អ្នកអាចរៀនសូត្រអំពីការកសាងគុណតម្លៃក្នុងខ្លួនរបស់អ្នក តាមរយៈរឿងស្ដេចតោ (The Lion King)
គុណតម្លៃក្នុងខ្លួន (Self-esteem) គឺជាស្ថានភាពចិត្តសាស្ត្រនៅពេលអ្នកមានអារម្មណ៍ថាអ្នកមានថាមពលមានកម្លាំងចិត្តពេលជួបជាមួយភាពពិបាកក្នុងជីវិត និងការមានអារម្មណ៍ពីភាពជោគជ័យ មានតម្លៃ និងភាពរីករាយក្នុងជីវិត នេះបើយោងតាមលោក Nathaniel Branden ចិត្តវិទូអាមេរិក។ មនុស្សម្នាក់ៗអាចបង្កើនគុណតម្លៃខ្លួនបានដោយធម្មជាតិ។ ប៉ុន្តែវាមិនមែនកើតឡើងដោយខ្លួនឯងនោះទេ ប៉ុន្តែកើតឡើងដោយសារការខិតខំប្រឹងប្រែងបង្កើតវាឡើងតាមរយៈគំនិតនិងសកម្មភាព។
អ្វីដែលរឿង The Lion King (ស្ដេចតោ) អាចបង្រៀនអ្នកអំពីការកសាងគុណតម្លៃក្នុងខ្លួនរបស់អ្នកបាន
នៅពេលដែល Mufasa ដែលជាឳពុករបស់ Simba បានស្លាប់ដោយសារតែធ្លាក់ពីលើភ្នំ Simba ដែលជាកូនត្រូវបានពូរបស់ខ្លួន Scar បានឲ្យចាកចេញឲ្យឆ្ងាយពីអាណាចក្ររបស់ឳពុករបស់ខ្លួន ហើយមិនឲ្យត្រលប់មកវិញជាដាច់ខាត ដោយ Scar ដែលជាពូរបស់ Simba បានស្ដីបន្ទោស និងទម្លាក់កំហុសឲ្យ Simba ថាជាឃាតករសម្លាប់ឳពុករបស់ខ្លួន។
Simba បានចាកចេញដោយជាប់នូវកំហុសយ៉ាងធ្ងន់ថាខ្លួនពិតជាបានសម្លាប់ឳពុករបស់ខ្លួនមែន ដែលធ្វើឲ្យខ្លួនបាត់បង់ជំនឿជាក់ក្នុងខ្លួន និងមិនស្គាល់ខ្លួនឯង។ Simba បាត់បង់អ្វីដែលឳពុករបស់ខ្លួនបានបង្រៀនអំពីអ្វីគ្រប់យ៉ាងអំពីជីវិតក្នុងដែនដីអាណាចក្ររបស់ខ្លួន អំពីដំណើរធម្មជាតិនៃ វដ្តជីវិត ដែលត្រូវទទួលស្គាល់។
Simba រំពឹងថាជាអ្នកស្នងតំណែងជាស្ដេចតោបន្ទាប់ពីឳពុករបស់ខ្លួន ប៉ុន្តែខ្លួនមិនមានភាពជឿជាក់លើខ្លួនឯងក្នុងការត្រលប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ និងដោយសារតែអត្តសញ្ញាណរបស់ខ្លួនបានបាត់បង់។
នៅពេលដែលជួបជាមួយ Rafiki ហើយ Simba បានរត់បានរហូតដល់ទឹកត្រពាំងមួយកន្លែងហើយបានឆ្លុះមុខក្នុងទឹកនោះក៏បានឃើញមុខឳពុករបស់ខ្លួន និងហើយស្ថិតក្នុងភាពអណ្ដែតអណ្ដូងស្រមើស្រមៃក៏បានឃើញឳពុករបស់ខ្លួននៅលើពពកដែលបាននិយាយថា៖ ត្រូវចងចាំថា ខ្លួនកូនជានរណា។ ដោយសារតែបែបនេះហើយ Simba ចាប់ផ្ដើមដឹងខ្លួនថាខ្លួនជានរណា និងស្គាល់តម្លៃរបស់ខ្លួននិងនិងមានទំនុកចិត្តក្នុងខ្លួនវិញ។
ខាងក្រោមនេះគឺជាជំហានទាំង ៣ ដែលអ្នកអាចយកទៅអនុវត្តដើម្បីបង្កើនគុណតម្លៃក្នុងខ្លួន៖
១) ត្រូវចងចាំថា អ្នកជានរណា
អ្នកត្រូវចងចាំថា អ្នកជានរណា។ ការចងចាំអំពីអត្តសញ្ញាណរបស់ខ្លួនដែលបានបាត់បង់ដូចជា Simba បាត់បង់អត្ថសញ្ញាណមិនស្គាល់ខ្លួនឯង។ ដើម្បីដឹងថាខ្លួនអ្នកជានរណា អ្នកត្រូវសួរសំណួរទាំងនេះ៖ តើអ្នកជានរណានៅពេលសំខាន់បំផុត? តើអ្នកជានរណានៅពេលអ្នកនៅម្នាក់ឯង? តើអ្នកជាមនុស្សប្រភេទណាដែលអ្នកដាក់ចិត្តចង់ក្លាយជា?
២) ទទួលយកភាពខ្លាំងរបស់អ្នក
ការដឹងអំពីភាពខ្លាំងរបស់អ្នក អ្នកអាចជួយបង្កើនភាពខ្លាំងដើម្បីសម្រេចគោលដៅដែលអ្នកចង់បាន។ មនុស្សម្នាក់ៗមានភាពខ្លាំងរៀងៗខ្លួន ប៉ុន្តែអ្នកត្រូវការមានភាពភ្ងាក់រលឹកក្នុងខ្លួនដើម្បីដឹងអំពីភាពខ្លាំងរបស់ខ្លួនពិតប្រាកដ។
៣) ទទួលយកភាពខ្សោយរបស់អ្នក
អ្នកត្រូវដឹងអំពីភាពខ្សោយរបស់អ្នកពីព្រោះមនុស្សម្នាក់ៗសុទ្ធតែមានភាពខ្សោយរបស់ខ្លួន។ ប្រសិនបើអ្នកមិនទទួលយកភាពខ្សោយរបស់ខ្លួនទេ អ្នកមិនអាចទទួលស្គាល់ថាខ្លួនអ្នកបានឡើយ។ ជាការពិត ភាពអន់ខ្សោយរបស់អ្នកធ្វើឲ្យអ្នកមិនល្អឥតខ្ចោះ។ បន្ថែមពីនេះទៀត ការទទួលយកភាពអន់ថយរបស់អ្នកគឺជាវិធីដែលបង្កើតគុណតម្លៃក្នុងខ្លួនអ្នក ដើម្បីអាចឲ្យអ្នកដទៃជួយបំពេញបន្ថែមចន្លោះខ្វះខាតរបស់អ្នក៕
ដោយ៖ លង់ វណ្ណៈ