់ឲ្យយើងរៀនសូត្រ។» Elisabeth Kubler-Ross

៦) «ចូរមានមោទកភាពចំពោះស្លាកស្នាមរបួសរបស់អ្នក ព្រោះវាបានរំលឹកអ្នកថាអ្នកមានឆន្ទៈក្នុងរស់នៅ។» Paulo Coelho

ដោយ៖ ស្រីពៅ

 

X
5s