នាយកគ្រប់គ្រង CIC Capital Partners Plc៖ គម្រោងវិនិយោគរួមរបស់ CIC នឹងជួយដល់ SME បានច្រើន​



តាមការឲ្យដឹងពីលោក ឡែម ចាន់សំរេច នាយកគ្រប់គ្រង CIC Capital Partners Plc ថា SMEs បានរួមចំណែកយ៉ាងច្រើនក្នុងការជំរុញសេដ្ឋកិច្ចជាតិ តែ សហគ្រាសខ្នាតតូច និងមធ្យម SMEs នៅតែប្រឈមនឹងបញ្ហាជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ។ បញ្ហារបស់ SMEs មានច្រើន តែអ្វីដែលយើងអាចចាត់ទុកថាជាបញ្ហាធំចំបងមានចំនួន ៤ គឺការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម (Access to Finance) ហើយបញ្ហាហិរញ្ញប្បទានសម្រាប់អាជីវកម្មនេះជាបញ្ហាធំបំផុតដែល SME ស្ទើរតែទាំងអស់កំពុងជួបប្រទះ បន្ទាប់មកគឺ ធនធានមនុស្ស (HR) ផែនការយុទ្ធសាស្រ្ត (Strategic Plan) និង ប្រព័ន្ធអាជីវកម្ម (Business System)។ 

ដោយសារមើលឃើញពីការលំបាករបស់ SME លើការទទួលបានហិរញ្ញប្បទានបែបនេះទើប CIC Capital Partners Plc ធ្វើការប្រមូលម្តុំអ្នកវិនិយោគដើម្បីដាក់ទុន ទើបតែពេលថ្មីៗនេះ CIC Capital Partners Plc ទទួលបានការអនុញ្ញាតលើការស្នើរសុំ អាជ្ញាប័ណ្ណជាផ្លូវការក្នុងការដំណើរខ្លួនជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ CIC Capital Partners Plc នឹងធ្វើការចាត់ចែងមូលនិធិគម្រោងវិនិយោគរួម (Collective Investment Schemes) ទាំងនោះឲ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល និងតម្លាភាពបំផុតក្នុងការវិនិយោគ ពិសេសធ្វើយ៉ាងណាលើកកម្ពស់ដល់ SME ឲ្យបានកាន់តែខ្លាំងតាមដែលអាចធ្វើទៅបាន។ CIC Capital Partner Plc ធ្វើការយ៉ាងជិតស្និតជាមួយវិនិយោគិន និង SME ពិសេសគឺការបង្កើតកម្មវិធី “ពន្លឿនការអភិវឌ្ឍអាជីវកម្ម” ដើម្បីជួយដោះស្រាយបញ្ហាដែល SME កំពុងជួបប្រទះមានដូចជា មានវគ្គបណ្តុះបណ្តាល ផ្តល់ចំណេះដឹង នឹងភ្ជាប់ពួកគាត់ទៅនឹងទីផ្សារតាមវិស័យផ្សេងៗដែល SME នីមួយៗកំពុងជ្រក ជួយឲ្យពួកគាត់ដឹងថាពួកគាត់នៅមានចំនុចខ្វះខាតអ្វីខ្លះ ត្រូវអភិវឌ្ឍបន្ថែមទៅបញ្ហាអ្វី។ មិនតែប៉ុណ្ណោះ CIC ក៏នឹងធ្វើជាអ្នកប្រឹក្សាយោបល់ដើម្បីឲ្យប្រាកដថា SME បានតៀមរួចរាល់ដើម្បីអាចមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មគាត់យ៉ាងល្អ។  

ដោយឡែកបើយើងមើលនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលក៏បានកំណត់ពីការលើកស្ទួយសហគ្រាសខាតតូច និងមធ្យម និងសហគ្រិនភាព នៅចំនុចមុំទី២ នៃចតុកោណទី៣ ដោយបានលើកឡើពីគោលនយោបាយក្នុងការបន្តពង្រឹង ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ដោយផ្តោតអាទិភាពលើ ០៦ចំណុច រួមមាន៖

