Facebook កំពុងរងការព្រមានពីលោកត្រាំលើគម្រោងបង្កើតលុយឌីជីថលរបស់ខ្លួន
លោកប្រធានាធិបតី ដូណាលត្រាំ កាលពីយប់ថ្ងៃព្រហស្បតិ៍បានព្រមានក្រុមហ៊ុន Facebook អំពីផែនការរបស់ខ្លួនក្នុងការបង្កើតរូបិយប័ណ្ណឌីជីថល Libra ដែលការផ្លាស់ប្តូរនេះអាចនឹងបង្កឱ្យមានឧបសគ្គថ្មីចំពោះមហិច្ឆតាគម្រោងរូបិយប័ណ្ឌឌីជិថលរបស់ក្រុមហ៊ុននេះ។
ប្រភពរូប៖ arstechnica.com
លោកត្រាំបានបង្ហោះសារលើគណី Twitter របស់លោកថារូបិយប័ណ្ណនិម្មិត Libra របស់ Facebook នឹងផ្តល់ទំនុកចិត្តតិចតូចដល់អ្នកប្រើប្រាស់។ ប្រសិនបើក្រុមហ៊ុន Facebook និងក្រុមហ៊ុនផ្សេងទៀតចង់ក្លាយជាធនាគារពួកគេត្រូវស្វែងរកធម្មនុញ្ញធនាគារថ្មីនិងត្រូវគោរពតាមកម្មវត្ថុនៃការគ្រប់គ្រងរបស់ធនាគារទាំងអស់ដូចជាធនាគារដទៃទៀតដែរ។ នៅក្នុងសារនោះដែរលោកប្រធានាធិបតីក៏បានសម្តែងការមន្ទិលសង្ស័យលើរូបិយប័ណ្ណឌីជីថលជាទូទៅ។ លោក Trump បានសរសេរថា "ខ្ញុំមិនមែនជាអ្នកគាំទ្រ Bitcoin និងរូបិយវត្ថុឌីជីថលដទៃទៀតទេដែលមិនមែនជាលុយកាក់ទេហើយតម្លៃរបស់វាមានលក្ខណៈប្រែប្រួលមិនថេរប្រៀបដូចជាខ្យល់។ លោកបានបន្តទៀតថា "ទ្រព្យសកម្មគ្រីបគ្មានបទបញ្ញត្តិបែបនេះអាចជាបញ្ហាដែលជួយជំរុញឲ្យមានសកម្មភាពបទល្មើសផ្សេងៗកើនឡើង មានដូចជាការជួញដូរថ្នាំញៀននិងសកម្មភាពខុសច្បាប់ដទៃទៀត។ "
ប្រតិកម្មរបស់លោក Trump លើបញ្ហារូបិយវត្ថុនិមិ្មត Bitcoin និង Libra អាចក្លាយជាឥទ្ធិពលដ៍សំខាន់មួយចំពោះការអភិវឌ្ឍរូបិយវត្ថុឌីជីថលក្នុងពេលបច្ចុប្បន្ននេះ។ ផ្នែកងារសំខាន់មួយចំនួនដែលមានតួនាទីក្នុងការចាត់ចែងច្បាប់បញ្ញតិផ្សេងៗក្នុងសេតវិមានមានប្រតិកម្មស្ងៀមស្ងាត់ជាមួយនឹងប្រធានបទកាក់និម្មិតនេះរួមទាំងប្រតិកម្មពីទីផ្សារផងដែរ។
ចំណែកឯ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដែលមានអ្នកជួញដូរច្រើនបំផុតនៅលើពិភពលោកបានកើនឡើងជាង ២០០% នៅក្នុងឆ្នាំ ២០១៩ នេះបន្ទាប់ពីមានការធ្លាក់ចុះកាលពីឆ្នាំមុន។ Bitcoin នេះមានតម្លៃទីផ្សារជាង ១១,៤០០ ដុល្លារអាមេរិកក្នុងរដ្ឋវ៉ាស៊ីនតោននៅវេលាម៉ោង ១០ យប់ មុនបន្តិចសាររបស់លោកត្រាំលេចចេញជាសាធារណៈលើគណី Twitter របស់លោក។ រូបិយប័ណ្ណឌីជីថលនេះបានកើនឡើងលើសជាងបីដងកាលពីឆ្នាំមុនក្នុងខណៈដែលគម្រោង Libra របស់ Facebook បានជួយបង្កើនការចាប់អារម្មណ៍របស់វិនិយោគិនទៅលើទ្រព្យធនឌីជីថលក្នុងឆ្នាំ ២០១៩ នេះ។
