ក្នុងត្រីមាសទី ២ សេដ្ឋកិច្ចចិនមានកំណើនយឺតយ៉ាវបើធៀបនឹងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ
យោងតាមការឲ្យដឹងពី CNBC ក្នុងថ្ងៃចន្ទនេះ ចិនបានប្រកាសពីតួលេខនៃកំណើនសេដ្ឋកិច្ចត្រីមាសទី ២ របស់ខ្លួនដែលវាហាក់មានការកើនឡើងយឺត និងទាបបំផុតគិតក្នុងរយៈពេល ២៧ ឆ្នាំមកនេះ។ កំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវនេះគឺនៅក្នុងរង្វង់ ៦.២% នេះក៏ដោយសារការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាងខ្លួននិងអាមេរិក។
ចាប់ពីខែមេសា ដល់ខែមិថុនា សេដ្ឋកិច្ចចិនមានការកើនឡើងត្រឹម ៦.២% ទាបជាងអត្រាកាលពីត្រីមាសទី ១ ដែលមានតួលេខ ៦.៤% នេះបើតាមការលើកឡើងរបស់ការិយាល័យស្ថិតិរបស់ចិនក្នុងថ្ងៃច័ន្ទនេះ តែទោះជាយ៉ាងណាទិន្នន័យនេះមិនបានឃ្លាតទៅណាឆ្ងាយពីបន្ទាត់នៃការព្យាករណ៍ទុកនោះទេ។ យោងតាមទីភ្នាក់ងារ Reuters បានឱ្យដឹងថាកំណើនសេដ្ឋកិច្ចត្រីមាសទី ២ ជាកំណើនមួយយឺតបំផុតរបស់ប្រទេសគិតចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំ ១៩៩២ ដែលជាទិន្នន័យប្រចាំត្រីមាសដំបូងគេបំផុត។ ការិយាល័យស្ថិតិចិនបានបន្តទៀតថាសេដ្ឋកិច្ចចិនបានប្រឈមមុខនឹងស្ថានភាពដ៏តានតឹងមួយនៃអស្ថិរភាពខាងក្រៅប្រទេស ពោលគឺបញ្ហាវិបិត្តសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផ្ទាល់តែម្តង នេះបើតាមការលើកឡើងពី ភ្នាក់ងារ Reuters។ វាក៏នឹងកាន់តែជាការរងសម្ពាធបន្ថែមទៀត នៅពេលដែលចិនព្យាយាមធ្វើឲ្យសេដ្ឋកិច្ចប្រទេសខ្លួនក្លាយមកមានស្ថិរភាពឡើងវិញ។
ទិន្នន័យពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្ហាញថា ការនាំចេញរបស់ប្រទេសចិននៅក្នុងខែមិថុនាបានធ្លាក់ចុះជាងកាលពីមួយឆ្នាំមុនដោយសារតែពន្ធនាំចូលទំនិញទៅអាមេរិកកើនឡើងខ្ពស់។ ការនាំចូលទៅកាន់ប្រទេសចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតម្រូវការក្នុងស្រុកធ្លាក់ចុះ។ មានការភ័យខ្លាចនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅទូទាំងពិភពលោក ប្រសិនបើសង្រ្គាមពាណិជ្ជកម្មអាមេរិកនិងចិននៅតែបន្តអូសបន្លាយទៀត។
លោក Vishnu Varathan ប្រធានផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្រ្តធនាគារ Mizuho ប្រចាំនៅតំបន់អាស៊ីនិងអូសេអានី បាននិយាយថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដែលមានកម្រិតទាបនៅក្នុងត្រីមាសទី ២ អាចបណ្តាលឱ្យមានភាពរញ៉េរញ៉ៃផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី។ ទាក់ទិនទៅនឹងការធ្លាក់ចុះនៃការនាំចេញរបស់ប្រទេសចិនវិញ អ្វីដែលគួរអោយព្រួយបារម្ភនោះគឺការធ្លាក់ចុះនៃការនាំចូលរបស់ចិនកាន់តែប្រឈមនឹងហានិភ័យនៃផលប៉ះពាល់នៃការផ្គត់ផ្គង់ពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ដែលបណ្តាប្រទេសទាំងនោះយកចិនជាគោលដៅ និងជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់គេ។
គួរបញ្ជាក់ផងដែរថា ធ្លាប់មានការព្យាការណ៍មួយចំនួនបានបង្ហាញពីផលចំនេញដែលតំបន់អាស៊ីនឹងទទួលបានពី សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកពិសេសវៀតណាម ឥណ្ឌូនេស៊ីជាដើម តែមិនមែនរាល់បណ្តាប្រទេសទាំងអស់សុទ្ធតែអាចទាញផលប្រយោជន៍បាននោះទេ៕
ដោយ៖ យ៉ាយ៉ា