១) ទី១- ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្ត “គោលនយោបាយសហគ្រាសធុនតូច និងមធ្យម” ឱ្យមានប្រសិទ្ធភាព។

ទី២- ការពង្រឹងការអនុវត្តយន្តការគាំទ្រដើម្បីជួយសម្រួលដល់ការចុះបញ្ជី ការផ្តល់សេវាសម្រប សម្រួល ការផ្សព្វផ្សាយព័ត៌មានទីផ្សារឱ្យបានទូលំទួលាយ និងទាន់ពេលវេលាការផ្សព្វផ្សាយ និងបញ្រ្ជាបបច្ចេកវិទ្យាថ្មី និងការបន្តខិតខំស្វែងរក និងជ្រៀតចូលទីផ្សារនាំចេញសម្រាប់ ផលិតផលកម្ពុជា។

ទី៣- ការបង្កើត “ធនាគារសហគ្រាសធុនតូច និងមធ្យម” ដើម្បីផ្តល់ហរិញ្ញប្ប ទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញការៀបចំ និងអនុវត្តនូវជម្រើស ហិរញ្ញប្បទាននានារួមទាំងយន្តការគ្រប់គ្រង អាជីវកម្ម គម្រោងវិនិយោគរួម (Collective Investment Schemes) ផង។

ទី៤- ការបង្កើត “មូលនិធិជាតិសហគ្រិតភាព” និង “មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាព” ដោយសហការជាមួយវិស័យឯកជន សំដៅលើកកម្ពស់សហគ្រិនភាព និងប្រសិទ្ធភាពធុរកិច្ច។

ទី៥- ការពង្រឹង និង ពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា មន្ទីរពិសោធន៍ថ្នាក់ជាតិ ការបន្តកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកទឹកចិត្ត និងការទាក់ទាញការវិនិយោគ ក្នុងការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម (SME Cluster)។

ទី៦- ការជំរុញការលើកកម្ពស់គុណភាពផលិតផលនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការ ពង្រឹងអនុលោមភាពលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្តង់ដារ ព្រមទាំងការ លើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធិបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្ម (Patents)។

នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ នេះ ក៏មានការលើកឡើងពី គម្រោងវិនិយោគរួម (Collective Investment Schemes) ដូចគ្នា មានន័យថាគម្រោងមួយនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់ SME។ ស្របពេលជាមួយការចូលរួមលើកកម្ពស់វិស័យ SME ក្នុងប្រទេសហើយ គម្រោងវិនិយោគរួម នេះក៏នឹងជួយធានាបាននូវសុវត្ថិភាពក្នុងការវិនិយោគរបស់សាធារណៈជន ឬវិនិយោគិន ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផល តែមិនមែនធានាបាននូវផលចំណេញត្រលប់មកវិញ ១០០% នោះទេ នេះបើតាមប្រសាសន៍របស់  ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាថ្លែងក្នុងសិក្ខាសាលាស្តីពី Establish A Fund in Cambodia រៀបចំឡើងដោយ CSX កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១១ កក្កដា ២០១៩។

គួរបញ្ជាក់ថា សហគ្រាសខ្នាតតូច និងមធ្យម SMEs បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ចូលរួមក្នុការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុក។ បច្ចុប្បន្នគេកត់សម្គាល់ថា SMEs ប្រមាណ ៩០% បានគ្របដណ្តប់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដែលអាចផ្តល់ការងារដល់មនុស្សជាង ២ លាននាក់ក្នុងប្រទេស។ ហើយ CIC Capital Partners Plc ជាក្រុមហ៊ុនខ្មែរដំបូងគេតែមួយគត់ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីគណៈកម្មការមូលបត្រកម្ពុជា ជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក៏នឹងដើរតួជាអ្នកដោះស្រាយបញ្ហាក្នុងការប្រឈមរបស់ SME ដែរ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s