ធនធានមនុស្សក្នុងប្រទេសវៀតណាមនៅយុគ្គសម័យឌីជីថល បដិវត្តន៍ឧស្សាហកម្ម ៤.០​



ជាមួយភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ ពិសេសលើបដិវត្តន៍ឧស្សាហកម្ម ៤.០ វាពិតជាមានការប្រកួតប្រជែងខ្លាំងលើឱកាសការងារ និងកំលាំងពលកម្មដើម្បីស្វែងរកអ្នកមានទេពកោសល្យ និងចំណេះដឹងពិតប្រាកដ។ អ្នកដែលមានសមត្ថភាព ចំណេះដឹងពិតប្រាកដនឹងមានភាពងាយស្រួលទទួលបានការងារ និងមានលទ្ធភាពប្រកួតប្រជែងខ្ពស់ វាក៏ជាហេតុនាំឲ្យប្រទេសជាតិមានការរីកចម្រើនឆាប់រហ័សដែរ។

ក្រឡែកទៅមើលប្រទេសវៀតណាម ជាប្រទេសមួយដែលគេកត់សម្គាល់ថាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសមួយដែលគេព្យាករណ៍ថានឹងក្លាយជាមជ្ឍមណ្ឌលឧស្សាហកម្មឌីជីថលក្នុងឆ្នាំ ២០៣០ ដែលអាចទាក់ទាញការវិនិយោគបរទេសបានកាន់តែច្រើនបន្ថែមទៀតផង។ 

ធនធានមនុស្សផ្នែកព័ត៌មានវិទ្យានឹងមានតម្រូវការខ្ពស់ជាងគេក្នុងប្រទេសវៀតណាម

គិតត្រឹមឆ្នាំ ២០១៨ ចំនួនពលកម្មដែលបំរើការលើឧស្សាហកម្មព័ត៌មានវិទ្យា ផលិតកម្មនិងឧស្សាហកម្មធន់ធ្ងន់ វិស្វកម្ម ស្ថាបត្យកម្ម និងការលក់រាយរបស់វៀតណាមហាក់មានតម្រូវការច្រើន។ គិតតែវិស័យព័ត៌មានវិទ្យាមួយ តម្រូវការបុគ្គលិកអាចនឹងកើនដល់ ៥០០,០០០នាក់ ក្នុងឆ្នាំ ២០២០ ដែលគេចាត់ទុកថាជាមុខតំណែងដែលមានសក្តានុពលបំផុតរបស់ប្រទេស នេះបើតាមការស្រាវជ្រាពី ManpowerGroup Vietnam។ 

ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិ្មតនឹងត្រូវចូលមកជំនួសការងាររបស់កម្មករបម្រើការងារដោយកំលាំង ចុះកម្មករជំនាញ (អ្នកមានចំណេះ) នឹងរងផលប៉ះពាល់អ្វីខ្លះដែរ?

បញ្ញាសិប្បនិមិ្មតកំឡុងមានការកើនឡើងដោយប្រើមនុស្សយន្តមកជំនួសការងារមនុស្ស។ កម្មករដែលមានចំណេះដឹងទាប រកការងារនិងចំណូលដោយកំលាំងនឹងត្រូវប្រឈមមុខនឹងរបត់នៃការផ្លាស់ប្តូរមួយនេះ ខណៈដែលការងារផ្នែកបំរើសេវាកម្មដែលបំពេញការងារដោយបុគ្គលិកជំនាញ (អ្នកមានចំណេះដឹង) ក៏កំពុងប្រឈមនឹងបញ្ហាកាត់បន្ថយចំនួនបុគ្គលិកដោយដាក់ជំនួសវិញនូវប្រព័ន្ធការងារស្វ័យប្រវត្តិកម្ម។ បើយោងតាមការសិក្សាពី ManpowerGroup Vietnam បុគ្គលិកហិរញ្ញវត្ថុ គណនេយ្យ ត្រូវបានគេព្យាករណ៍ថានឹងអាចត្រូវកាត់បន្ថយក្នុងរយៈពេល ២ ឆ្នាំខាងមុខដោយសារមានការគ្រប់គ្រងស្វ័យប្រវត្តិដោយបច្ចេកវិទ្យា។

ជំនាញដែលអាចជួយដល់មនុស្សក្នុងការអភិវឌ្ឍអាជីពការងារ និងមិនមានការគំរាមកំហែងពីប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិ្មត

ធនធានមនុស្សដែលមានជំនាញទន់ ឬហៅថា Soft Skill ជំនាញដោះស្រាយបញ្ហា ជំនាញក្នុងការទំនាក់ទំនង ការសរសេរ និងនិយាយ បានក្លាយជាអ្នកដែលមានសំណាង ហើយក៏នឹងក្លាយជាអ្នកដែលមានតម្រូវការខ្ពស់ក្នុងអាជីពការងារដែលក្រុមហ៊ុនភាគច្រើនកំពុងត្រូវការ ព្រោះគ្មានបញ្ញាសិប្បនិមិ្មត ឬប្រព័ន្ធស្វ័យប្រវត្តិកម្មការងារអាចជំនួសបានទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s