វិធីសាស្រ្ត ១១ យ៉ាងជួយឲ្យមានតុល្យភាពរវាងជីវិតជាឪពុកម្តាយនិងជីវិតជាសហគ្រិន​



ការស្វែងរកភាពស្មើគ្នាក្នុងជីវិតជាមេគ្រួសារ ឬជាឪពុកម្តាយ និងជីវិតជាសហគ្រិនគឹពិតជាមិនងាយស្រួលទេ។ បើអ្នកចង់ក្លាយជាសហគ្រិនជោគជ័យមួយរូបអ្នកប្រាកដជាត្រូវចំណាយពេលច្រើនជាមួយអាជីវកម្ម ហើយមានពេលវេលាតិចជាមួយគ្រួសារ។

ខណៈដែលអ្នកចង់ធ្វើឲ្យខ្លួនឯងក្លាយជាឪពុកម្តាយល្អរបស់កូនៗអ្នក អ្នកប្រហែលជាមិនអាចដាក់ចិត្តដាក់កាយចំណាយពេលពេញលេញលើអាជីវកម្មរបស់អ្នកបានទេ។ តែក្នុងអត្ថបទនេះនឹងជួយអ្នកក្នុងការគ្រប់គ្រងពេលវេលាឲ្យមានតុល្យភាពក្នុងនាមជាឪពុកម្តាយរបស់កូនៗ និងជាសហគ្រិនដ៏ជោគជ័យមួយរូបក្នុងពេលតែមួយ។

១) ការកំណត់កាលវិភាគ និងកំណត់ពេលវេលាគឺជាគន្លឹះសំខាន់

កំណត់កាលវិភាគ គឺជាការបែងចែកពេលវេលា។ អ្នកត្រូវបែងចែកខ្លួនឯងថានឹងចំណាយពេលប៉ុន្មានម៉ោងជាមួយគ្រួសារ ប៉ុន្មានម៉ោងទៅលើអាជីវកម្ម ហើយសល់ប៉ុន្មានម៉ោងជាពេលវេលាផ្ទាល់ខ្លួន។ ពេលអ្នកបែងចែកច្បាស់លាស់អ្នកនឹងមិនមានបញ្ហាក្នុងទំនាក់ទំនងទាំងនៅក្នុងគ្រួសារ និងអាជីវកម្មឡើយ។

២) ដឹងច្បាស់ពីអ្វីដែលត្រូវលះបង់ 

អ្នកត្រូវដឹងថាអ្វីដែលអ្នកត្រូវលះបង់ ពិសេសដើម្បីគ្រួសារ។ អ្នកដឹងថាខ្លួនអ្នកជាមនុស្សស្រលាញ់ការងារ ស្រលាញ់អាជីវកម្មរបស់អ្នក តែអ្នកក៏ត្រូវលះបង់នូវកម្មវិធីមួយចំនួនដែលមិនសូវសំខាន់ ហើយឲ្យបុគ្គលិកអ្នកទៅចូលរួមជំនួស ដោយអ្នកអាចយកពេលវេលានោះចំណាយជាមួយក្រុមគ្រួសារខ្លះ។

៣) អាចឲ្យកូនៗរបស់អ្នកទៅក្រុមហ៊ុនរបស់អ្នកបាន

បើគេជាក្មេងៗអ្នកគួរអនុញ្ញាតឲ្យពួកគេបានទៅលេង ឬស្គាល់ក្រុមហ៊ុនរបស់អ្នកផង តែករណីដែលកូនរបស់អ្នកជាមនុស្សពេញវ័យ អ្នកអាចឲ្យពួកគេរួមចំណែកក្នុងអាជីវកម្មអ្នកបាន។ មិនមែនមានន័យថាដោយសារគេជាកូនរបស់អ្នកទើបត្រូវឲ្យពួកគេមកធ្វើការទាំងដែលយកគេគ្មានជំនាញអ្វីសោះនោះទេ តែអ្នកអាចឲ្យកូនៗអ្នកធ្វើជាអ្នកជួយផ្នែកទីផ្សារ រកអតិថិជន ឬកៀរគរមនុស្សឲ្យស្គាល់អាជីវកម្មរបស់អ្នក។