លោក Trump បានបន្ថែមទៀតថាក្រុមហ៊ុន Facebook ប្រឈមមុខរួចទៅហើយនៅក្នុងទីក្រុងវ៉ាស៊ីនតោនស្តីពីរបៀបវារៈរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ ក្រុមអ្នកតាក់តែងច្បាប់កំពុងរៀបចំគម្រោងប្រជុំសវនាការចំនួនពីរលើកដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ។ ចំណែកឯក្រុមនាយកប្រតិបត្តិការហ្វេសប៊ុកបានធ្វើកិច្ចប្រជុំគ្នាក្នុងការត្រៀមខ្លួនចូលទៅបំភ្លឺក្នុងកិច្ចប្រជុំនេះក្នុងពេលខាងមុខនេះ។
ចាប់តាំងពីក្រុមហ៊ុននេះបានប្រកាសថាខ្លួនមានគម្រោងឈានជើងចូលទៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថលមក Facebook បានប្រឈមនឹងការចោទសួរនិងការត្រួតពិនិត្យពីនិយ័តករនិងអ្នកនយោបាយ។ លោក Jerome Powell ប្រធាន Federal Reserve បាននិយាយថាគម្រោងបង្កើតកាក់សិប្បនិម្មិតនេះបង្កើនការព្រួយបារម្ភជាច្រើនអំពីភាពឯកជន សុវត្ថិភាពរបស់អតិថិជននិងស្ថិរភាពហិរញ្ញវត្ថុ។ លោកស្រី Maxine Waters ប្រធានគណៈកម្មាធិការបានសម្តែងការព្រួយបារម្ភអំពីផែនការយក្សរបស់បណ្តាញសង្គមយក្ស Facebook នេះដែរ ។ លោកស្រីនិងនិងអ្នកគណបក្សប្រជាធិបតេយ្យដទៃទៀតបានរិះគន់លើគម្រោងមួយនេះហើយលោកស្រីបាននិយាយថាក្រុមហ៊ុននេះប្រហែលជាចង់បង្កើតប្រព័ន្ធគោលនយោបាយរូបិយវត្ថុនិងធនាគារដែលនឹងធ្វើឲ្យមានការប្រកួតប្រជែងជាមួយប្រាក់ដុល្លារអាមេរិក។
លោក David Marcus ដែលជាមេដឹកនាំគម្រោង Libra របស់ក្រុមហ៊ុន Facebook បានសរសេរនៅលើប្លក់របសលោកកាលពីសប្តាហ៍មុនថាលោកចង់ធានាថា Libra នឹងជួយជម្រះបញ្ហាដែលប្រព័ន្ធហិរញ្ញវត្ថុសព្វថ្ងៃកំពុងតែប្រឈមជាពិសេសការបង្កើនការតាមដានលើសកម្មភាពខុសច្បាប់ដែលមានការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្មជាដើម។ រហូតមកទល់ពេលនេះនិយ័តករអាមេរិកនិងអ្នកតាក់តែងច្បាប់អាមេរិកភាគច្រើនគឺពុំទាន់រកឃើញដំណោះស្រាយលើបញ្ហាបន្លាជុំវិញរូបិយវត្ថុឌីជីថលដូចជាការការពារអ្នកប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុនេះនិងការតាមដានសមកម្មភាពឧក្រិដ្ឋជន។ ប៉ុន្តែក្រុមហ៊ុន Facebook កំពុងតែមមាញឹកជាមួយនឹងគម្រោង Libra ដើម្បីរកដំណោះស្រាយបញ្ហានេះ៕
ដោយ៖ នឿន វណ្ណៈ