ហេតុផល ៥ យ៉ាងដែលបញ្ជាក់ថាសហគ្រិនមិនគួរបញ្ឈប់ការសិក្សានិងការស្រាវជ្រាវ
ធ្វើជាសហគ្រិនមួយរូបវាទាមទារឲ្យអ្នកមានចំណេះដឹងច្រើននៅក្នុងខ្លួន វាជាទុនមួយដែលល្អប្រសើរជាងអ្វីៗទាំងអស់សម្រាប់អ្នក។ មានផ្លូវជាច្រើនដែលសហហ្រិនអាចស្វែងរកភាពជោគជ័យ ហើយអ្វីដែលសំខាន់ជាងគេគឺការបន្តការសិក្សារៀនសូត្រ។ វាមិនសំដៅដល់ការសិក្សាមួយដែលតម្រូវឲ្យអ្នកបន្តរៀនរហូតដល់បញ្ចប់ថ្នាក់បណ្ឌិត ទើបអ្នកអាចក្លាយជាសហគ្រិនជោគជ័យបានទេ។ ការបន្តការសិក្សារៀនសូត្រនេះសំដៅដល់៖
១) បន្តការសិក្សាដើម្បីទទួលបានគំនិតថ្មីៗ
ការចូលរួមសិក្ខាសាលានានាទាក់ទងនឹងគំនិតអាជីវកម្ម ឬការជួបជុំបណ្តាសហគ្រិននានាសុទ្ធតែជាកម្មវិធីជួយបណ្តុះបន្ថែមនូវគំនិតអាជីវកម្ម និងការដោះស្រាយបញ្ហាដែលអ្នកជួបប្រទះបានកាន់តែល្អប្រសើរ។ ជួនកាលការចំណាយពេលខ្លះក្នុងការប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook YouTube ជាដើមវាសុទ្ធតែជួយអ្នកដើម្បីបង្កើតគំនិតថ្មីៗបន្ថែម។
២) រក្សាចំណង់ចំណូលចិត្តរបស់អ្នក
ចំណង់ចំណូលចិត្តគឺជាអ្វីដែលជម្រុញឲ្យអ្នកអាចបង្កើតជាអាជីវកម្ម និងសហគ្រិនភាពរបស់អ្នកបាន។ ពេលខ្លះក្នុងដំណើរការអាជីវកម្មអ្នកអាចនឹងជួបបញ្ហាមួយចំនួន ធ្វើឲ្យអ្នកមានបំណងចង់បោះបង់អ្វីដែលជាបំណងប្រាថ្នា ឬក្តីស្រលាញ់របស់អ្នកចោលបាន។ ជាក់ស្តែងការសិក្សាជួយឲ្យអ្នកអាចរក្សាចិត្តស្រលាញ់ ចំណង់ចំណូលចិត្តរបស់អ្នកបាន ហើយមិនបោះចោលក្តីស្រមៃអ្នកចោលឡើយ។
៣) អាចឲ្យអ្នកមានការសន្ទនាល្អ
ការសិក្សាគឺជាជំនួយនិងបង្ហាញផ្លូវអ្នកល្អបំផុត ពិសេសក្នុងការសន្ទនាជាមួយអ្នកដទៃ។ រៀនច្រើនកើនចំណេះគឺ មិនខុសទេ រៀនកាន់តែច្រើនអ្នកនឹងទទួលបានអ្វីថ្មីៗកាន់តែច្រើន។ ប្រសិនបើអ្នកជាមិនសូវប៉ិនប្រសប់ក្នុងការទាក់ទងជាមួយមនុស្សជុំវិញខ្លួន អ្នកគួរចូលរួមវគ្គសិក្សាខ្លីស្តីពីគន្លឹះនៃ ការសន្ទនា និងទំនាក់ទំនង ឬគ្រាន់តែអ្នកអានឲ្យបានច្រើនក៏អាចផ្លាស់ប្តូរការនិយាយស្តីរបស់អ្នកបានដែរ។
៤) ដើម្បីបំបាត់ភាពអផ្សុក
ការអានក៏ជាការកំសាន្តអារម្មណ៍មួយដែលផ្តល់ផលចំណេញខ្លាំងបំផុត វាជួយកាត់បន្ថយភាពខ្ជិលក្នុងខ្លួនអ្នកបាន អ្នកអាចកត់សម្គាល់បានថាពេលអ្នកមានទម្លាប់ចង់ចេះចង់ដឹងដោយធ្វើការសិក្សាស្រាវជា្រវ និងបង្កើតទម្លាប់នេះការអានជាប្រចាំ អ្នកនឹងមានខួរក្បាលដែលឆ្លាតជាងអ្នកមិនចូលចិត្តរៀន ហើយអ្នកក៏ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ដែរ។
៥) ល្អសម្រាប់សុខភាព
ការសិក្សា ការស្រាវជ្រាវ ជួយអ្នកឲ្យមានអាយុវែង តែអ្នកមិនបានដឹង មិនបានគិតពីគុណសម្បត្តិនៃការសិក្សាស្រាវជ្រាវ និងការអានប្រចាំថ្ងៃនោះទេ។ ពេលអ្នកប្រើខួរក្បាលរបស់អ្នកគិតរឿងមិនល្អច្រើន វានឹងរងនូវសម្ពាធដោយសាររឿងអាក្រក់ៗទាំងនោះ ហើយសុខភាពខួរក្បាលអ្នកនឹងថយចុះ ឯខ្លួនប្រាណរាងកាយអ្នកក៏នឹងប្រឈមជាមួយជំងឺដូចគ្នា។ នៅពេលអ្នកបណ្តុះទម្លាប់អានសៀវភៅជាប្រចាំ វាប្រៀបបាននឹងការបណ្តុះគ្រាប់ពូជល្អក្នុងខ្លួន ផ្តល់ចំណីអាហារល្អៗដល់ខួរក្បាលរបស់អ្នក៕
ដោយ៖ យ៉ាយ៉ា