៤) កុំធ្វើឲ្យកូនៗមានអារម្មណ៍ថាអ្នកមិនយកចិត្តទុកដាក់ជាមួយពួកគេ

ពេលអ្នកទើបនឹងចេញធ្វើការដំបូង ឬចាប់អាជីវកម្មដំបូងហើយមិនទាន់រៀបការមានគ្រួសារ អ្នកចង់ទៅណាក៏បាន ចង់ធ្វើអ្វីក៏បាន តែបន្ទាប់មកអ្នកអាចនឹងមិនដូចពីមុនទេដោយសារអ្នកមានកូនហើយ។ ទោះបីអ្នកមិនអាចចំណាយពេលជាមួយពួកគាត់បានច្រើនក៏ពិតមែន តែអ្នកអាចយកពេលដើម្បីជូនគាត់ទៅសាលារៀន ដឹងពីសុខទុក្ឋការសិក្សារបស់គាត់នោះជាអ្វីដែលកូនអ្នកចង់បានបំផុតពីអ្នក។

៥) គិតពីសុខភាពរបស់អ្នកជាចំបង

នេះអាចនិយាយបានថាជាការចំណាយពេលសម្រាប់ខ្លួនឯង តែអ្នកដឹងទេថាការថែរក្សាសុខភាពជារឿងមួយសំខាន់បំផុត។ ពេលអ្នកមានសុខភាពល្អ គ្រួសារអ្នកក៏មានក្តីសុខ ឯអាជីវកម្មអ្នកក៏អាចមានជីវិតរស់រានបានយូរដែរ។

៦) ផ្ទេរអំណាច 

បើអ្នកមិនចង់ឲ្យអាជីវកម្មក្លាយទៅជាអាវុធសម្លាប់អ្នកទេ អ្នកគួរតែចេះផ្ទេរអំណាចនៃការគ្រប់គ្រងទៅដល់បុគ្គលិកអ្នកខ្លះទៅ។ ធ្វើបែបនេះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលទទួលបានការគោរព និងផ្តល់លទ្ធភាពឲ្យបុគ្គលិកមានការអភិវឌ្ឍខ្លួនបានយ៉ាងប្រសើរ។

៧) ការដឹកនាំដែលមានសិល្បៈ

ការដឹកនាំលាយឡំនឹងសិល្បមានន័យថាអ្នកចេះប្រើមនុស្សដោយវិធីត្រជាក់ ទាំងក្នុងគ្រួសារ និងក្នុងក្រុមហ៊ុន។ ការដឹកនាំដែលតែងមានការលើកទឹកចិត្ត ជំរុញឲ្យផលិតភាពការងារកើនឡើងហើយបុគ្គលិកពេញចិត្តនឹងធ្វើការងារ ព្រោះគេដឹងច្បាស់ថាពួកគេមិនត្រឹមតែអាចមានការងារដែលផ្តល់ប្រាក់ខែទេ តែគេបានរៀនសូត្រច្រើនពីការងារនោះ។

៨) មានការប្តេជ្ញាចិត្ត ១០០ 

មនុស្សធ្វើអ្វីមួយសំខាន់លើការប្តេជ្ញាចិត្ត ទោះលំបាកយ៉ាងណាក៏យើងអាចជំនះវាបានដោយសារចិត្តយើងចង់។ 

៩) ភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធឺណិត

សម័យបច្ចេកវិទ្យាទោះជាឆ្ងាយកាយក៏មិនអាចឆ្ងាយទំនាក់ទំនងបានដែរ។ អ្នកអាចរក្សាទំនាក់ទំនងជាមួយគ្រួសារបាននៅពេលអ្នកនៅក្រុមហ៊ុន ហើយអ្នកក៏អាចភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកនិងអតិថិជនបានដែរពេលអ្នកនៅជាមួយគ្រួសារ។ តែការភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុតគឺការផ្ញើរជាសំលេង។

១០) ត្រូវមានភាពបត់បែន

មនុស្សដែលជោគជ័យពិតប្រាកដជាមនុស្សដែលមានការបត់បែនខ្ពស់។ ការដែលចេះសម្របខ្លួនតាមកាលៈទេសៈធ្វើឲ្យអ្នកមានលទ្ធភាពទទួលបានអ្វីដែលអ្នកចង់បាន ហើយអ្នកក៏ជាមនុស្សងាយចូលក្នុងសង្គមដែរ។

១១) ភាពស្មុគស្មាញជាប្រយោជន៍

ជីវិតមនុស្សម្នាក់ណាក៏មានឧបសគ្គ មានភាពស្មុគស្មាញដែរ តែអ្នកត្រូវយកបញ្ហាទាំងនោះមកធ្វើជាប្រយោជន៍សម្រាប់ខ្លួន និងអាជីវកម្មទោះជាមិនអាចយកមកប្រើការអីបានច្រើនក៏អាចគិតថាវាជាបទពិសោធន៍សម្រាប់ជីវិតដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s